មិនប្រាកដថា ការធ្វើដំណើរកម្សាន្តទៅទីកន្លែងណាមួយសុទ្ធតែមានគ្នានោះទេ កន្លែងខ្លះមានគ្នា ឬដៃគូចូលរួមទៅជាមួយ ប៉ុន្តែពេលខ្លះទៀតពួកគាត់មិនមានពេលទៅកំដរយើងឡើយ អាចថាពេលវេលាទំនេរខុសគ្នា ឬគាត់មិនពេញចិត្ត នឹងចង់ទៅកន្លែងដែលយើងចង់ទៅ ឬក៏មានបញ្ហាផ្សេងៗកើតឡើងរារាំងមិនអាចឲ្យពួកគាត់ទៅជាមួយ បាន។
Okay! កុំគិតច្រើនអី!! អត្ថបទនេះអាចនឹងសាកសមសម្រាប់អ្នក ដែលចង់ទៅលេងទីក្រុងតូក្យូ របស់ជប៉ុន ប៉ុន្តែមិនមានគ្នាទៅជាមួយឡើយ។ វានឹងផ្តល់ជំហ៊ាន និងគន្លឹះងាយៗដែលអាចឲ្យអ្នកដើរកម្សាន្តនៅក្នុងទីក្រុងនេះ បានយ៉ាងងាយស្រួល ចំគោលដៅ ហើយចំណាយអស់តិចទៀត។
1. រឿងដែលអ្នកត្រូវធ្វើ
Senso-Ji
ទីនេះវាគឺជាវត្តចំណាស់ ខាងព្រះពុទ្ធសាសនាធំជាងគេនៅក្នុងទីក្រុង។ វាមានទីតាំងនៅក្នុង Asakusa ដែលពីមុនធ្លាប់ជាតំបន់កម្សាន្តមួយដែរ នៅក្នុងទីក្រុងតូក្យូ។ អ្នកអាចមកកាន់ទីនេះក្នុងការបែបន់សុំសេចក្តីសុខ ចាប់ចង្កឹះទាយពីជោគជតា និងនៅតាមដង់ផ្លូវក៏មានលក់ជាបង្អែម របស់ញ៉ាំតិចតួច សំលៀកបំពាក់ និងគ្រឿងអនុស្សាវរីយ៍មួយចំនួនផងដែរ ហើយមានតម្លៃធូរថ្លៃទៀត។
Yoyogi Park
វាគឺជាទីកន្លែងដ៏ធំមួយក្នុងការដើរ លំហែអារម្មណ៍ជាមួយ នឹងទេសភាពបែបធម្មជាតិបៃតងព័ទ្ធជុំវិញ ហើយបើមកចំរដូវផ្ការីកទៀតនោះ អ្នកនឹងបានឃើញផ្កាសាគូរ៉ាជាច្រើនព័ទ្ធជុំវិញខ្លួនអ្នក។ ទិដ្ឋភាពជុំវិញ នឹងប្រែក្លាយជាពណ៌ផ្កាឈូកស្រស់ស្អាតតែម្តង។
Kappabashi Street
វាមានទីតាំងស្ថិតនៅចន្លោះ Asakusa នៃទីក្រុងតូក្យូ និងតំបន់អ្នកស្រុក Ueno។ ទីនេះជាកន្លែងដែល អ្នកអាចដើរមើលពី ដំណើរជីវិតរបស់អ្នកស្រុក នៅទីនេះបាន មានប្លែកៗ និងប្រកបរបរខុសៗគ្នា ហើយមនុស្សនៅក្នុងតំបន់នេះ សុទ្ធតែរួសរាយរាក់ទាក់ និងចេះជួយយកអាសារគ្នា។ នៅតាមដងផ្លូវក៏សម្បូរទៅដោយភោជនីយដ្ឋានជាច្រើន ជាពិសេសក៏មានការលក់អាហារមួយចំនួន ខ្ចប់ដោយផ្លាស្ទិចទៀតផង តម្លៃវិញក៏ធូរថ្លៃដែរ។
2. ហាងលក់ទំនិញ
Kiddy Land
