ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បង្ហាញនូវគម្រោងរចនាគម្រូថ្មីមួយបន្ថែមទៀតនៃអគារ Tow World Trade Center

ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានបង្ហាញនូវរូបភាពគម្រូអាប់ដេតថ្មីបន្ថែមទៀតនៃការរចនាកែលម្អថ្មីសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកពីរ ឬ 2World Trade Center នៅក្នុងទីក្រុងញូវយ៉ក។ នៅក្នុងរូបភាពទាំងនោះបង្ហាញឲ្យឃើញអំពីអគារមួយដែលមានរចនាបថជារាងថ្នាក់ៗបោះជំហានទៅលើ ជាមួយនឹងផ្ទៃរាបស្មើដែលជាយ៉រគ្របដណ្តប់ដោយដើមឈើនៅតាមថ្នាក់នីមួយៗ។ តាមការបង្ហាញអំពីរូបភាពគម្រូទាំងនេះវាអាចនឹងជាកំណែអាប់ដេតចុងក្រោយបំផុតនៃការរចនាអគារនេះ ហើយអគារនេះក៏នឹងក្លាយជាធាតុផ្សំចុងក្រោយក្នុងតំបន់សេដ្ឋកិច្ចចម្រុះនៃទីក្រុងញូវយ៉កផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញគម្រូរចនាទាំងនេះគឺនៅមិនទាន់បានសម្រេចយកជាផ្លូវការនៅឡើយនោះទេ នេះបើយោងតាមលោក Dara McQuillan ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Two World Trade Center developer Silverstein Properties តែម្ដង។

ពោលគឺគម្រូរចនាដើមនៃ Tow World Trade Center របស់ Foster + Partners ត្រូវបានបង្ហាញជាលើកដំបូងតាំងពីនៅក្នុងឆ្នាំ 2006 មកម្ល៉េះ ដោយកាលនោះវាមានរចនាបថកំពូលមានរាងដូចពេជ្រ។ តែគម្រូរចនានេះត្រូវបានបោះបង់ចោលវិញនៅក្នុងឆ្នាំ 2015 ហើយ ត្រូវបានជំនួសដោយការរចនាដោយស្ទូឌីយ៉ូស្ថាបត្យកម្មដាណឺម៉ាក BIG  មុនពេលអ្នកអភិវឌ្ឍន៍ Silverstein Properties បានប្រគល់គម្រោងនេះត្រឡប់ទៅ Foster + Partners ដើម្បីធ្វើការឡើងវិញ។

ដោយឡែកយើងងាកមកចាប់អារម្មណ៍លក្ខពៈពិសេស និងរចនាបថរបស់អគារ 2World Trade Center នេះវិញ។ រូបភាពថ្មីដូចដែលបានឃើញនៅក្នុង កាសែត The Architect's News បង្ហាញពីរបៀបដែលប៉មនេះត្រូវបានរចនានោះគឺការសាងសង់ជារាងថ្នាក់ៗបែបបញ្ឈរគ្នាឡើងទៅលើ ជាមួយនឹងកម្ពស់ 1,350 ហ្វីត។ ខណៈដែលនៅផ្នែកផ្សេងទៀតនៃជាន់នីមួយៗ ត្រូវបានរចនាឡើងជាលក្ខណៈបើកចំហរជាមួយនឹងការដាក់ដាំដើមរុក្ខជាតិព័ណ៌បៃតងនានាជាច្រើនដែលបង្កើតបានជាទេសភាពធម្មជាតិមួយនៅកណ្ដាលទីក្រុងនៅពេលមើលពីចម្ងាយ។