អ្វីទៅជាកសិកម្មបែបបញ្ឈរ ឬ Vertical Farming?

យោងទៅតាមរបាយការណ៍ World Population Prospects 2019: Highlights ដែលចេញដោយអង្គការសហប្រជាជាតិបានឲ្យដឹងថា នៅត្រឹមឆ្នាំ 2050 កំណើនប្រជាជនទូទាំងពិភពលោកអាចនឹងកើនឡើងដល់ 9.7 ពាន់លាននាក់។ ដូច្នេះការអភិវឌ្ឍន៍ឧស្សាហកម្ម និងនគរូបនីយកម្មក៏នឹងកើនឡើងខ្លាំងផងដែរ ដែលជាហេតុធ្វើឲ្យសំណង់អគារស្ថាបត្យកម្មរីកដុះដាលពេញទីក្រុង និងសូម្បីតែតំបន់ជាយក្រុង។ ជាពិសេស ផ្ទៃដីសម្រាប់ដាំដុះដំណាំ ឬដើមរុក្ខជាតិផ្សេងៗក៏នឹងក្លាយជាបញ្ហាប្រឈមមួយដល់អ្នករស់នៅក្នុងទីក្រុង ឬតំបន់ដែលពោលពេញដោយឧស្សាហកម្ម និងនគរូបនីយកម្មជាដើម។ ដូច្នេះដើម្បីជាដំណោះស្រាយដ៏សមស្រប និងជាជម្រើសដ៏ល្អមួយសម្រាប់ការកង្វះខាតផ្ទៃដីដាំដុះ ពិភពលោកបានដាក់ចេញនូវវិធានការមួយដែលគេហៅថា Vertical Farming ឬ Vertical Forest ដែលជាការដាំរុក្ខជាតិ ឬដំណាំជាលក្ខណៈបញ្ឈរនៅតាមអគារខ្ពស់ៗ ក្នុងទីក្រុង។

តើអ្វីទៅជាកសិកម្មបែបបញ្ឈរ?

ការធ្វើកសិកម្មបែបបញ្ឈរ គឺជាការអនុវត្តការផលិតអាហារលើផ្ទៃដែលមានទំនោរបញ្ឈរ។ វាជាបច្ចេកទេសដាំបន្លែ និងរុក្ខជាតិផ្សេងទៀតនៅក្នុងទីក្រុងជំនួសឲ្យការដាំនៅក្នុងវាលស្រែ ឬផ្ទះកញ្ចក់ដែលត្រូវការផ្ទៃដីធំទូលាយ។ វិធីសាស្ត្រ Vertical Farming នេះអាចផលិតអាហារក្នុងស្រទាប់បែបបញ្ឈរដែលជាទូទៅត្រូវបានធ្វើឡើងនៅក្នុងរចនាសម្ព័ន្ធផ្សេងទៀតដូចជាអគារខ្ពស់ៗ ធុងដឹកជញ្ជូន ឃ្លាំងផ្ទុក ឬនៅលើដំបូលជាដើម។

តែយ៉ាងណាមិញ កសិកម្មបែប Vertical Farming ក៏ត្រូវការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មជំនួយខ្លះៗផងដែរ ដូចជា ការគ្រប់គ្រងបែបសិប្បនិមិត្តនៃសីតុណ្ហភាព ពន្លឺ សំណើម និងឧស្ម័នធ្វើឱ្យការដាំដុះលូតលាស់បានល្អ។ ការធ្វើកសិកម្មបែបបញ្ឈរក៏ស្រដៀងទៅនឹងការដាំនៅក្នុងផ្ទះកញ្ចក់ផងដែរ ដោយវាត្រូវដែលថែទាំជាមួយនឹងពន្លឺព្រះអាទិត្យសិប្បនិម្មិត និងប្រព័ន្ធគ្រប់គ្រាន់។ ម្យ៉ាងវិញទៀតគោលដៅចម្បងនៃការធ្វើកសិកម្មបែបបញ្ឈរគឺដើម្បីបង្កើនទិន្នផលដំណាំជាអតិបរមាក្នុងទំហំណាមួយដែលបានកំណត់។