ហេតុអ្វីប្រទេសសិង្ហបុរី ជាប្រទេសតូចមួយ នៅតំបន់អាស៊ីអាគ្នេយ៍ តែមានសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសអ្នកមាន មិនថានៅក្នុងតំបន់ ឬលំដាប់ពិភពលោក?


ប្រទេសសិង្ហបុរី ធ្លាប់ជាកោះសម្រាប់ផែ សម្បូរទៅដោយលំនៅដ្ឋានអនាធិបតេយ្យ ភាពក្រីក្រ គ្មានសូម្បីតែធនធន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ គ្មានធនធានធម្មជាតិ រ៉ែ ប្រេង ឬឧស្ម័នធម្មជាតិ ប៉ុន្តែបច្ចុប្បន្ន ជាប្រទេសអ្នកមានលំដាប់ទី ៤ លើពិភពលោក ជាទីក្រុងស្អាត ទំនើប បំផុតនៅអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់ ជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយប្រជាជនកាន់លិខិតឆ្លងដែន មានឥទ្ធិពលជាងគេបង្អស់ នៅលើពិភពលោក។

តើសិង្ហបុរី ជាប្រទេសអ្នកមានកម្រិតណា?

ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសសិង្ហបុរី មានអត្រាកើនឡើង ២៩៥% បើធៀបទៅនឹងរយៈពេលជាង ២០ ឆ្នាំមុន ដោយបានឡើងពី ១២៥ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០០០ មកដល់ ៥១២ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៣ យោងតាមរបាយការណ៍ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំណែកផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ (GDP per capita) បានកើនឡើងពី ៣១ ៣១៨ ដុល្លារ នៅឆ្នាំ ២០០០ មកដល់ ៨៦ ៦៥៥ ដុល្លារនៅឆ្នាំ ២០២៣ ដែលស្មើនឹងអត្រាកំណើន ១៧៥% ក្នុងរយៈពេលជាង ២០ ឆ្នាំ។

ខាងលើគឺជាផលិតផលសរុប ទាំងមូលរបស់ប្រទេស ចុះប្រជាជនសិង្ហបុរី មានជីវភាពកម្រិតណា?

សិង្ហបុរី មានប្រជាជនសរុប ៥,៩២ លាននាក់ មានប្រជាជនពេញកម្លាំងធ្វើការ ៣,៩៤ លាននាក់។ រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រជាជនសិង្ហបុរី មានប្រាក់បៀវត្សជាមធ្យម ចន្លោះចាប់ពី ២ ៨២១ ទៅដល់ ៣ ៩៥៨ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់បុគ្គលិកពេញម៉ោង បើយោងតាម ការស្រាវជ្រាវពីវិទ្យាស្ថាន Credit Suisse Research Institute។ របាយការណ៍ ខាងលើបង្ហាញថា ប្រជាជនសិង្ហបុរី មានចំណូលច្រើនបំផុត គឺមនុស្សពេញវ័យ (Adult) ដែលអាចមានទ្រព្យសម្បត្តិដល់ ៣៩ ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ ធ្វើអោយប្រទេសសិង្ហបុរី ស្ថិតនៅចំណោម ប្រទេសកំពូលទាំង ១០ ដែលយុវវ័យ មានទ្រព្យសម្បត្តិច្រើនបំផុត។ សិង្ហបុរី មានសេដ្ឋីចំនួន ៣៣២ ៤៩១ នាក់ ដែលមានទ្រព្យសម្បត្តិលើសពី ១ លានដុល្លារសិង្ហបុរី ហើយ ៧៨ នាក់ក្នុងចំណោមនោះ មានទ្រព្យសម្បត្តិលើសពី ៥០០ លានដុល្លារសិង្ហបុរី។

ដូចនេះ តើសិង្ហបុរី អាចប្រែក្លាយកោះទំហំ ៥០ គីឡូម៉ែត្រ x ២៧ គីឡូម៉ែត្រ ទៅជាប្រទេសអ្នកមានកំពូល បានដោយរបៀបណា?

