រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ JICA បានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នូវអគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នេះគឺជាសមិទ្ធ ផលថ្មីមួយ ដែលទទួលបានពីគម្រោង ក្នុងគោលបំណងពង្រឹងមូលដ្ឋានជារូបវ័ន្តចាំបាច់សម្រាប់វិទ្យាស្ថាន គរុកោសល្យចំនួនពីរ គឺ នៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយខ្លួនជាគ្រឹះស្ថានអប់រំគ្រូបង្រៀន ថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ដោយពង្រីក និងកែលម្អនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើ ដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់សម្ភារៈចាំបាច់សម្រាប់ការបង្រៀន។ តាមការរំពឹងទុក សមិទ្ធផលថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្កើនគុណភាពការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សា បឋមភូមិ តាមរយៈការបង្កើនគុណភាពរបស់គ្រូបង្រៀន។
ការកែលម្អអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះ ត្រូវបានអនុវត្តឡើង ក្រោមគម្រោងអភិវឌ្ឍន៍មូលដ្ឋានគ្រឹះសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ (The Project for Establishing Foundations for Teacher Education College E-TEC) ដែលជាជំនួយហិរញ្ញប្ប ទានឥតសំណងរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA។ សមិទ្ធិផលដែលទទួលបាននេះគឺអគារថ្មីចំនួន០៤ រួមមាន៖ អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យនិងសាលពហុបំណង ព្រមទាំងបំពាក់នូវសម្ភារៈ សំខាន់ៗ សម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្ត្របន្ទប់កុំព្យូទ័រ, និងបន្ទប់តន្ត្រីនិងសិល្បៈ ដើម្បីបម្រើរដល់ការ រៀននិងបង្រៀនឱ្យកាន់តែប្រសើរឡើង។ ក្រៅពីជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំ យុវជន និងកីឡា ក៏បាន និងកំពុងបន្តអនុវត្តគម្រោងជំនួយបច្ចេកទេស សម្រាប់ការកសាងមូលដ្ឋានគ្រឹះ ដល់វិទ្យាស្ថានគរុកោសល្យទាំងពីរ ដោយអភិវឌ្ឍន៍នូវកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាប័ត្រ សម្ភារៈសម្រាប់បង្រៀន និងការប្រឡង ប្រព័ន្ធ គ្រប់គ្រងរបស់វិទ្យាស្ថាន ក៏ដូចជាការកសាងឯកសារយុទ្ធ សាស្ត្រសម្រាប់ដំឡើងគុណវុឌ្ឍិគ្រូបង្រៀន។
គម្រោង ក៏បានផ្ដោតជាពិសេសលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូឧទ្ទេស រួមមានសមត្ថភាពដើម្បីធ្វើការ ស្រាវជ្រាវអប់រំ និងអភិវឌ្ឍកម្មវិធីសិក្សា ព្រមទាំងកម្មវិធីអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ ប្រទេសជប៉ុន។ កិច្ចសហការដ៏ល្អនេះ បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជារបស់ដៃគូអភិវឌ្ឍ ក្នុងការឆ្លើយតបទៅនឹង តម្រូវការជាអាទិភាព សម្រាប់កំណែទម្រង់ការអប់រំគ្រូបង្រៀននៅព្រះរាជាណា ចក្រកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ មកពីគ្រប់អង្គភាព ពាក់ព័ន្ធបានចូលរួមក្នុងអង្គពិធីនេះ៕