មិនថាអ្នកមានអាយុតិចឬច្រើនទេ នៅពេលដែលអ្នកចូលមកដល់ទីនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ្ញាក់ផ្អើល និងរីករាយតែម្តង។ ម្ចាស់ហាងដែលមានវ័យជាង 60 ឆ្នាំ បានរៀបចំដេគ័រហាងរបស់គាត់នេះ នូវរបស់អនុស្សាវរីយ៍បង្ហាញពីការចងចាំមួយចំនួនរបស់អ្នកនៅក្នុងវ័យកុមារភាព រៀបជាប់នឹងជញ្ជាំង ឬទូធ្នើរបស់គាត់ ដែលមានដូចជា Star Wars, Super Mario, Sanrio, ឬ Snoopy……. ជាដើម។ អតីតកាលនៃកុមារភាពរបស់អ្នកមាននៅទីនេះ។
Oriental Bazaar
ទីនេះជាកន្លែងលក់នូវគ្រឿងប្រពៃណី និងវប្បធម៌របស់ជប៉ុន មានទាំងសំលៀកបំពាក់ របស់តុបតែងផ្ទះ និងវត្ថុអនុស្សាវរីយ៍ជាដើម។ តម្លៃក៏សមរម្យអាចទទួលយកបានផងដែរ។
Tokyo Plaza Omotesando Harajuku
ទីនេះគឺជាតំបន់នៃហាងទាន់សម័យ ដែលអ្នករកទិញគ្រឿងប្រើប្រាស់ ទំនើបៗ ឬត្រូវនឹងបច្ចេកវិទ្យាក្នុងនឹងពេលបច្ចុប្បន្នបាននៅទីនេះ។ ជណ្តើរយន្តក៏មានស្រោបដោយកញ្ចក់ជាច្រើន ពីខាងលើដែរ បើសិនជាអ្នកមិនចាប់អារម្មណ៍នោះទេ អ្នកអាចនឹងភ្ញៀវដោយសារកញ្ចក់នេះក៏ថាបាន។ ហាងដ៏ធំនេះមានដល់ទៅ 7 ជាន់ ហើយកុំភ្លេចឡើងទៅដល់ជាន់ទី 6 ផងព្រោះអ្នកនឹងបានឃើញទេសភាពដ៏អស្ចារ្យជាច្រើននៅជាន់ទី 6 នោះ រួមទាំងទេសភាពនៅពីខាងក្រោមផងដែរ។
Laforet Harajuku
នេះជាហាងលក់គ្រឿងប្រើប្រាស់ប្រចាំថ្ងៃជាច្រើន និងសឹងតែគ្រប់មុខ ដែលអាចនិយាយបានថា ទីនេះគឺជាឋានសួគ៌នៃការ Shopping របស់មនុស្សស្រី។ តម្លៃក៏មិនថ្លៃប៉ុន្មានដែរ វាអាចនឹងប្រហាក់ប្រហែលនៅក្នុងស្រុកយើង ឬនៅតាមបណ្តាប្រទេសមួយចំនួន។
Uniglo Ginza
វាត្រូវបានចាត់ទុកជាហាងប្រេនដ៏ធំមួយនៅក្នុងចំណោមជាច្រើនទៀតនៅក្នុងប្រទេសជប៉ុន ដែលមានរហូតដល់ទៅ 12 ជាន់។ វាផ្តោតសំខាន់ទៅលើសំលៀកបំពាក់ គ្រឿងប្រើប្រាស់របស់មនុស្សប្រុស មនុស្សស្រី និងទាំងកុមារតូចៗទៀតផង។ ជាន់ទី 11 និងទី 12 គឺជាជាន់លក់របស់ Limited Edition ដែលចំនួនផលិតផលមានកំណត់ ហើយក៏លក់ដាច់ជាងគេផងដែរ។
Chicago Harajuku Omotesando
ទីនេះជាហាងលក់សំលៀកបំពាក់ដែរ ប៉ុន្តែនៅក្នុងកម្រិតធម្មតា និងធូរថ្លៃច្រើន ព្រមទាំងលក់របស់មួយទឹកផងដែរ ដូចជាអាវរងារ ខោខូវប៊យ អាវក្រៅ ឯកសណ្ឋានទាហាន និងវត្ថុអនុស្សាវរីយមួយចំនួនផងដែរ។
Shibuya Loft
វាជាហាងលក់ទំនិញមួយផ្សេងទៀតក្នុងតម្លៃសមរម្យ ដែលមានលក់ដូចជាវត្ថុអនុស្សាវរីយ គ្រឿងសម្ភារៈផ្ទះបាយ គ្រឿងអលង្ការ ផលិតផលធ្វើពីស្បែកសត្វ និងសម្ភារៈតុបតែងផ្ទះមួយចំនួនជាដើម។
3. ភោជនីយដ្ឋាន និងបារ
Funky Chicken Bar
មុខម្ហូបដែលល្បីជាងគេនៅក្នុងភោជនីយដ្ឋាននេះ គឺជា Yakitori and Soul។ ភ្ញៀវភាគច្រើនចូលមកកុម៉្មង់ម្ហូបនេះ ក្រៅពីនេះមានដូចជាស្លាបមាន់ប្រឡាក់គ្រឿងពិសេស សាច់ជ្រូកអាំងជាមួយប៉េងប៉ោះ និងម្ហូបបែប Barbecue មួយចំនួនទៀតរបស់ជប៉ុន។
Afuri Ramen
ហាងនេះ ល្បីខ្លាំងទៅលើមីស៊ុបជាមួយនឹងបន្លែ និងសាច់។ វាត្រូវបានផ្សំ និងចម្អិនឡើងជាមួយនឹងគ្រឿងពិសេសបែបជប៉ុន ជួយឲ្យមានឱជារសដើម ឈ្ងុយឆ្ងាញ់។ ទីនេះក៏មានលក់ជាម្ហូបបួស សម្រាប់អ្នកដែលមិនញ៉ាំសាច់ផងដែរ។
Sushi Kyubey
វាគឺជាភោជនីយដ្ឋានប្រេនខ្ពស់នៅក្នុងទីក្រុងតូក្យូ ដែលអាចឲ្យអ្នកបានភ្លក្សរសជាតិពិត នៃ Sushi របស់ជប៉ុន។ ទីនេះផ្តល់បរិយាកាសស្ងប់ស្ងាត់ ដែលធ្វើឲ្យអ្នកអាចផ្តោតអារម្មណ៍ទៅលើការតេស្តមុខម្ហូបនីមួយៗនៅទីនេះបាន។ តម្លៃសម្រាប់ចូលញ៉ាំនៅទីនេះចន្លោះ $200 – $300 សម្រាប់មនុស្សម្នាក់។
New York Bar at Park Hyatt Tokyo
វាគឺជាទីកន្លែងដែលភ្ញៀវទេសចរ មកច្រើននៅពេលយប់។ វាគឺជាភោជនីយដ្ឋានផង បារផង ដែលនៅក្នុងសណ្ឋាគារ Park Hyatt នៅក្នុងទីក្រុងតូក្យូ។ បារនេះស្ថិតនៅជាន់ទី 52 ពីដីឯណោះ ដែលអាចឲ្យអ្នកកម្សាន្ត បានដោយរីករាយ មិនមានប៉ះពាល់ដល់អ្នកណាឡើយ អមជាមួយនឹងទេសភាពមើលចុះក្រោមយ៉ាងស្រស់ស្អាតផងដែរ។ ភាគច្រើន មនុស្សជាច្រើនមកទីនេះបន្ទាប់ពី ញ៉ាំអាហារពេល្ងាចរួច មកអង្គុយផឹកស្រា ឬ Beer ស្តាប់ភ្លេង និងមានមុខម្ហូបសម្រាប់ក្លែមឆ្ងាញ់ទៀតផង។ សម្រាប់អ្នកដែលមានបំណងមកញ៉ាំអាហារពេលល្ងាចនៅទីនេះវិញ មុខម្ហូបដែលដាច់ជាងគេគឺ Cheeseburger។
Inc Cocktails
នេះគឺជាបារដ៏ពេញនិយមមួយនៅក្នុងទីក្រុងអូសាកា (Osaka) និង Inc Sons មាននៅទីក្រុងតូក្យូ ដែលមានរចនាសម្ព័ន្ធ និងសេវាកម្មដូចគ្នា។ បារនេះបង្កើតឡើងដោយផ្អែកលើ ការជំនាញក្នុងការផលិតស្រាគ្រប់ប្រភេទ ជាពិសេសបែប Cocktails, ការផ្តល់សេវាកម្មរួសរាយរាក់ទាក់ និងតន្ត្រីដ៏ពិសេសផងដែរ។ នៅទីនេះក៏មាន DJs ផ្ទាល់ខ្លួន ក្នុងការលេងតន្ត្រីសម្រាប់ភ្ញៀវដែលចូលមកទីនេះ កម្សាន្តអារម្មណ៍មួយបែបទៀតផង។
Roppongi Basecamp
វាគឺជាបាររាត្រីចន្លោះចាប់ពីកណ្តាលអាធ្រាតទៅ ហើយមានទីតាំងនៅខាងក្រោមដៅ។ នៅតាមបរិវេណជិតនោះ នឹងមានអ្នកផ្សព្វផ្សាយ (Promoters) ឲ្យអ្នកចូលទៅលេងហើយ។ ទីនោះមានការបម្រើសេវាកម្មស្រា និង Beer គ្រប់ប្រភេទ មាន DJs លេងភ្លេងឲ្យរាំ និង Remix ភ្លេងតាមទំនុករបស់ជប៉ុនទៀតផង។ អ្នកក៏អាចជួបមិត្តថ្មីៗជាច្រើន នៅក្នុងនោះ និងអាចរាំជាមួយគ្នាផងដែរ។
4. កន្លែងស្នាក់នៅ
Conrad Tokyo
សណ្ឋាគារទំនើប Conrad នេះមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Shimbashi។ ទីនេះមាន 37ជាន់ និងមានប្រមាណ 291 បន្ទប់ដែលមានការតុបតែង និងដេគ័រតាមបែបជប៉ុន និងផ្តល់ទេសភាពស្រស់ស្អាតនៅព័ទ្ធជុំវិញកន្លែងគេងដ៏ប្រណិតផងដែរ ដូចជាទេសភាពពីខាង Tokyo Bar និងសួនច្បារ Hamarikyu។ បន្ទប់ទឹក និងបង្គន់ត្រូវបានបែងចែកជាពីរ នៅក្នុងបន្ទប់ស្នាក់នៅមួយ ព្រមទាំងតុបតែងបានយ៉ាងល្អ និងមានអនាម័យទៀតផង។ ការផ្តល់សេវាកម្ម និងការបម្រើក្នុងការស្នាក់នៅទូទៅ ផ្តល់ជូនពេញ 24 ម៉ោង។
សណ្ឋាគារនេះ ក៏មានភោជនីយដ្ឋានដែរ តែត្រូវបានបែងចែកជាបួនផ្នែកក្នុងការធ្វើម្ហូបដូចជាម្ហូបជប៉ុន ចិន បារាំង អាមេរិច/អឺរ៉ុប ទៀតផង វាសាកសមសម្រាប់អ្នកដែលចង់បានមួយឈុត ទាំងកន្លែងនៅល្អ ជាមួយនឹងកន្លែងដែលមានម្ហូបឆ្ងាញ់ៗស្រាប់តែម្តង។ ក្រៅពីនេះសណ្ឋាគារ Conrad ក៏មានដូចជាកន្លែងកន្លែងម៉ាស្សា អាងហែលទឹក កន្លែងហាត់យ៉ូហ្កា កន្លែងស្ប៉ា ព្រមទាំងកន្លែងម៉ាស្សាមុខទៀតផង។ តម្លៃនេះ នឹងត្រូវបង់តាមសេវា ដែលអ្នកចង់បាន!!
អញ្ចឹងដើរលេងម្នាក់ឯងមកកាន់ទីក្រុងតូក្យូនេះ លែងចោតជាបញ្ហាទៀតហើយ ដោយផ្អែកទៅលើចំណុចធំៗទាំង 4 និងទីកន្លែងមួយចំនួន ដែលបានលើកឡើងនេះ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត ហើយអាចដើរលេងបានយ៉ាងចំគោលដៅ ចំណាយតិច ព្រមទាំងទទួលបានភាពសប្បាយរីករាយណា!