ជណ្តើរ “Step Street” នៅក្នុងតំបន់ Bronx នៃទីក្រុងញូវយ៉ក ដែល បានថតរឿង “Joker” នោះ បានក្លាយជាកន្លែងដែលមានភ្ញៀវទេសចរ មកលេងច្រើនកុះករ!

ដូចទៅនឹងភ្ញៀវទេសចរដទៃទៀតដែរ លោក Patrico Osuna មានគោលដៅដើរកម្សាន្តច្រើនណាស់ នៅក្នុងទីក្រុងញូវយ៉ក ដូចជា The Statue of Liberty, Time Square និងទីតាំងដែលកំពុងតែទទួលបានការទាក់ទាញខ្លាំងនោះគឺជាជណ្តើរឡើងសម្រាប់ចុះឡើង មួយកន្លែងនៅក្នុងតំបន់ Bronx ដែលជាកន្លែងសម្គាល់បានថតខ្សែភាពយន្តដ៏ល្បីមួយថ្មីៗនេះ។

ទើបតែថ្មីៗនេះដែរទេ លោក Osuna និងក្រុមរបស់គាត់បានទៅទស្សនាដល់កន្លែងនៃបរិវេណជណ្តើរឡើងចុះ ក្នុងតំបន់ Bronx នោះ ដែលត្រូវបានគេស្គាល់ថា “Step Street” ដើម្បីទៅមើលឃើញទេសភាពជីវិតពិតទៅនឹងទេសភាពដែលមិនអាចបំភ្លេចបាននៅក្នុងរឿង “Joker” ជារឿងបែប Villain ដែលបានបំបែកចេញពី Batman មក ហើយវាក៏ជាខ្សែភាពយន្តដែលកំពុងផ្ទុះខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ឈុតនេះត្រូវបានគេចាំថានៅពេលដែល Arthur Fleck (ឈ្មោះពិតរបស់តួអង្គ Joker) សម្តែងដោយលោក Joaquin Phoenix បានផ្លាស់ប្តូរខ្លួនទៅជា Joker នៅពេលដែលគាត់បានរាំនៅតាមជណ្តើរនៃបទចម្រៀង Rock & Roll Part 2 របស់លោក Gary Glitter “ចំណាំដោយសក់របស់គាត់បានលាបជាពណ៌បៃតង និងមុខរបស់គាត់គូរជារូបត្លុក។”

លោក Osuna ដែលជាម្ចាស់ក្រុមហ៊ុនឡានក្រុងវ័យ 46 ឆ្នាំនេះ បាននិយាយថា “ខ្ញុំទើបតែមកកម្សាន្តនៅទីក្រុងញូវយ៉កជាលើកដំបូងទេ ប៉ុន្តែចាំបាច់ណាស់ដែលខ្ញុំត្រូវតែមកបានឃើញផ្ទាល់នឹងភ្នែក នូវជណ្តើរដែល Joker បានរាំនេះនៅតាមនេះ។” បន្ទាប់ពីនេះមក គាត់ក៏បានធ្វើត្រាប់តាម Joker ពេលចុះពីលើជណ្តើរមក។

រហូតមកដល់ពេលនេះ ដូចទឹកបាក់ទំនប់ មានភ្ញៀវទេសចរជាច្រើន បានធ្វើដំណើរមកកាន់ទីនេះ តាមលោក Osuna ដែរ។ នៅក្នុងតំបន់ Bronx នេះក៏មានកន្លែងទាក់ទាញមួយចំនួនផ្សេងទៀតផងដែរ ដូចជាសួនសត្វ Bronx, សួនច្បារ New York Botanical Garden និង The New York Yankees ដែលមានទីតាំងនៅខាងលិចផ្លូវ 167th រវាង Anderson និង Shakespeare Avenues។

តាំងពីរឿង Joker ត្រូវបានដាក់បញ្ចាំងប្រមាណពីរសប្តាហ៍រួចមក ប្រជាជននៃទីក្រុងញូវយ៉ក និងអ្នករស់នៅក្រៅក្រុងជាច្រើន បានធ្វើដំណើរទៅកាន់ជណ្តើរនេះ ក្នុងការថតរូប Selfie ហើយព្យាយាមត្រាប់តាមក្បាច់រាំរបស់ Joker។

រឿង Joker ដែលដឹកនាំសម្តែងដោយលោក Todd Phillips និងធ្វើការចែកចាយដោយផលិតកម្ម Warner Bros បានឈរនៅលើតារាងកំពូល Box Office ក្នុងរយៈពេលពីរសប្តាហ៍ និងបានបំបែកកំណត់ត្រាធំបំផុតនៅក្នុងខែតុលា ក្នុងការដាក់បញ្ចាំងនៅក្នុងសប្តាហ៍ដំបូង អាចរកបានចំណូលដល់ទៅ $96.2 លានដុល្លារ។

លោក Jose Cruz ដែលជាបុរសចំណាស់រស់នៅក្នុងតំបន់ Bronx នេះជាយូរយារណាស់មកហើយ និងបានឡើងតាមជណ្តើរ 131 នៅខាងលិចផ្លូវ 167th នេះរៀងរាល់ថ្ងៃ បាននិយាយថា “វាពិតជាល្អសម្រាប់ពួកយើង! ទីនេះជាកន្លែងសាធារណៈ ប្រជាជនមិនចាំបាច់ខ្លាចបរិវេណតំបន់ Bronx នេះទៀតឡើយ។”