ត្រីមាសទី១ ក្នុងឆ្នាំនេះ កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥៨ លាននាក់ កើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃ ២៤ មេសាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិចំនួន ១,៥៨ លាននាក់ នៅក្នុងត្រីមាសទី១ (ខែមករាដល់មីនា) ឆ្នាំ២០២៤ កើនឡើង ២២,៥% ពីចំនួន ១,២៩ លាននាក់ ក្នុងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ជាក់ស្តែង ក្នុងនោះដែរ ប្រទេសថៃ គឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុត សម្រាប់កម្ពុជា ក្នុងអំឡុងពេលនេះ ដែលមានភ្ញៀវទេសចរ ចំនួន ៤៤៩ ៧៨១នាក់ ទោះបីជាវាមានការថយចុះ ១,១% ធៀបនឹងរយៈពេលមួយឆ្នាំ ក៏ដោយ។

របាយការណ៍ដដែល ក៏បានបន្ថែមថា ភ្ញៀវទេសចរវៀតណាម ចំនួន ២៩៩ ៣៩១ នាក់ និងភ្ញៀវទេសចរចិនចំនួន ១៨៩ ៩៦១នាក់ ក៏បានធ្វើដំណើរមក ប្រទេសកម្ពុជាក្នុងអំឡុងពេលបីខែ កើនឡើង ១៨,៩% និង១២% រៀងគ្នាផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសប្រហែល ៤០% មកតាមអាកាសយានដ្ឋាន កើនឡើង ៣៣% ក្រៅពីនោះគឺមកតាម ច្រកព្រំដែនគោក និងផ្លូវទឹក។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័ក បានមានប្រសាសន៍ថា កំណើននៃភ្ញៀវទេសចរបរទេស នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍នៅកម្ពុជា កំពុងងើបឡើងវិញ ហើយនឹងឈានដល់ កម្រិតមុនជំងឺរាតត្បាត នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម បានបន្ថែមថា សន្តិភាព ស្ថេរភាព និងការតភ្ជាប់ គឺជាកត្តាចម្បងដែល រួមចំណែកដល់ការកើនឡើងនៃ ភ្ញៀវទេសចរបរទេស ចូលមកកម្ពុជា។ គួរឲ្យដឹងថា វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះដែរ ព្រះរាជាណាចក្រកម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោក ចំនួនបួនគឺ ឧទ្យានបុរាណអង្គរ រមណីដ្ឋានប្រាសាទសំបូរព្រៃគុក នៅកណ្តាលខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នៅភាគពាយ័ព្យ នៃខេត្តព្រះវិហារ។

ក្រៅពីនេះ កម្ពុជាមានឆ្នេរដ៏ស្រស់ស្អាត លាតសន្ធឹងប្រវែងប្រហែល ៤៥ គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតីចំនួន ៤ ដូចជាខេត្តព្រះសីហនុ កំពត កែប និងកោះកុង ជាដើម។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការ “ទៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” កាលពីដើមខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើន មកទស្សនាតំបន់ទេសចរណ៍ នៅកម្ពុជា ដែលកំពុងជួបការលំបាក ក្នុងការស្តារឡើងវិញ ពីជម្ងឺរាតត្បាត Covid-19។

របាយការណ៍របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញផងថា ទេសចរណ៍ក្រៅប្រទេសរបស់កម្ពុជា ក៏បានកើនឡើង ១,៧% ដល់ ៤១៥ ៩០៩ ក្នុងអំឡុងខែមករា ដល់ខែមីនាឆ្នាំនេះ។

កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ ដោយទទួលបាន ប្រាក់ចំណូលសរុបចំនួន ៣,០៨ ពាន់លានដុល្លារ នេះបើយោងតាមការបង្ហាញរបស់ ក្រសួងទេសចរណ៍។