អគារសម្រាប់ត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រសួងសាធារណការ បើកសម្ភោធឲ្យប្រើប្រាស់កាលពីម្សិលមិញ

ភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ  មជ្ឈមណ្ឌល សម្រាប់ធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី មួយកន្លែង មានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមដោយអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្តមអភិបាលខណ្ឌឬស្សីកែវ ចៅសង្កាត់ច្រាំងចំរេះ២ មន្ត្រីរាជការ និងភាគីពាក់ព័ន្ធ ផងដែរ។

ថ្លែងនៅក្នុងឱកាសសម្ភោធនូវមជ្ឈមណ្ឌលថ្មីមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ សេវាចាំបាច់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់ រហ័សជូនបងប្អូនប្រជាពលរដ្ឋ និងការផ្តល់សេវាផ្សេងៗទៀតដូចជា៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែល មានបំណងចង់ប្តូរ ឬពន្យាបណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីយានយន្ត ការស្នើសុំឆៀករថយន្តតាមប្រព័ន្ធអនឡាញអាចឱ្យប្រជាពលរដ្ឋស្នើសុំពេលវេលា ថ្ងៃខែដើម្បីទទួលសេវាឆៀកជាអាទិ៍។ ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ នឹងបន្តខិតខំរកនីតិវិធីផ្សេងទៀតដើម្បី ផ្តល់សេវាងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ និងបន្តសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា៖ ការពង្រីក និងពង្រឹងគុណភាពផ្លូវ ការសាងសង់ស្ពាន និងកំពង់ផែជាដើម ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូនមានភាពប្រកួតប្រជែង អាចដឹកជញ្ជូនបានក្នុងតម្លៃថោក និងអាចទាក់ទាញវិនិយោគិនបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។

ការសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នៃមជ្ឈមណ្ឌល សម្រាប់ធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មួយនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជិត ១ ហិកតា និងត្រូវបានចាប់ផ្ដើម ធ្វើការសាងសង់កាលពីខែមីនា កន្លងទៅ និងបានបញ្ចប់ជាស្ថាពរកនៅចុងខែសីហា កន្លងទៅ ដោយរាប់បញ្ចូលទាំងសំណង់អគារ និងការបំពាក់នូវរាល់ឧបករណ៍ឆៀកស៊េរីឆ្នាំ ២០១៩។ ប្រភពព័ត៌មានរបស់ក្រសួងបានឲ្យដឹងបន្ថែមថា ឧបករណ៍ឆៀកសម្រាប់ធ្វើការត្រួតពិនិត្យយានយន្តនៅកម្ពុជា មានចំនួន ៨ប្រភេទដូចជា៖

• ឧបករណ៍វាស់ផ្សែងសាំង 

• វាស់ផ្សែង ម៉ាស៊ូត 

• វាស់ល្បឿន 

• វាស់ស៊ីផ្លេ 

• វាស់លំងាកចង្កូត 

• វាស់បាច់ពន្លឺហ្វាកូត 

• ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង 

• និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានមណ្ឌលឆៀកយានយន្តសរុបចំនួន ១៣កន្លែង និងឆៀកចល័ត ៣គ្រឿង ក្នុងនោះរាជធានីភ្នំពេញមាន៤កន្លែង និង ៩កន្លែងផ្សេងទៀតនៅតាមខេត្តចំនួន ៩ គឺ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត ៣គ្រឿងកំពុងធ្វើប្រតិបត្តិការឆៀករបស់ខ្លួននៅតាមខេត្តឆ្ងាយៗមួយចំនួន មិនទាន់មានមណ្ឌលឆៀកផ្ទាល់ខ្លួននៅឡើយទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងសូមឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ត្រូវគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវប្រើគ្រឿងស្រវឹងនិង ទូរស័ព្ទពេល កំពុងបើកបរ និងយករថយន្តរបស់ខ្លួនទៅឆៀកឱ្យបានទៀងទាត់តាមច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរា ចរណ៍នៅតាមដងផ្លូវ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន