នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រាសាទសំបូរព្រៃគុក ដែលជាប្រាសាទដ៏ចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងសម័យចេនឡា បានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ (មួយថ្ងៃក្រោយខួប ៩ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ) ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ បានត្រៀមឯកសារស្នើទៅកាន់អង្គការ UNESCO ជាច្រើនឆ្នាំមកហើយ។ នោះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ និងជាមោទកភាពជាតិមួយទៀត ដែលយើងគួរតែចងចាំ ព្រោះការចូលបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានលើកកម្ពស់ដល់ការអភិរក្សក្រុមប្រាសាទបុរាណ លើកស្ទួយវប្បធម៌អរិយធម៌ខ្មែរ ព្រមទាំងវិស័យទេសចរណ៍ផងដែរ។ អីចឹងក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពី ៣ ចំណុចសំខាន់ៗដែលយើងគួរដឹងអំពីក្រុមប្រាសាទសំបូរព្រៃគុក។
១. ឈ្មោះប្រាសាទសំបូរព្រៃគុក
ចំពោះឈ្មោះប្រាសាទនេះ មានភាពចម្រូងចម្រាស់ក្រោយពីបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO ដោយសារប្រជាជនកម្ពុជាមួយចំនួនតែងសរសេរជាពាក្យបាលីសំស្ត្រឹត «ប្រាសាទសម្បូរព្រៃគុហ៍» ដោយសារពាក្យ គុហ៌ ឬគុហា សំដៅទៅលើល្អាង ឬរូងភ្នំធំៗនៅក្នុងព្រៃ ជាកន្លែងសម្រាប់រស់នៅ និងធ្វើសមាធិកាលពីសម័យបុរាណ។ យ៉ាងណាមិញ ក្រសួងមហាផ្ទៃ បានស្នើឲ្យសុំសរសេរថា «ប្រាសាទសំបូរព្រៃគុក» វិញព្រោះថាពាក្យ គុក មិនមែនសំដៅតែទៅលើសំណង់ជញ្ជាំងបិទជុំវិញ ទីកន្លែងងងឹត ឬទីឃុំឃាំងអ្នកមានទោសប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើប្រាសាទផងដែរ ឧទាហរណ៍ដូចជា គុកនគរ, គុកត្រពាំងស្រុក, និងព្រះធាតុគុកជាដើម។
២. ទីតាំងប្រាសាទសំបូរព្រៃគុក
ក្រុមប្រាសាទសំបូរព្រៃគុកបានសាងសង់ឡើងក្នុងផ្ទៃដីប្រមាណ ៣ ពាន់ហិកតា ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណជាង ២០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ ៣៧ គីឡូម៉ែត្រពីទីរួមខេត្ត ដោយទីតាំងនេះជាអតីតរាជធានីចាស់មួយឈ្មោះថា «ឦសានបុរៈ» បានយកព្រះនាមតាម ព្រះបាទឦសានវរ្ម័នទី១ ដែលព្រះអង្គគ្រងរាជ្យក្នុងចន្លោះ (គ.ស ៦១៦-៦៣៥) នៅរាជធានីនោះ ហើយក្រុមប្រាសាទសំបូរព្រៃគុកបានក្លាយទៅជាស្ថានីយ៍បុរាណ សម័យចេនឡា ដ៏សំខាន់ដែលបន្សល់ទុកមកទល់សព្វថ្ងៃ បង្ហាញអំពីអរិយធម៌នៃអាណាចក្រនោះ។ បើយោងតាមការសិក្សាស្រាវជ្រាវ ដោយអ្នកជំនាញពីសាលាបារាំងនៅចុងបូព៌ា EFEO ចាប់ពីឆ្នាំ១៩៨០ គេបានរកឃើញប្រាសាទចំនួន ១៤០ មកហើយ ដោយបែងចែងក្រុមប្រាសាទសំបូរព្រៃគុកនេះចេញជា ៣ ក្រុមរួមមាន៖
• ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងសង់ចំណាស់ជាងគេក្នុងសវត្សទី៧ និងព័ទ្ធជុំវិញដោយប្រាសាទតូចៗ
