អាជ្ញាធរឧស្សាហកម្មអចលនទ្រព្យ (IEAT) របស់ថៃ បានប្រកាសពីផែនការអភិវឌ្ឍ ទីក្រុងឆ្លាតវៃ ដែលជាការបំផុសគំនិតដោយជប៉ុន


អាជ្ញាធរឧស្សាហកម្មអចលនទ្រព្យ នៃប្រទេសថៃ The Industrial Estate Authority of Thailand (IEAT) ទើបតែបានប្រកាសពី ផែនការអភិវឌ្ឍន៍ សម្រាប់ទីក្រុងឆ្លាតវៃ និងតំបន់ឧស្សាហកម្មថ្មីមួយទៀត របស់ខ្លួន ដែលជាការបំផុសគំនិត ដោយប្រទេសជប៉ុន ផ្ទាល់តែម្ដង។ ជាក់ស្ដែងបច្ចុប្បន្ននេះ អាជ្ញាធរនៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងយកចិត្ដទុកដាក់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថៃ-ជប៉ុន បន្ថែមទៀត នៅក្នុងឧស្សាហកម្មទំនើប ជាមួយនឹងទឹកប្រាក់ ត្រៀមវិនិយោគចំនួន 3 ពាន់លានបាត ពីក្រុមហ៊ុនជប៉ុន ដែលរំពឹងទុកថា នឹងទទួលបាន ក្នុងរយៈពេលពីរឆ្នាំ ខាងមុខទៀត។

អភិបាលប្រចាំស្ថាប័ន IEAT របស់ថៃ លោក Veeris Ammarapala បាននិយាយថា IEAT ចង់ទទួលយក ការអនុវត្តដែលណែនាំដោយ ក្រុមហ៊ុនជំនាញអភិវឌ្ឍទីក្រុង Haneda Innovation City ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍ គម្រោងអចលនទ្រព្យ ឧស្សាហកម្មឆ្លាតវៃ ឬទីក្រុងឆ្លាតវៃរបស់ថៃ នៅក្នុងតំបន់ឧស្សាហកម្ម Samut Sakhon ក៏ដូចជាអភិវឌ្ឍគម្រោង Smart Park ដែលគ្មាន ការបំភាយឧស្ម័នកាបូនជាដើម។ លោក Veeris Ammarapala បានគូសបញ្ជាក់ទៀតថា គំនិតផ្តួចផ្តើមអភិវឌ្ឍ ទីក្រុងឆ្លាតវៃនេះ គឺនឹងផ្តោតសំខាន់ លើការអនុវត្តបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតទំនើប សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងទីក្រុងឆ្លាតវៃ ដោយនឹងរួមមាន បច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប និងការប្រើប្រាស់អ៊ីដ្រូសែន ជាឥន្ធនៈផងដែរ។

អភិបាលរូបនេះ បាននិយាយទៀតថា វិនិយោគិនជាច្រើន ចាប់អារម្មណ៍ក្នុង ការវិនិយោគគម្រោងថ្មី ឬពង្រីកការវិនិយោគបច្ចុប្បន្ន របស់ពួកគេ នៅក្នុងប្រទេសថៃនេះ ក៏ដោយសារ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសថៃ ក៏ដូចជាសន្តិសុខកម្លាំងពលកម្ម ប្រព័ន្ធទឹកស្អាត និងសមត្ថភាពដឹកជញ្ជូនរបស់ថៃ មានភាពល្អប្រសើរខ្លាំង។ តែយ៉ាងណាមិញ សម្រាប់គម្រោងអភិវឌ្ឍ ទីក្រុងឆ្លាតវៃ របស់ប្រទេសទាំងពីរនេះ មិនទាន់បានប្រកាស ពីកាលបច្ឆេទបញ្ចប់ ការសាងសង់ និងដាក់ដំណើរការ នៅឡើងនោះទេ។