ក្រុមហ៊ុនអាមេរិកធំមួយ ចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា ក្នុងវិស័យថាមពល

ភ្នំពេញ៖ កម្លាំងថាមពលអគ្គិសនីនៅកម្ពុជា បច្ចុប្បន្នកំពុងតែវិវឌ្ឍទៅរកភាពល្អប្រសើរឡើងបន្តិចម្ដងៗ ហើយ ក្រោមការយកចិត្តទូកដាក់យ៉ាងខ្លាំង របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវតម្រូវការទីផ្សារ នៃសង្គមកម្ពុជាបច្ចុប្បន្ន មិនថាតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនៅតាមបណ្ដាខេត្តជាច្រើនផ្សេងៗ ទៀតផងដែរ។ តម្រូវការថាមពល របស់កម្ពុជា កំពុងតែឡើងជាលំដាប់ ហេតុនេះដើម្បីផ្គត់ផ្គង់ ឲ្យបានទៅតាមកម្រិតស្តង់ដារ រដ្ឋាភិបាលមិនត្រឹមតែបានចំនាយថវិការជាតិវិនិយោគប៉ុណ្ណោះទេ ជាក់ស្ដែងមានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន មកពីចិន ម៉ាឡេស៊ី បារាំង បានកំពុងវិនិយោគ លើវិស័យថាមពលនេះនៅកម្ពុជា ហើយដំណឹងល្អទៀតនោះគឺថា ក្រុមហ៊ុនអាមេរិកធំមួយ ក៏មានគោលបំណង ចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

យោងតាមប្រភពព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិក ជំនាញខាងវិស័យថាមពល ដែលមានឈ្មោះហៅថា General Electric ហៅកាត់ថា GE មានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការវិនិយោគនៅកម្ពុជា។ ដំណឹងនេះ ត្រូវបានចេញផ្សាយ ក្រោយពីកិច្ចប្រជុំពិភាក្សារវាង ឯកឧត្ដម ប៉ាន សូរស័ក្តិ ជាមួយឯកឧត្ដម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា នៅទីស្ដីការរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ។ ជុំវិញការពិភាក្សានោះឯកឧត្ដម ប៉ាទ្រីក មើហ្វី បានសម្ដែង នូវការគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការអនុវត្តគោលនយោបាយការងារ នៅកម្ពុជា ដោយយល់ថា ការរក្សាបាន និងលើកកម្ពស់បន្ថែមទៀត នៃស្ដង់ដារការងារនៅកម្ពុជា បានពង្រឹងកិត្តិយសកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត។

ជុំវិញការលើកឡើងរបស់អាមេរិក ក្នុងការគាំទ្រទៅលើគោលនយោបាយកម្ពុជា ស្របពេលសេដ្ឋកិច្ច កំពុងដំណើរការបានរលូនផងដែរនោះ ឯកឧត្ដម ប៉ាន សូរស័ក្ត បានសម្ដែងនូវសេចក្ដីរីករាយ ទៅលើការគាំទ្រ ទៅដល់ការពង្រឹងស្ដង់ដារការងាររបស់ក្រុមហ៊ុនអាមេរិក នៅកម្ពុជា និងសំនូមពរឲ្យមានការចូលមកវិនិយោគ នៅកម្ពុជាបន្ថែមទៀត ពីសំណាក់ក្រុមហ៊ុនរបស់អាមេរិក ពិសេសប្រភេទក្រុមហ៊ុន ដែលអាចបង្កើតនូវតម្លៃ និងជំនាញបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ ដូចជាក្រុមហ៊ុន កែច្នៃកសិផល កែច្នៃត្បូងពេជ្រ កម្មន្តសាលធន់ស្រាល អេឡិចត្រូនិចជាអាទិ៍។ជាការឆ្លើយតប ឯកឧត្ដមក៏បានបង្ហាញនូវការគាំទ្រ និងឯកភាព ទៅលើការចូលរួមវិភាគទាន នៃក្រុមហ៊ុនអាមេរិកនៅកម្ពុជា រួមបញ្ចូលផងដែរទៅលើការបង្កើតការងារ និងបណ្ដុះបណ្ដាលជំនាញ ជូនពលករកម្ពុជា ស្របពេលការធ្វើទស្សនកិច្ចរបស់ឯកឧត្ដមនៅកម្ពុជាប៉ុន្មានថ្ងៃនេះ ឯកឧត្ដម សង្កេតឃើញមានសហគ្រាសតូច មធ្យម និងធំជាច្រើន ជាការរីកចំរើនរបស់កម្ពុជា។

ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក នៅកម្ពុជា នៅតែបន្តមានភាពល្អប្រសើរដដែល ពុំចោទមានបញ្ហាអ្វីឡើយ ហើយកម្ពុជា ក៏បានលើកទឹកចិត្តឲ្យវិនិយោគិនអាមេរិក ក៏ដូចជាសភា ពាណិជ្ជកម្មរបស់អាមេរិក នៅកម្ពុជា ឲ្យចូលរួមក្នុងសកម្មភាព និងកិច្ចដំណើរការវេទិការបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកិច្ចប្រឈមនានា ក្នុងន័យដោះស្រាយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានទាន់ពេលវេលា។ 

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម