ការផ្ទេរកម្មសិទ្ធយានយន្ដ ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០!

យោងតាមសេចក្ដីណែនាំដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះផ្សាយលើលិខិតលេខ ០០៦ សណន.សក.ដជគ ថ្ងៃទី ១២ មីនា ឆ្នាំ២០២០ សូមធ្វើការក្រើនរំលឹកម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ដដែលបានទិញលក់តៗគ្នា ប៉ុន្តែរកម្ចាស់ដើមមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធយានយន្ដ ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធយានយន្ដ ឲ្យបានមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅតាមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត។ 

សម្រាប់ការដាក់ពាក្យស្នើរសុំផ្ទេរកម្មសិទ្ធយានយាន្ដ តម្រូវឲ្យភ្ជាប់នូវសំណុំឯកសារដូចខាងក្រោម៖ 

• ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះ មានផ្ដិតស្នាមមេដៃអ្នកស្នើរសុំ និងមានបិតសំណៅលេខកាល់ (តួ ឬសាក់ស៊ី) ដែលចម្លងជាក់ស្ដែងពីយានយន្ដ

• បណ្ឌសម្គាល់ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធឆ្លងរាជធានី ខេត្ត)

• វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

• អត្តសណ្ណាណអ្នកលក់ និងអ្នកទិញ៖

o ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច

o ជនបរទេស៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច

• បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ដ

• លិខិតទិញលក់

• កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល។

ទម្រង់នៃពាក្យសុំផ្ទេរកម្មសិទ្ធយានយន្ដ លិខិតលក់ទិញ និងកិច្ចសន្យាធានា មានចែងនៅក្នុងឧបសម្ព័ន្ធនៃសេចក្ដីណែនាំ។ អាស្រ័យដូចមានបញ្ជាក់ជូន សូមម្ចាស់កម្មសិទ្ធយានយន្ដ រួសរាន់ដាក់ពាក្យស្នើរសុំឲ្យបានទាន់ពេលវេលា។