រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា រដូវវស្សាឆ្នាំនេះខេត្តព្រះសីហនុ នឹងមិនមានទឹកជន់លិចដូចឆ្នាំកន្លងទៅឡើយ ខណៈប្រព័ន្ធអូរប្រឡាយស្ថាបនាជិតរួចរាល់ហើយ បើតាមការបង្ហាញពីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា មកដល់ពេលនេះការងារស្ថាបនាប្រព័ន្ធអូរប្រឡាយ ស្ដារលូសំខាន់ៗសម្រេចបានជាង ៩០% មកហើយ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដូចនេះវាមិនបង្កការរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើតសោភ័ណភាពទីក្រុងកាន់តែស្រស់ស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរ និងធុរជន។
លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្តបានប្តេជ្ញាខិតខំប្រឹងប្រែង រៀបចំប្រព័ន្ធលូ ស្ដារអូ កាយប្រឡាយ ដោយសម្រុកការងារទាំងថ្ងៃទាំងយប់ជាបន្ដបន្ទាប់ ដើម្បីឲ្យទ្វារទឹកប្រឡាយស្ថាបនារួចរាល់មុនរដូវវស្សាឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខ និយាយជារួម គឺកាត់បន្ថយគ្រោះជន់លិច ដែលតែងតែកើតឡើងជារឿយៗក្នុងទីក្រុងនេះ ព្រោះកន្លងមកមានការសាងសង់អគារថ្មីៗ ការសាងសង់ផ្ទះរំលោភចំណីផ្លូវទឹក ការចោលសំរាមស្ទះលូទឹក ការចាក់បំពេញដីផ្ទៃទំនាប ការរងទឺកភ្លៀងច្រើនហួសកម្រិតប៉ុន្តែមិនមានប្រឡាយទឹកហូរគ្រប់គ្រាន់ -ល-។
សូមបញ្ជាក់ផងដែរថា អូរប្រឡាយទាំង ៥ ធំៗនោះមានប្រវែងសរុប ២៩,៧៩១ ម៉ែត្ររួមមាន៖
១. អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ ម៉ែត្រ
២. អូរស្ពានឆេះ ប្រវែង ១,១៧០ ម៉ែត្រ
៣. អូរសំអាត ប្រវែង ៣,៧៧៥ ម៉ែត្រ
៤. អូរអេម៉ារីអូ ប្រវែង ១,៩០៦ ម៉ែត្រ
៥. អូរឈើទាល ១៩,៨២៤ ម៉ែត្រ
គម្រោងស្ថាបនាអូរប្រឡាយឡើងវិញនេះ ត្រូវបានចេញប្រតិបត្តិការក្នុងគម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ កាលពីឆ្នាំមុន គិតមកទល់ពេលនេះ គឺសម្រេចបាន ៩០% មកហើយ ចំណែកឯផ្លូវក្រុងព្រះសីហនុទាំង ៣៤ ខ្សែក៏សម្រេចបានប្រមាណ ៩០% ដូចគ្នា។