ហេតុអ្វីប្រ៊ុយណេ មានទំហំតូច តែជាប្រទេសអ្នកមាន (Rich Country) នៅតំបន់អាស៊ីអាគ្នេយ៍?


ប្រ៊ុយណេ ជាប្រទេសទំហំតូចមួយប៉ុណ្ណោះ ប្រជាជនមិនដល់កន្លះលាននាក់ផង ប៉ុន្តែប្រ៊ុយណេជាប្រទេសមានបំផុតទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ហើយជាប្រទេសអ្នកមានលំដាប់ទី ១៣ លើពិភពលោក នៅត្រឹមឆ្នាំ២០២៤។ ដូចនេះ យើងនឹងមកស្វែងយល់ថាតើហេតុអ្វី ប្រទេសប្រ៊ុយណេ មានទំហំតូច ប៉ុន្តែក្លាយជាប្រទេសអ្នកមាន ដោយរបៀបណា?

១. សេដ្ឋកិច្ចប្រ៊ុយណេ

ប្រទេសប្រ៊ុយណេ ស្ថិតនៅលើកោះ Borneo ព័ន្ធជុំវិញដោយប្រទេសម៉ាឡេស៊ី និងភាគខាងជើង ជាប់នឹងសមុទ្រចិនខាងត្បូង មានផ្ទៃដីសរុប ៥ ៧៦៥ គីឡូម៉ែត្រការ៉េ មានរាជធានីឈ្មោះ Bandar Seri Begawan មានប្រជាជនរស់នៅប្រមាណ ៤៥៩ ០០០ នាក់ ត្រឹមឆ្នាំ២០២៣។ ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសប្រ៊ុយណេ មានទំហំ ៥៣ ពាន់លានដុល្លារ និងផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ៗ (GDP per capita) មានចំនួន ៧៧ ៥៣០ ដុល្លារ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ២,៤% ជាមធ្យម។ សេដ្ឋកិច្ចប្រទេសប្រ៊ុយណេ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចេញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ដែលបានក្ដោបប្រមាណ ៩១% នៃការនាំចេញសរុប ហើយស្មើនឹង ៧៦% នៃចំណូលសរុបរបស់ ប្រទេសប្រ៊ុយណេ។ ម្យ៉ាងទៀត ប្រទេសប្រ៊ុយណេ មានរូបិយប័ណ្ណតម្លៃខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍ ដោយដុល្លារប្រ៊ុយណេ Brunei Dollar (BND) មានតម្លៃស្មើនឹងដុល្លារសិង្ហបុរី (SGD) ហើយយើងក៏អាចយកលុយដុល្លាប្រ៊ុយណេ ទៅចាយនៅប្រទេសសិង្ហបុរី ដោយមិនបាច់ប្ដូរប្រាក់ (Exchange currency) ដែរ។

២. ធនធានដ៏មហាសាល

ប្រទេសប្រ៊ុយណេ រស់នៅលើកំណប់ធនធានធម្មជាតិ មានតម្លៃមហាសាល។ ប្រ៊ុយណេ បានរុករកឃើញកំណប់ប្រេង នៅក្នុងឆ្នាំ១៩២៩ ប៉ុន្មានឆ្នាំក្រោយមក បានរកឃើញកំណប់ឧស្ម័នធម្មជាតិទៀត ធ្វើអោយជីវភាព នៃប្រទេសប្រ៊ុយណេ ផ្លាស់ប្ដូរទាំងស្រុង និងក្លាយជាប្រទេសអ្នកមាន លំដាប់កំពូលលើពិភពលោក នៅឆ្នាំ១៩៧៩ ដែលមានផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) ប្រមាណ ១៣៤ ០០០ ដុល្លារក្នុងមួយឆ្នាំ។ នៅត្រឹមឆ្នាំ ១៩៧៣ ប្រ៊ុយណេ ក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិ (LNG) ច្រើនបំផុតលើពិភពលោក ហើយបន្ដកេរ្តិ៍ឈ្មោះ ជាប្រទេសមួយក្នុង ចំណោមប្រទេសធំៗ នាំចេញឧស្ម័នធម្មជាតិ (LNG)។ ត្រឹមឆ្នាំ ១៩៩១ ប្រទេសប្រ៊ុយណេ បាននាំចេញប្រេងឥន្ធនៈសរុបចំនួន ១ ពាន់លានបារ៉ែល ហើយនៅបន្ដជា ប្រទេសនាំចេញប្រេងធំកំពូល លំដាប់ទី៤ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ ដែលមានសមត្ថភាពនាំចេញប្រេង ១៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ ដោយសារតែ ប្រ៊ុយណេ មានកំណប់ប្រេង និងឧស្ម័នធម្មជាតិ ដ៏ច្រើនមហាសាល ប៉ុន្តែប្រជាជនមានចំនួនតិច និងក៏ជាប្រទេសតូចផង បានធ្វើអោយប្រ៊ុយណេ ក្លាយជាប្រទេសមាន ទ្រព្យសម្បត្តិច្រើនបំផុតទី ២ នៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី ១៣ នៅលើពិភពលោក ត្រឹមឆ្នាំ២០២៤។

