សាលារាជធានីភ្នំពេញ កែសម្រួលខ្សែរត់របស់រថយន្តក្រុង ដើម្បីសម្រួលទៅដល់ការកើនឡើងនៃអ្នកដំណើរ

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ រថយន្តក្រុង (City Bus) ដែលរដ្ឋាភិបាល បានដាក់ឲ្យដំណើរការ សម្រាប់ការដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ កំពុងតែមម៉ាញឹក និងទទួលបានការគាំទ្រច្រើនពីសំណាក់ពូមីង សិស្សានុសិស្ស និស្សិត ជាច្រើន។ ស្ថិតក្រោមកិច្ចសហការណ៍រវាងសាលារាជធានីភ្នំពេញ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA របស់ជប៉ុន ដែលបានដាក់ចេញនូវមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងន័យរួមចំណែកកាត់បន្ថយការចំនាយ និងការកកស្ទះនៅតាមផ្លូវ ថែមទាំងរក្សាបាននូវសុវត្ថិភាព និងសុភាពល្អ ជាអាទិ៍ បានបង្ហាញនូវផលវិជ្ជមានជាច្រើន និងបានកំពុងពង្រឹងបន្ថែមទៀត យោងតាមរយៈសេចក្ដីជូនដំណឹងជាសាធារណៈកាលពីម្សិលមិញនេះ។

រថយន្តក្រុងសាធារណៈ ដែលកំពុងបំពេញការងារ ដឹកអ្នកដំណើរ នៅក្នុងរាជធានីភ្នំពេញ មានចំនួនសរុបទាំងអស់ ១៣ ខ្សែ ដោយក្នុងនោះមានរថយន្តចំនួន ២៣៥ គ្រឿង ដែលក្នុងមួយថ្ងៃ ប្រជាពលរដ្ឋបានប្រើប្រាស់សេវាកម្មនេះចន្លោះពី ២៦,០០០ នាក់ទៅជាង ៣០,០០០ នាក់ឯណោះ។ ទន្ទឹមជាមួយនឹងការរីកចំរើននេះផងដែរ ដើម្បីផ្ដល់នូវភាពងាយស្រួលបន្ថែមទៀត ទៅលើការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ឲ្យកាន់តែប្រសើរ ធានាបាននូវប្រសិទ្ធភាព សាលារាជធានីភ្នំពេញ និងអង្គការអន្តរជាតិ JICA បានសម្រេចធ្វើការកែសម្រួលនូវខ្សែរត់របស់រថយន្តក្រុងមួយចំនួន រួមមានដូចជា៖

1. ខ្សែទី១B ៖ ធ្លាប់រត់ចេញពីចំណតច្បារអំពៅ ទៅដល់ផ្សារគគីរ ត្រូវបានកែសម្រួលឲ្យរត់ចេញពីចំណតបឹងឈូក ទៅផ្សារគគីរ (វិលជុំ) វិញ។

2. ខ្សែទី៥ ៖ ដែលបច្ចុប្បន្នរត់ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារ Aeon 2 ដល់ផ្សារ Aeon 1 ត្រូវកាត់ជាពីរខ្សែ ដោយខ្សែទី ៥A រង់ចេញស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅដល់ផ្សារ Aeon 2 (វិលជុំ)។ ខ្សែ ៥B រត់ពីផ្សារ Aeon 1 ដល់ផ្សារ Aeon 2 (វិលជុំ) ដោយការបង់ថ្លៃសេវាកម្ម គឺអ្នកជិះទាំងអស់អាចបង់តែមួយលើកតែប៉ុណ្ណោះ ដោយគ្រាន់តែបង្ហាញកន្ទុយសំបុត្រលើកទី១ ដល់ភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ ទៅគឺបានហើយ។

3. ខ្សែទី១០៖ ដែលពីមុនរត់ចេញពីផ្សារសុិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូកត្រូវបានកែសម្រួលឲ្យរត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស ដល់ច្បារអំពៅរួចវិលត្រឡប់មកវិញ។

4. ខ្សែទី១៣៖ ពីមុនរត់ចេញពីចំណតរង្វង់មូលកួចកាណុង ទៅដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ត្រូវបានកែសម្រួលឲ្យរត់ចេញពីចំណតរាជាយស្ម័យយាន ទៅដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) វិញ។

ការផ្លាស់ប្ដូរផ្លូវរត់ទាំង ៤ខ្សែ ខាងលើនេះ នឹងគិតចាប់ផ្ដើមដំណើរការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ នេះហើយ ហេតុនេះ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានដំណើរនៅតាមតំបន់ខាងលើនេះ គប្បីជ្រាបជាដំណឹងឲ្យបានច្បាស់ ជាសវាងជិះខុសគោលដៅ ដែលខ្លួនចង់ទៅ។ 

 

ប្រភព៖ សាលារាជធានីភ្នំពេញ