• ក្រុមប្រាសាទយាយព័ន្ធ (ក្រុមខាងត្បូង) ស្ថិតនៅចំកណ្ដាល និងព័ទ្ធជុំវិញដោយប្រាសាទជាច្រើន មានកំពែង ២ ជាន់ក្នុងនោះមាន តោបុរៈ ចូលទាំង ៤ ទិស
• ក្រុមប្រាសាទតោ (ក្រុមកណ្ដាល) ប្រាង្គប្រាសាទកណ្ដាលមានទ្វារចូលពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។ នៅត្រង់ក្បាលជណ្ដើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ ២ ហើយនៅខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត
• ចំណែកអ្នកស្រាវជ្រាវខ្លះទៀត បែងចែកចេញជា ៤ ក្រុម ដោយបន្ថែមក្រុមប្រាសាទក្រោលរមាសមួយទៀត ដែលមានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានក្រុមប្រាសាទតូចៗសង់ឡើងពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
៣. រចនាបថប្រាសាទសំបូរព្រៃគុក និងឧទ្ទិសថ្វាយ
ក្រុមប្រាសាទសំបូរ ត្រូវបានសាងសង់ឡើងដោយឥដ្ឋតាន់ និងថ្មបាយក្រៀម លម្អរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ពដោយបាយអជាផ្ទាំងៗ និងមានក្បាច់ផ្ដែរ ប្រអប់ទ្វារសង់ឡើងដោយថ្មភក់ទាំងអស់។ ក្រុមប្រាសាទសំបូរព្រៃគុក សាងសង់ឡើងក្នុងសម័យចេនឡាជាអតីតសាមន្ដរដ្ឋនៃនគរភ្នំ ធ្លាប់ជាចក្រភពដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ និងទទួលបានឥទ្ធិពលខ្លាំងពីប្រទេសឥណ្ឌា (Indianization)។ យ៉ាងណមិញ ក្រុមប្រាសាទនេះមានស្ថាបត្យកម្មខ្មែរ រចនាបថសំបូរ និងមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងប្រាសាទភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។ យោងទៅតាមឈ្មោះថា ឦសានបុរៈ មានន័យថាទីក្រុងរបស់ព្រះសិវៈ ដូចនេះប្រាសាទសំបូរព្រៃគុក បានសាងសង់ឧទ្ទិសថ្វាយទៅដល់ព្រះសិវៈ (Shiva) ឬព្រះឥសូរ តាមហិណ្ឌូសាសនា ដែលទីតាំងប្រាសាទបម្រើទៅដល់ពិធីសាសនា និងការគោរពបូជា នៃរាជធានីឦសានបុរៈ ចន្លោះពីសតវត្សទី៦ ដល់ទី៨។
បច្ចុប្បន្ននេះ តំបន់ប្រាសាទសំបូរព្រៃគុក បានក្លាយទៅជារមណីដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងជាសម្បត្តិបេតិកភណ្ឌរូបីទី៣ របស់កម្ពុជា ដែលចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីតំបន់ប្រាសាទអង្គរវត្ត កាលពីឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៨។ រមណីដ្ឋានប្រាសាទសំបូរព្រៃគុក មានទេសភាពស្រស់ស្អាតខ្លាំង ជាពិសេសនៅក្នុងរដូវភ្លៀងដែលមានទិដ្ឋភាពបៃតងស្រស់ និងរដូវស្លឹកឈើជ្រុះ ហើយក៏បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ សិស្សានុសិស្សតាមសាលារៀន សកលវិទ្យាល័យ បានចុះកម្មសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមទៀតនៃក្រុមប្រាសាទនាសម័យចេនឡា អំពីស្ថាបត្យកម្ម វប្បធម៌ អរិយធម៌ និងជាប្រភពមោទនភាព ជាមួយការចូលរួមអភិរក្សក្រុមប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។