Disneyland ធ្វើការតម្លើងថ្លៃសំបុត្ររបស់ខ្លួន 3% ជាមួយនឹងកញ្ចប់តម្លៃឡើងដល់ $154 ក្នុងមួយថ្ងៃ!

Walt Disney Co. បានធ្វើការតម្លើងថ្លៃចូលដល់ដៅ 3.4% នៅរមណីយដ្ឋាន Disneyland (Disneyland Resort) របស់ខ្លួននៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែការកើននេះ នៅទាបជាងឆ្នាំមុនៗនៅឡើយ បើទោះបីជា ឧទ្យានកម្សាន្តដ៏មានតម្លៃ Star Wars Themed land បានដាក់ដំណើរការតាំងពីឆ្នាំមុនក៏ដោយ។

បើយោងតាម គេហទំព័ររបស់ក្រុមហ៊ុន ដែលបានបង្ហាញនៅថ្ងៃអង្គារនេះថា ថ្លៃសំបុត្រចូលទស្សនាសម្រាប់ពេលមួយថ្ងៃ (Single peak-day) មានតំលៃ $154  ដែលបានកើនឡើងពីតម្លៃចុងក្រោយ $149។ កាលពីឆ្នាំមុនតម្លៃសំបុត្រប្រភេទនេះ បានកើនឡើងដល់ទៅ 10% ឯណោះ។ ផ្នែក Annual Passes ក៏មានកើនឡើងផងដែរដោយប្រភេទ Premier Access ដែលមានតម្លៃខ្ពស់បំផុត កើនឡើងដល់ទៅ $2.199 កើនឡើង 5% ចាប់តាំងពីខែមិថុនានិង 13% បើធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន Disney ដែលជាប្រតិបត្តិករសួនកម្សាន្តធំជាងគេបំផុត នៅលើពិភពលោក បានព្យាយាមរកវិធីដើម្បីគ្រប់គ្រងហ្វូងមនុស្សជាច្រើន និងទុកឱ្យរមណីយដ្ឋានរបស់ខ្លួន អាចបើកឲ្យចូលកម្សាន្តបាន ដោយផ្តល់ជូននូវតម្លៃទាប ក្នុងកំឡុងពេលឈប់សម្រាក ដូចជាក្នុងពេលរដូវរងារ និងនៅពេលកុមារតូចៗស្ថិតក្នុងឱកាសវិស្សមកាលជាដើម។ ក្រុមហ៊ុនក៏បានពង្រីកការផ្តល់ជូននូវAnnual passes របស់ខ្លួនផងដែរ ដូចទៅនឹងការវិនិយោគរាប់ពាន់លានដុល្លារ ទៅក្នុងតំបន់ទាក់ទាញថ្មីៗជាច្រើនទៀត។

ក្រុមហ៊ុន Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចទៅកាន់ឧទ្យានរបស់យើង គឺជាតម្លៃដ៏ល្អបំផុត នៅក្នុងកន្លែងកម្សាន្ត ហើយយើងផ្តល់ជូននូវជម្រើសសំបុត្រ ដែលអាចផ្លាស់ប្តូរបាន (flexible tickets) ដើម្បីឱ្យភ្ញៀវទេសចរដែលមានលក្ខណៈជាគ្រួសារ អាចជ្រើសរើសអ្វី ដែលល្អបំផុតសម្រាប់ពួកគេ”។

កាលពីឆ្នាំមុនក្រុមហ៊ុន Disney បានបើកដំណើរការ Star Wars-themed lands នៅឯ Hollywood Studios park របស់ខ្លួននៅ Orlando, Florida និងនៅ Original Disneyland នៅ Anaheim រដ្ឋ California ដោយចំណាយអស់ថវិកាខ្ទង់ មួយកោដិដុល្លារ សម្រាប់ទីតាំងមួយ។

ការចូលរួមនៅតាមរមណីយដ្ឋានក្នុងស្រុក របស់ក្រុមហ៊ុន មានលក្ខណៈធូរស្រាល នៅក្នុងឆ្នាំបង់ពន្ធ ដែលបានបញ្ចប់ក្នុងខែកញ្ញា ហើយកើនឡើង ប្រមាណ 2% នៅក្នុងត្រីមាសចុងក្រោយនេះ។

យោងតាមគេហទំព័រ WDW News Today បានអោយដឹងថា ក្រុមហ៊ុនក៏បានតម្លើងថ្លៃ សម្រាប់ Annual Passes នៅឧទ្យាន Orlando របស់ខ្លួនផងដែរ។

Disneyland គឺជាឧទ្យានកម្សាន្តដែលមានអ្នកទស្សនា ច្រើនបំផុតលំដាប់ទី 2 នៅលើពិភពលោក បន្ទាប់ពី Magic Kingdom របស់ក្រុមហ៊ុននៅ Orlando។ វាបានទាក់ទាញភ្ញៀវចំនួន 18.7 លាននាក់នៅឆ្នាំ 2018 នេះបើយោងតាម Themed Entertainment Association។