មន្ទីរពេទ្យធំៗ ៣ កន្លែងដែលត្រៀមបើកដំណើរការនៅឆ្នាំក្រោយ!

ដើម្បីពង្រឹងនូវប្រព័ន្ធសុខាភិបាល និងបំពេញតម្រូវការព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយប្រទេសជាដៃគូរ សាងសង់នូវមន្ទីរពេទ្យធំៗចំនួន ៣ កន្លែង ដែលត្រៀមនឹងបើកដំណើរការនៅឆ្នាំក្រោយ ក្នុងនោះរួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ, និងមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលសរុបជាទឹកប្រាក់ ១៣៨ លានដុល្លារ ជាជំនួយឥតសំណងពីប្រទេសចិន និងកូរ៉េ។ 

១. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

មន្ទីរពេទ្យព្រះកុសុមៈ ឬភាគច្រើនគេស្គាល់ថា មន្ទីរពេទ្យលោកសង្ឃ ត្រូវបានសាងសង់នូវអគារព្យាបាលថ្មី ដែលមានទំហំសំណង់សរុប ៣៣,០០០ ម៉ែត្រការ៉េ កម្ពស់អគារ ១១ ជាន់ (៥៣ ម៉ែត្រ) ចែកចេញជា ១៣២ បន្ទប់អាចសម្រាកព្យាបាលបាន ៤០០ គ្រែ និងបង្គន់អនាម័យ ២១៩ បន្ទប់។ 

គម្រោងសាងសង់នេះ ត្រូវបានទទួលជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៨០ លានដុល្លារ បានចាប់ផ្ដើមការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០១៨ នឹងត្រៀមបញ្ចប់នៅឆ្នាំ២០២២ ហើយក៏ត្រៀមបើកព្យាបាលសាកល្បងនៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។ 

២. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ភាគឦសាន ដែលបានបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៩ មានទំហំសំណង់ ២៤,៣០០ ម៉ែត្រការ៉េ និងទីធ្លារមន្ទីរពេទ្យ ៥៥,៨១៥ ម៉ែត្រការ៉េ អាចទទួលអ្នកជំងឺបាន ៣០០ គ្រែមានសេវាសុខាភិបាលជាច្រើនផ្នែក បំពាក់ដោយប្រព័ន្ធបរិក្ខាទំនើបៗ ដើម្បីបម្រើការព្យាបាលដល់ប្រជាពលរដ្ឋក្នុងតំបន់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរីផងដែរ។ 

គម្រោងសាងសង់មន្ទីរពេទ្យបង្អែកត្បូងឃ្មុំ ត្រូវបានទទួលជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២១ និងដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុខនេះ ដោយចំណាយទឹកប្រាក់ជាង ៥០ លានដុល្លារ។ 

៣. មន្ទីរពេទ្យព្រះអង្គឌួង

មជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានសាងសង់ឡើងនូវអគារព្យាបាលកម្ពស់ ៥ ជាន់ ទទួលជំនួយឥតសំណងពីសាធារដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA នូវទឹកប្រាក់ប្រមាណ ៨ លានដុល្លារ សាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់អគារ ៥ ជាន់ បានបើកការដ្ឋានសាងសង់ក្នុងខែមីនា ឆ្នាំ២០២០ ដែលត្រៀមនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។