អ្នកធ្វើដំណើរចុងក្រោយ ២៣៣ នាក់ បានចេញពីនាវា Westerdam ដើម្បីវិលត្រឡប់ទៅប្រទេសខ្លួនវិញហើយ

ព្រះសីហនុ៖ ក្រោមកិច្ចសហការណ៍របស់រដ្ឋាភិបាលកម្ពុជា យ៉ាងយកចិត្តទុកដាក់ នៅទីបំផុតអ្នកធ្វើដំណើរនៅលើនាវា Westerdam ទាំងអស់ត្រូវបានរៀបចំឲ្យធ្វើដំណើរទៅកាន់ស្រុកកំណើត នៃប្រទេសជាតិរបស់ខ្លួនវិញហើយ ដែលចំនួន ២៣៣ នាក់ចុងក្រោយ ត្រូវបានរៀបចំឲ្យធ្វើដំណើរតាមរថយន្តក្រុង និងបន្តទៅកាន់ព្រលានយន្តហោះកាលពីម្សិលមិញនេះ ក្រោមការដឹកនាំ និងចាត់ចែងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ ថុល បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣ រូបចុងក្រោយ ចុះចេញពីលើនាវា Westerdam ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន។ ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន ១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ និងបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។

ការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង ២៣៣ រូបនោះ។ ជាមួយគ្នានេះផងដែរ ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំងឺរលាកសួត ឬមេរោគ Covid-19 ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ ស្ត្រី និងកូនក្មេងផងដែរ។

ដើម្បីបង្ការ និងបញ្ជៀសនូវរាល់ហេតុការណ៍ណាមួយ អ្នកដំណើរទាំងនោះ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅ ឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ ទាំងនេះជាការស្ដែងចេញឲ្យឃើញនូវកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះជនរងគ្រោះដែលត្រូវបានបោះបង់ចោលនៅលើមហាសាគរដ៏ធំល្វឹងល្វើយ ។

ក្នុងឱកាសនោះ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន និងបានអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន