សារមន្ទីរជាតិអង្គរសៀមរាប បានបើកស្វាគមន៍ ភ្ញៀវទេសចរឡើងវិញ នៅដើមខែវិច្ឆិកានេះ


សារមន្ទីរជាតិអង្គរ គឺជាមជ្ឈមណ្ឌលវប្បធម៌ បេតិកភណ្ឌដ៏ធំមួយ ក្នុងខេត្តសៀមរាប ដែលបានបើកដំណើរការទទួលភ្ញៀវទេសចរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការធ្លាក់ចុះយ៉ាងគំហុក នៃចំនួនភ្ញៀវទេសចរមកទស្សនា បានបង្ខំអោយ សារមន្ទីរជាតិអង្គរ ផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយបានស្វាគមន៍ ភ្ញៀវទេសចរឡើងវិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

សារមន្ទីរជាតិអង្គរសៀមរាប មានទីតាំងស្ថិតនៅ ភូមិសាលាកន្លែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប យើងអាចចេញដំណើរពី សាលាខេត្តតាមផ្លូវអប្សរា រួចបត់ស្ដាំតាមផ្លូវលេខ៦០ បន្ទាប់មកបត់ឆ្វេងតាមផ្លូវហ្សាលដឺហ្គោល ប្រហែល ១ គីឡូម៉ែត្រ យើងនឹងទៅដល់ សារមន្ទីរជាតិអង្គរហើយ។ នៅសារមន្ទីរនេះបែងចែកចេញជា ៨ វិចិត្រសាលធំៗ ដែលវិចិត្រសាលនីមួយៗ ត្រូវបានរៀបចំ យ៉ាងមានរបៀបរៀបរយ ក្នុងនោះ រួមមាន៖

១. វិចិត្រសាលឯកព្រះពុទ្ធបដិមា ១ ពាន់អង្គ
២. វិចិត្រសាលអរិយធម៌ខ្មែរ
៣. វិចិត្រសាលជំនឿសាសនា
៤. វិចិត្រសាលអង្គរវត្ត
៥. វិចិត្រសាលអង្គរធំ
៦. វិចិត្រសាលព្រះមហាក្សត្រខ្មែរ
៧. វិចិត្រសាលសិលាចារិក
៨. វិចិត្រសាលសម្លៀកបំពាក់ សម័យបុរាណខ្មែរ

សូមបញ្ជាក់ផងដែរថា អគារសារមន្ទីរជាតិអង្គរ សៀមរាប ត្រូវបានសងសង់ ធំទូលាយមានទំហំដល់ ២ ម៉ឺនម៉ែត្រការ៉េ វិនិយោគដោយក្រុមហ៊ុន Vilailuck International Holdings បានចំណាយទឹកប្រាក់ប្រមាណ ១៥ លានដុល្លារ ជាការវិនិយោគបែបសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ហើយត្រូវប្រគល់ជូនទៅ រាជរដ្ឋាភិបាលនៅឆ្នាំ ២០៣៧។

សារមន្ទីរជាតិអង្គរសៀមរាប ជាកន្លែងដ៏ល្អបំផុត សម្រាប់សិក្សាស្វែងយល់ អំពីអរិយធម៌ខ្មែរ និងប្រាសាទក្នុងសម័យអង្គរ ជាពិសេសព្រះពុទ្ធសាសនា នៅក្នុងវិចិត្រសាល ព្រះពុទ្ធបដិមា ១ ពាន់អង្គ ដែលបានប្រមូលផ្ដុំទាំងចម្លាក់ធ្វើពីឈើ ពីថ្ម និងលោហៈធាតុ ចាប់ពីសម័យបុរាណមក ដាក់បង្ហាញជូន ភ្ញៀវទេសចរស្វែងយល់បន្ថែម។

ដើម្បីចូលទស្សនាក្នុង សារមន្ទីរជាតិអង្គរសៀមរាប យើងត្រូវចំណាយថវិកា ទិញសំបុត្រតម្លៃ ៣ ដុល្លារប៉ុណ្ណោះ សម្រាប់ជនជាតិខ្មែរ ឬតម្លៃ ១២ ដុល្លារសម្រាប់ជនបរទេស។ អំឡុងពេលដើរទស្សនា យើងក៏អាចស្ដាប់រឿងរ៉ាវ អំពីអរិយធម៌ ជំនឿសាសនាជនជាតិខ្មែរ តាមរយៈសម្លេង អធិប្បាយជាច្រើនភាសា និងត្រូវមានអ្នកណែនាំ ទស្សនាបរិយាយ ព្រមទាំងទស្សនាវីដេអូណែនាំ មុនពេលចូលទស្សនា វិចិត្រសាលផងដែរ។