៣. ប្រជាជនប្រ៊ុយណេ

អស់រយៈពេលជិត ១០០ ឆ្នាំហើយ ដែលប្រ៊ុយណេ បានរុករកឃើញកំណប់ប្រេង និងឧស្ម័នធម្មជាតិ ដូចនេះតើប្រជាជនប្រ៊ុយណេ ទទួលបានអត្ថប្រយោជន៍កម្រិតណា? ប្រទេសប្រ៊ុយណេ មិនមានការយកពន្ធ ទៅលើប្រាក់ចំណូល ឬពន្ធអ្វីៗទាំងអស់ ដែលគេហៅថា Tax-Free Country។ លើសពីនេះ វិស័យអប់រំ នៅគ្រប់សាលារៀន សកលវិទ្យាល័យ វិស័យសុខាភិបាលគ្រប់មន្ទីរពេទ្យ សុទ្ធសឹងតែមិនមាន ការបង់ប្រាក់អ្វីឡើយ។ កត្តាទាំងនេះ បានធ្វើអោយប្រជាជនប្រ៊ុយណេ ប្រមាណ ៩៣% សុទ្ធសឹងបានចូលរៀន ទទួលបានការអប់រំខ្ពស់ ហើយប្រជាជន ២/៣ សុទ្ធសឹងតែមានរថយន្ដជិះ និងរីករាយជាមួយតម្លៃប្រេងសាំង តម្លៃទាបបំផុត។ ក្នុងករណី ដែលប្រជាជនត្រូវការទិញផ្ទះ ធនាគារទាំងអស់ នឹងផ្ដល់កម្ចីក្នុងនាម ព្រះមហាក្សត្រ ស៊ុលតង់ ជាមួយអត្រាការប្រាក់ ០%។ ដោយសារតែប្រ៊ុយណេ ជាប្រទេសអ្នកមាន ដូចនេះការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ល្អប្រសើរទាំងនៅក្នុងរាជធានី និងទូទាំងប្រទេស ថែមទាំងរក្សានូវគម្របព្រៃធម្មជាតិ បានទាំងស្រុងផងដែរ។

៤. បញ្ហាប្រឈម ប្រទេសប្រ៊ុយណេ

ទោះបីជា ប្រ៊ុយណេ ជាប្រទេសអ្នកមាន ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនផងដែរ តួយ៉ាង សេដ្ឋកិច្ចប្រ៊ុយណេ ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែធនធានទាំងនេះ ត្រូវបានការស្រាវជ្រាវព្យាករណ៍ថា នឹងត្រូវបាត់បង់នៅចន្លោះត្រឹមឆ្នាំ ២០៣៥ ទៅដល់ ២០៥០។ ដូចនេះ រាជរដ្ឋាភិបាលប៊្រុយណេ ត្រូវផ្ដោតសំខាន់ ទៅលើការប្រើប្រាស់ កែច្នៃធនធាន អោយមានប្រសិទ្ធភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដូចជា វិស័យឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម កសិកម្ម ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគពីបរទេស ជាដើម។ យ៉ាងណាមិញ ភូមិសាស្ត្រប្រ៊ុយណេ ស្ថិតនៅចំណុចប្រឈម ត្រូវបានហ៊ុមព័ន្ធដោយ ប្រទេសម៉ាឡេស៊ី អាចតភ្ជាប់ទំនាក់ទំនង ជាមួយអន្តរជាតិ តែច្រកសមុទ្រ និងផ្លូវអាកាសប៉ុណ្ណោះ ហើយក៏ស្ថិតនៅឆ្ងាយ ពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ។

 

ប្រភព៖ trvlguides