ក្រុមហ៊ុន Hitachi ដាក់ទិសដៅក្នុងការកែប្រែអចលនទ្រព្យទំនើបក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច!

នៅក្នុងប្រទេសកម្ពុជាយើងប្រហែលជាបានស្គាល់ក្រុមហ៊ុន Hitachi តាមរយៈគ្រឿងបរិក្ខារអេឡិចត្រូនិចក្នុងផ្ទះនិងគ្រឿងចក្រត្រាក់ទ័រជាដើម។ ក្រុមហ៊ុន Hitachi ជាក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុន មានអាយុកាល ១០៩ ឆ្នាំមកហើយ និងមានជំនួញ ១១ ប្រភេទផ្សេងៗគ្នា ដោយមានទាំងផ្នែកអេឡិចត្រូនិច, គ្រឿងចក្រ, ឧស្សាហកម្មថាមពល, សំណង់, ប្រព័ន្ធផ្សព្វផ្សាយ, ហេដ្ឋារចនាសម្ព័ន្ធសង្គម, ប្រព័ន្ធព័ត៌មាននិងទូរគមនាគមន៍ -ល-។ 

ថ្មីៗនេះដែរ ក្រុមហ៊ុន Hitachi Asia បានសហការជាមួយក្រុមហ៊ុន Frasers Property Group ដោយបានវិនិយោគវិភាគទានចំនួន ៥០ លានដុល្លារទាំងសងខាង ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅទីក្រុងក្នុងតំបន់អាស៊ីបាស៊ីហ្វិច មានភាពរីកចម្រើនឡើងបែបឌីជីថលលឿនបំផុតនៅរយៈពេល ៥ ឆ្នាំខាងមុខ។

ក្រុមហ៊ុន Hitachi និង Frasers Property ខាងលើនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល ទៅលើវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយមិនរាប់បញ្ជូលប្រទេសចិន និងជប៉ុនឡើយ។ គោលដៅនេះ គឺដាក់ត្រឹមឆ្នាំ ២០២៥ ដែលតាមការព្យាករណ៍របស់ក្រុមហ៊ុន Hitachi Asia គេអាចនឹងវិនិយោគទឹកប្រាក់ជាង ៨២ លានដុល្លារ។ លើសពីនេះ ក្រុមហ៊ុនទាំង ២ ក៏បានសហការជាមួយស្ថាប័នជប៉ុនផ្សេងទៀតផងដែរ ដើម្បីរៀបចំនូវប្រព័ន្ធឌីជីថលជំនាន់ថ្មី, ការផ្ដល់បច្ចេកវិទ្យាប្រកបដោយចីរភាព, ហេដ្ឋារចនាសម្ព័ន្ធបម្រើការ IaaS (Infrastructure as a Service) ដើម្បីដោះស្រាយបញ្ហាក្នុងឧស្សាហកម្មឌីជីថល ទៅលើអចលនទ្រព្យ។ 

ចំពោះដំណាក់កាលដំបូង គឺក្រុមហ៊ុនទាំង ២ នឹងអភិវឌ្ឍន៍ទៅលើគម្រោង One Bangkok Development ដោយគេនឹងព្យាយាមអភិវឌ្ឍន៍សេវាកម្មទីក្រុងវៃឆ្លាតក្នុងទីក្រុងបាងកក ដោយគម្រោងនេះផ្ដោតទៅលើការគ្រប់គ្រងប្រព័ន្ធដំណើរការ, អភិវឌ្ឍន៏ប្រព័ន្ធឌីជីថលផ្នែកលើតម្រូវការប្រជាជន, និងគិតគូរទៅលើ eco-friendly ដែលគេអាចរស់នៅប្រកបដោយនិរន្តរភាព។ 

ក្រុមហ៊ុន Hitachi បានលើឡើងថា នេះគឺជាឱកាសដ៏ល្អណាស់ដែលក្រុមហ៊ុន Frasers Property បានសហការនិងមានទំនុកចិត្តទៅលើក្រុមហ៊ុន Hitachi ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យឲ្យមានភាពរីកចម្រើនមួយកម្រិតទៀត ដោយមានការផ្សារភ្ជាប់អលចនទ្រព្យទៅនឹងប្រតិបត្តិការបច្ចេកវិទ្យា OT (Operational Technology) និងពត៌មានវិទ្យា IT (Information Technology) ដែលជាវិទ្យាសាស្ត្រដ៏ចាំបាច់បំផុតដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម ៤.០ ចុងក្រោយនេះ ជាពិសេសគឺអភិវឌ្ឍន៍គុណភាពនៃការរស់នៅទំនើប។