១. ការរៀបចំ ថ្នាក់ដឹកនាំប្រទេសពូកែ

ចង់ឆ្លងសមុទ្រដ៏ធំល្វឹងល្វើយ ត្រូវការអ្នកកាន់ចង្កូតនាវាដ៏រឹងមាំ។ លោក លី ក្វាន់យូ ជាបិតាជាតិសិង្ហបុរី លោកបានកាន់ដំណែងជា នាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ ១៩៥៩ អស់រយៈពេលជាង ៣១ ឆ្នាំ។ គោលដៅរបស់លោក លី ក្វាន់យូ មានច្បាស់លាស់ គឺប្រែក្លាយសិង្ហបុរី ពីប្រទេសក្រីក្រ ទៅជាប្រទេសអ្នកមានកម្រិតកំពូល ដែលយើងអាច ស្វែងយល់បន្ថែមបាន នៅក្នុងសៀវភៅ From Third World to First: The Singapore Story: 1965-2000 សរសេរដោយ លោក លី ក្វាន់យូ។ លោកបានដាក់កំណត់ បៀវត្សរបស់មន្ត្រីរាជការ នៅកម្រិតខ្ពស់ ដើម្បីស្វែងរកអ្នកមានសមត្ថភាព ធ្វើការដឹកនាំប្រទេស ជាក់ស្ដែង សិង្ហបុរី ជាប្រទេសផ្ដល់ប្រាក់បៀវត្ស ដល់នាយករដ្ឋមន្ត្រី ខ្ពស់បំផុតនៅលើពិភពលោក ដែលមានបៀវត្ស ២,២ លានដុល្លារសិង្ហបុរី ឬប្រហែល ១,៦៧ លានដុល្លា ក្នុងមួយឆ្នាំ។ ចំណែករដ្ឋមន្ត្រី តាមបណ្ដាក្រសួងនីមួយៗ មានបៀវត្ស ១,១ លានដុល្លារសិង្ហបុរី ឬប្រហែល ៨៣ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ បើធៀបទៅនឹងសហរដ្ឋអាមេរិក មានត្រឹម ៤០ ម៉ឺនដុល្លារប៉ុណ្ណោះ។

២. ការបោះទុនលើវិស័យភស្ដុភារកម្ម និងកំពង់ផែ

ទោះបីជាប្រទេសសិង្ហបុរី មិនមានផ្ទៃដីធំទូលាយ ប៉ុន្តែសិង្ហបុរី ស្ថិតនៅតំបន់យុទ្ធសាស្ត្រល្អបំផុត សម្រាប់នាវាចរដឹកទំនិញ ឆ្លងកាត់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។ ផែនការអភិវឌ្ឍសិង្ហបុរី ទៅជាមជ្ឈមណ្ឌលភស្ដុភារ និងកំពង់ផែ បានជួយជំរុញកំណើនសេដ្ឋកិច្ចសិង្ហបុរី កើនឡើងលឿនបំផុត និងផ្ដល់ផលចំណេញដូចជា សេវាកម្មកំពង់ផែឆ្លងកាត់ ងាយស្រួលនាំទំនិញចូលសិង្ហបុរី ប្រើប្រាស់ជាឃ្លាំង ស្ដុកទំនិញផលិតកម្ម សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក អភិវឌ្ឍជាមជ្ឈមណ្ឌលកែច្នៃទំនិញ។ កំពង់ផែនៅសិង្ហបុរី ស្ថិតក្នុងចំណោមកំពង់ផែ មមាញឹកបំផុតលើលោក ដែលទទួលបាននាវាដឹកទំនិញប្រមាណ ១៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងរកចំណូលប្រមាណ ៧% ទៅក្នុងសេដ្ឋកិច្ចសិង្ហបុរី។

៣. បើកប្រទេស ទាក់ទាញវិនិយោគទុនពីបរទេស

ក្រៅពីកំពង់ផែ និងភស្ដុភារ សិង្ហបុរី បើកស្វាគមន៍វិនិយោគទុនពីបរទេស ជាឱកាសអាចទាញប្រយោជន៍ពី វិស័យខាងលើ និងទីតាំងយុទ្ធសាស្ត្រ ដែលប្រទេសសិង្ហបុរីមាន។ សិង្ហបុរី មានយុទ្ធសាស្ត្រការទាក់ទាញ ទុនវិនិយោគពីបរទេស ដូចជា៖

•    ពន្ធលើកទឹកចិត្ត
•    ផ្ដល់ភាពងាយស្រួលដល់ការបង្កើតអាជីវកម្ម
•    ប្រព័ន្ធ Ecosystem ដែលងាយស្រួលគ្រប់គ្រងអាជីវកម្ម
•    គោលនយោបាយអន្តោប្រវេសន៍សេរី
•    រដ្ឋាភិបាលគ្មានអំពើពុករលួយ
•    ស្ថិរភាពនយោបាយ

