មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា (Tech Center) ដំបូងបង្អស់នៅកម្ពុជា នឹងលេចចេញរូបរាងឆាប់ៗនេះ

សព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីសម្រួលការងារដែលពិបាកៗ ហើយសម្រាប់ធនធានមនុស្សនៃផ្នែកបច្ចេកវិទ្យាវិញ គឺជាតម្រូវការយ៉ាងចាំបាច់មួយក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យបានជឿនលឿនបានយ៉ាងឆាប់រហ័ស នៅក្នុងរបត់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និងដំណើរការសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលនេះ។ ដោយមានការយកចិត្តទុកដាក់ បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដើម្បីឲ្យកាន់តែប្រសើរជាងមុន ទើបវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) បានសម្រេចសាងសង់អគារ មជ្ឍមណ្ឌលបច្ចេកវិទ្យា (Tech Center) មួយខ្នង ដើម្បីប្រើប្រាស់សម្រាប់កសាងសមត្ថភាព បន្ថែមការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងប្រទេសឲ្យបានរីកចម្រើនថែមមួយកម្រិតទៀត។ 

កាលពីថ្ងៃទី ២១ តុលា ២០១៩ កន្លងទៅនេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានប្រារព្ធពិធីក្រុងពាលី បច្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) ក្រោមអធិបតីភាព ឯកឧត្តម  ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. និងការបានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន និងស្ថាប័នដៃគូជាច្រើន រួមទាំងសាស្ត្រាចារ្យ និសិត្ស -ល-។ 

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ០៤ ជាន់ និងទំហំអគារសរុប ៣,៨០០ ម៉ែត្រការ៉េ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា ឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel ប្រចាំប្រទេសកម្ពុជា។ អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និងប្រែក្លាយសមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត(AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ីនធឹណេតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ីនធឺណេត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់វិស័យអប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់វិស័យកសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់វិស័យសុខាភិបាល (HealthTech) -ល-។

គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជាសមិទ្ធផលទីពីរនៃការសាងសង់ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ ១៨ ខែ។ ចំណែកឯសមិទ្ធផលទីមួយវិញ គឺមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលកំពុងតែបញ្ជប់ការសាងសង់ នឹងត្រូវដាក់ឱ្យដំណើរការក្នុងដើមឆ្នាំ ២០២០ ខាងមុខនេះ។

 

ប្រភព៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន