កូរ៉េខាងត្បូង ផ្ដល់សិទ្ធដល់សំណង់លំនៅដ្ឋាន តិចជាងឆ្នាំមុន!

គិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង វិស័យសំណង់មានភាពរីកលូតលាស់ទៅមុខរលូនល្អ ប៉ុន្តែប្រសិនបើក្រលេកទៅលើសំណង់ផ្នែកលំនៅដ្ឋានវិញ ត្រូវបានធ្លាក់ចុះជាងឆ្នាំមុនគួរឲ្យកក់សម្គាល់ ហើយគម្រោងមួយចំនួនមិនត្រូវបានអនុញ្ញាតិ ដោយវាជាគោលការណ៍កំណត់ទីផ្សារចំនួនផ្ទះលក់ របស់រដ្ឋាភិបាល និងសំណង់ឯកជន។

យោងតាមការប្រកាសរបស់ ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន និងចុះផ្សាយដោយសារព័ត៌មាន Yonhap បានឲ្យដឹងថា ចំនួននៃសំណង់លំនៅដ្ឋាននៃឆមាសទី ១ ឆ្នាំ ២០១៩ នេះមានចំនួនសរុប ២២៦,៥៩៥ យូនីត តិចជាងឆ្នាំមុនដែលមានចំនួន ២៤៩,៥០៥ យូនីត។ ការធ្លាក់ចុះនៃ ស្របពេលដែល លំនៅដ្ឋាននៅតំបន់ជាយទីក្រុងសេអ៊ូល ក៏ចាប់ផ្ដើមធ្លាក់តម្លៃទាបជាងមុនផងដែរ ចំណែកឯនៅក្នុងតំបន់អភិវឌ្ឍន៍កណ្ដាលទីក្រុង នៅតែតម្លៃកប់ពពកដដែល។ 

សម្រាប់តំបន់នៅកណ្ដាលទីក្រុងសេអ៊ូល សំណង់លំនៅដ្ឋានត្រូវបានកើនឡើងដល់ ៣៧,៦៤៣ យូនីត ដែលគិតជាភាគរយ គឺខ្ពស់ជាងមុន ៣៤,៦% រីឯនៅទីក្រុងតូចៗក្រៅទីក្រុងសេអ៊ូលវិញ ចំនួននៃការផ្ដល់សិទ្ធសំណង់លំនៅដ្ឋានមានត្រឹមតែ ៩៧,៥៥៦ យូនីតប៉ុណ្ណោះ ដែលថយចុះប្រហែល ២៦.៣%។ 

អ្នកជំនាញផ្នែកអចលនទ្រព្យកូរ៉េខាងត្បូង បានឲ្យដឹងថា ការកំណត់ចំនួននៃសំណង់លំនៅដ្ឋាននេះ មិនមែនចៃដន្យឡើយ ដោយវាគោលការណ៍គ្រប់គ្រងអចលនទ្រព្យក្រោមការដឹកនៃរបស់លោក ម៊ូន ចៃអ៊ីន ជាមួយនឹងអជ្ញាធរសំណង់ ពីព្រោះគេព្រួយបារម្ភទៅលើសំណង់លំនៅដ្ឋានដែលសាងសង់នោះ វាអាចនឹងលើសពីតម្រូវការ ហើយវាក៏អាចធ្វើឲ្យតម្លៃធ្លាក់ចុះ និងឡើងខ្ពស់ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ ជាពិសេសគឺតំបន់ក្រៅទីក្រុងសេអ៊ូល ដែលសំណង់លំនៅដ្ឋានកំពុងផ្ទុះឡើង ស្របពេលដែលលំនៅដ្ឋានដែលសាងសង់ដោយរដ្ឋាភិបាល ដំណើរការទន្ទឹមគ្នា។ 

ចំណែកឯនៅក្នុងទីក្រុងសេអ៊ូលវិញ សំណង់នៅតែបន្ដរកើនឡើងជានិច្ច ដោយសារតម្រូវការនៅតែមានខ្ពស់ ហើយតម្លៃឡើងខ្ពស់ក៏មិនចោទជាបញ្ហាអ្វីដែរ។ Korea Appraisal Board បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ០១ កក្កដា តម្លៃអាផាតមិន នៅទីក្រុងសេអ៊ូល មានកំណើនឡើង ០.០២% ដែលគេអាចឃើញអំពីភាពវិជ្ជមាននៅតែបន្ដរមានឡើង បើទោះជាតិចតួចក្ដី ក៏មិនធ្វើឲ្យយើងបារម្ភដូចនៅទីក្រុងផ្សេងៗដែរ។