ក្រុមហ៊ុនស្ថាបត្យកម្ម Grafton Architects ឈ្នះការប្រកួតប្រជែង ក្នុងការរចនាមជ្ឈមណ្ឌលទំនើបធ្វើពីឈើ (Anthony Timberlands Center) នៅឯសាកលវិទ្យាល័យប្រចាំរដ្ឋ Arkansas



ក្រុមហ៊ុនស្ថាបត្យកម្ម Grafton Architects ត្រូវបានជ្រើសរើសជាក្រុមហ៊ុន ដែលឈ្នះការប្រកួតប្រជែង និងបានទទួលបន្ទុកក្នុងការរចនាមជ្ឈមណ្ឌល Anthony Timberlands សម្រាប់ជាទីតាំងនៃផ្នែក Design និង Materials Innovation នៅឯសាកលវិទ្យាល័យប្រចាំរដ្ឋ Arkansas។ ដោយមានការសហការជាមួយនឹង Modus Studio សម្រាប់ការសាងសង់ទៅលើមជ្ឈមណ្ឌលស្រាវជ្រាវ និងរចនានោះ កាលវិភាគនៃគម្រោង នឹងចាប់ផ្តើមនារដូវក្តៅខាងមុខនេះ។ 


វាគឺជាផ្នែកមួយនៃសាលា Fay Jones ដែលជាសាលាផ្នែកស្ថាបត្យកម្មនិងរចនា ដោយគម្រោងនៃមជ្ឈមណ្ឌលស្រាវជ្រាវថ្មី នឹងត្រូវបានដាក់នៅជ្រុងភាគឥសាន នៃសាកលវិទ្យាល័យ Windgate Art and Design District នៅតាមបណ្តោយផ្លូវ Martin Luther King Jr. Boulevard ក្នុងភាគខាងត្បូងនៃ Fayetteville។ ដោយមានការយកចិត្តទុកដាក់ពី សំណាក់ក្រុមហ៊ុនស្ថាបត្យកកម្ម Grafton ដែលមានលោក Yvonne Farrell និងលោកស្រី Shelley McNamara ជាស្ថាបនិករបស់ក្រុមហ៊ុន ដែលពួកគាត់ក៏ជាអ្នកឈ្នះ និងទទួលពានរង្វាន់ស្ថាបត្យកម្ម Pritzker ប្រចាំឆ្នាំ 2020។ 

គម្រោងនេះនឹងបម្រើជាចំណុចកំពូលសម្រាប់គម្រោងរចនាប្លង់ធ្វើពីឈើ (Timber + Wood) ជាច្រើនរបស់សាលា Fay Jones។ ការរចនាបង្កើតកម្មវិធី និងមន្ទីរពិសោធន៍បច្ចេកវិទ្យា កន្លែងច្នៃប្រឌិត និងជាផ្ទះថ្មីនៃកម្មវិធីបញ្ចប់ការសិក្សា ដែលកំពុងលេចធ្លោរបស់សាលាក្នុងការរចនារវាងឈើបែប Timber និង Wood បញ្ចូលគ្នា។


ដោយមានការរៀបចំ និងអនុវត្តតាមគម្រោងច្បាស់លាស់ មជ្ឈមណ្ឌល Anthony Timberlands ថ្មីនឹងបង្ហាញពី “ភាពអាចប្រើប្រាស់បានយ៉ាងល្អនៃឈើ ទាំងជាឆ្អឹងគ្រឹះរចនាសម្ព័ន្ធ និងស្បែកព័ទ្ធជុំវិញនៃអគារថ្មីនេះ”។ តាមពិតលោក Farrell បង្ហាញថា “អគារគឺជាឧបករណ៍បង្រៀនមួយដល់ខ្លួនវាផ្ទាល់ បង្ហាញពីភាពរឹងមាំ ពណ៌នៃធម្មជាតិ វាយនភាព និងភាពស្រស់ស្អាតរបស់ប្រភេទឈើផ្សេងៗដែលយើងបានប្រើ”។ ឆ្លើយតបទៅនឹងអាកាសធាតុ និងតំរូវការក្នុងតំបន់ អគារនេះបើកអោយសាធារណជនទូទៅ និងផ្តល់អោយសិស្សរបស់ខ្លួន នូវកន្លែងអប់រំបែបទំនើប មានផាសុកភាព និងធំទូលាយល្អ។ អ្នកវិភាគនិងពិនិត្យ បានពណ៌នាអំពីគម្រោងដែលឈ្នះនេះ គឺជាសំណុំនៃ “គំនិតប្រកបដោយប្រសិទ្ធភាព ជាមួយនឹងដំណោះស្រាយយ៉ាងល្អស្របតាមកាលៈទេសៈ។ ក្នុងពេលដំណាលគ្នា ទម្រង់ស្មុគស្មាញ និងទម្រង់សាមញ្ញរបស់អគារ វាបង្ហាញពីគំនិតនៃការស្រមើស្រម៉ៃខ្ពស់។ វាបង្កើតជានិមិត្តរូបស្ថាប័នមួយ ដែលមិនអាចបំភ្លេចបាន សម្រាប់ទេសភាពទីក្រុងនៃតំបន់ Fayetteville ។



ការជ្រើសរើសក្រុមរចនា កើតឡើង បន្ទាប់ពីដំណើរការអស់រយៈពេលមួយខែ។ ក្រុមហ៊ុនស្ថាបត្យកម្ម Grafton ត្រូវបានឈ្នះការប្រកួតប្រជែង និងបានគណកម្មការជ្រើសរើសដំបូងគេ ក្នុងចំណោម 6 ក្រុម។ បន្ទាប់មកមានដូចជាក្រុមហ៊ុន WT/GO Architecture មកពី Connecticut, Dorte Mandrup A/S មកពី Denmark, Shigeru Ban Architects មកពីតូក្យូ/ញូវយ៉ក/ប៉ារីស, Kennedy & Violich Architecture មកពីរដ្ឋ Massachusetts, និង LEVER Architecture មកពីរដ្ឋ Oregon។