លើសពីនេះ រដ្ឋាភិបាលសិង្ហបុរី បានវិនិយោគយ៉ាងសំខាន់ ទៅលើវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារសកល ទាំងចំណេះដឹងទូទៅ ជំនាញមានតម្រូវការខ្ពស់ និងភាសាអង់គ្លេស ដែលបានក្លាយទៅជាភាសាផ្លូវការ នៅសិង្ហបុរី។ ត្រឹមឆ្នាំ២០២៣ វិស័យធំៗ ដែលរួមចំណែក មកក្នុងសេដ្ឋកិច្ចសិង្ហបុរី មានដូចជា វិស័យផលិតកម្មមានចំនួន ១៨,៦% វិស័យពាណិជ្ជកម្មដុំ (Wholesale trade) មានចំនួន ២២,៣% វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង មាន ១៣,៨%។

៤. ការប្រើប្រាស់ថវិកាជាតិ បានត្រឹមត្រូវ

នៅពេលសេដ្ឋកិច្ចជាតិរីកចម្រើន ថវិកាជាតិសិង្ហបុរី ទទួលបានចំណូលពី ការប្រមូលពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូល។ ក្នុងនោះ រដ្ឋាភិបាល បានកំណត់ ការចំណាយថវិកាជាតិ ទៅលើវិស័យសំខាន់ ដែលមានប្រយោជន៍នាពេលអនាគត ជាក់ស្ដែង ដូចជា ការកសាងសាលារៀន មន្ទីរពេទ្យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ ចន្លោះពីឆ្នាំ ១៩៧០ ទៅ ១៩៨០ រដ្ឋាភិបាលសិង្ហបុរី ទទួលបានកម្ចីឥណទាន សម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ Changi Airport និងប្រព័ន្ធរថភ្លើងក្រោមដី MRT ដែលសុទ្ធសឹងជាហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ផលប្រយោជន៍ ដល់ប្រទេសក្នុងរយៈពេលវែង។

៥. គិតទៅមុខ និងកសាងគ្រឹះរឹងមាំទប់នឹងហានិភ័យ

វិស័យដឹកជញ្ជូន ភស្ដុភារ និងសេវាកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសសិង្ហបុរី ប៉ុន្តែសិង្ហបុរី មិនមែនគ្រាន់តែជា ទីក្រុងកំពង់ផែ ឬសេវាកម្មប៉ុណ្ណោះទេ រដ្ឋាភិបាលបានគ្រប់គ្រង លើការប្រើប្រាស់ដីធ្លី កសាងប្រភពទឹកសាបប្រើប្រាស់ បែងចែកតំបន់ពាណិជ្ជកម្ម តំបន់ទេសចរណ៍ រក្សាបាននូវគម្របបៃតង និងតំបន់កែច្នៃកាកសំណល់ ស្ថិតនៅកោះដោយឡែក។ ផែនការទីក្រុងទាំងនេះ បានធានានូវនិរន្តរភាព នៃការប្រើប្រាស់ដីធ្លី សម្រាប់រស់នៅ ធ្វើការ និងកម្សាន្ដ ទាំងបច្ចុប្បន្ន និងអនាគត។

ផ្នែកហិរញ្ញវត្ថុវិញ រដ្ឋាភិបាលសិង្ហបុរី មានស្ថាប័នហិរញ្ញវត្ថុចំនួន ៣ ដែលជាមូលធនទុនបម្រុង គឺ MAS, Temasek, និង GIC ដែលមានទុនបម្រុងយ៉ាងតិច ៧១៥ ពាន់លានដុល្លារអាមេរិក សម្រាប់ជំនួយបន្ទាន់ផ្នែកសេដ្ឋកិច្ច ឬរក្សាស្ថេរភាព នៃតម្លៃប្រាក់ដុល្លារសិង្ហបុរី។ ម្យ៉ាងទៀត ការធ្វើសកលភាវូបនីយកម្ម និងការទូតរឹងមាំជាមួយពិភពលោក ជាពិសេសប្រទេសមហាអំណាច ក៏ជួយដល់សិង្ហបុរី កាត់បន្ថយហានិភ័យលើសេដ្ឋកិច្ចផងដែរ។

 

ប្រភព៖ Smart Wealth Singapore