រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិតម្លៃ ១៥លានដុល្លារ បើកដំណើរការជាផ្លូវការនៅកម្ពុជាហើយ


ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានវត្តមាន អញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ លោកអគ្គនាយក លោកនាយកប្រតិបត្តិក្រុមហ៊ុន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ សហគមន៍ អ្នកចិញ្ចឹមសត្វ តំណាងលក់ចែកចាយ មកពីប្រទេសវៀតណាម ឥណ្ឌា និងភូមា ដៃគូអាជីវកម្មថ្នាក់ជាតិ និងអន្តរជាតិ បុគ្គលិក កម្មករ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងសម្តែងនូវមតិ និងមោទនភាព ចំពោះលោកអគ្គនាយក និងលោកនាយកប្រតិបត្តិក្រុមហ៊ុន ដែលបានសហការ វិនិយោគបង្កើតរោងចក្រ ផលិតចំណីសត្វនេះឡើង។ យោងលើរបាយការណ៍យ៉ាងលម្អិត របស់លោក Koen De Heus លោក ចាន់ គឹមរិទ្ធី អគ្គនាយក និងលោក Johan Vanden Ban នាយកប្រតិបត្តិ ដែលបានបញ្ជាក់យ៉ាងច្បាស់ ថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិ ពីប្រទេសហូឡង់ក្នុងផ្នែក ឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នា រវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។ ជាឆន្ទ:ចំបងរបស់ ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្ម ផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យ អនុវិស័យផលិតកម្មសត្វនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រីគូសបញ្ជាក់ជូន អង្គពិធីបានជ្រាបថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាព នយោបាយ ដែលនេះពិតជាបានផ្តល់ ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយ ដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសល្អ បង្កលក្ខណ:អំណោយ ផលលើការវិនិយោគ។

ជាក់ស្តែង ថ្ងៃនេះ ពេលនេះ យើងទាំងអស់គ្នាកំពុងចូលរួម អបអរសាទរនូវ សមិទ្ធផលថ្មីមួយទៀតសម្រាប់ វិស័យផលិតកម្មចំណីសត្វ គឺការសម្ពោធរោងចក្រផលិត ចំណីសត្វដ៏មានសក្តានុពល ដែលប្រសូត្រចេញ ពីកិច្ចសហការដ៏រឹងមាំមួយ រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ (ប្រទេសហូឡង់)។ ឯកឧត្តម រដ្ឋមន្ត្រីបានទាញអារម្មណ៍ អង្គពិធីឲ្យយល់បន្ថែមថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ ជារួម បាននឹងកំពុងធ្វើការផ្លាស់ប្តូរ ទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរ ទៅជាការចិញ្ចឹមក្នុងកសិដ្ឋានជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ មួយវិញទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទី ពីការចិញ្ចឹមដើម្បី យកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយ បង្ហាញឲ្យឃើញថាអនុវិស័យផលិតកម្មសត្វ បាននឹងកំពុងបោះជំហានឡើង ជាបន្តបន្ទាប់ឆ្ពោះទៅគោលដៅមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានគឺជាការអភិវឌ្ឍអនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹម តាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋាន ប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងបរិស្ថាន ហើយចុងក្រោយផលិត បានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយ តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវ បរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌ អំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្ត ដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់ របស់ក្រសួងដែលត្រូវ សហការចូលរួម បំពេញតួនាទីដើម្បី លើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុកក្នុង បរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយចីរភាព។ ភ្ជាប់ទៅនឹងភាពជោគជ័យ ដែលក្រុមហ៊ុនសម្រេចបាន ក្នុងវ័យជាង ១០ឆ្នាំ នៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែក បន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើត ការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។ ដើម្បីជាធាតុចូលទាំង ក្របខ័ណ្ឌច្បាប់ បច្ចេកទេស និង គោលនយោបាយគោលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបាន ជូនយោបល់សំខាន់ៗជាអាទិ៍ ៖ ក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវ បន្ថែមលើការផលិតចំណីត្រីឆ្តោរ ដើម្បីជំនួសឲ្យការប្រើ វត្ថុធាតុដើមជាកូនត្រី ដែលចាប់ពីប្រភពធម្មជាតិ។

ជំរុញ និងលើកទឹកចិត្តឲ្យប្រើប្រាស់ វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការធ្វើកិច្ចសន្យាផលិត ប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។ ក្រុមហ៊ុនគួរបង្កើត កសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យា ជាមួយអ្នកផលិត ដើម្បីមួយផ្សព្វផ្សាយពូជ និងបច្ចេកទេស និងពីរដើម្បីធ្វើការ ពិសោធន៍គុណភាពចំណី។ ក្រុមហ៊ុនក៏ត្រូវរក្សា ឲ្យបាននូវសាមគ្គីភាព និងមិត្តភាពរវាងនិយោជិក និងនិយោជក់ដើម្បីរក្សាបាននូវសុខ ដុមនីយកម្ម "ក្រុមហ៊ុនជួយបុគ្គលិក-បុគ្គលិកជួយក្រុមហ៊ុនវិញ"។ រក្សាឲ្យបានល្អនូវកិច្ចសហការជាមួយ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីវិបុលភាព ចីរភាព និងនិរន្តរភាពនៃអាជីវកម្ម។ ត្រូវខិតខំពង្រីក សមត្ថភាពផលិត ចំណីសត្វគ្រប់ប្រភេទ ដើម្បីស្រូបយកឲ្យបានកាន់ តែច្រើនទាំងធនធានមនុស្សធនធាន ចំណេះដឹង បទពិសោធន៍ និងធនធានវត្ថុធាតុដើម។ ទាំងអស់នេះគឺដើម្បី សម្រេចឲ្យបាននូវចក្ខុវិស័យ របស់សម្តេចតេជោ នាឆ្នាំ ២០៣០។ តាមការបញ្ជាក់របស់ លោកអគ្គនាយកបានឲ្យដឹងថា ៖ ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតចំណីសត្វធំជាងគេ ទាំង ១០ នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី ៥ នៃដូនតាដែលជាស្ថាបនិក បង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។ ក្រុមហ៊ុនបានដាក់ទុន វិនិយោគចំនួន ១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧.១៥៤ ម៉ែត្រការ៉េ មានសមត្ថភាពផលិត ចំណីសត្វគ្រប់ប្រភេទចំនួន ១៥.០០០តោន/ខែ ប្រើកម្មករ ៥២ នាក់។

រោងចក្រក៏មានផែនការផលិតចំណីសត្វ ១៨០.០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុក ដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិតភាគច្រើន ត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០% នៃឋាមពលដែលប្រើប្រាស់ ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រ ទៅខេត្តបាត់ដំបងមួយទៀ តដែលជាខេត្ត ផលិតវត្ថុធាតុដើមសំខាន់មួយ។