ទំហំពាណិជ្ជកម្មរវាង កម្ពុជានិងចិន សម្រេចបានចូល ១០ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ ២០២៣ កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២!


ភ្នំពេញ៖ នៅថ្ងៃទី២៣ មេសា កន្លងទៅថ្មីៗនេះ បើតាមការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានរដ្ឋសភា បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។

ក្នុងឱកាសជំនួបទ្វេភាគីនោះដែរ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានស្នើដល់ចិនជួយជម្រុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឯកឧត្តមផ្ទាល់ ឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាត សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

ដោយឡែក បើគិតត្រឹមរយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ នេះវិញ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

តែបើគិត សម្រាប់រយៈពេលត្រឹម ៦ខែក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ វិញ ទំហំពាណិជ្ជកម្មលើការនាំចេញ របស់កម្ពុជា មានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧% បើធៀបនឹងរយៈពេលដូចគ្នា នាពេលដូចគ្នាកាលពីឆ្នាំមុន។