ខ្លឹមសារជុំវិញបញ្ហាប្រឈមនៃការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិច (1$ 2$ និង 5$)

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហរិញ្ញវត្ថុស្ដីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិច ប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនោះ។ 

អង្គប្រជុំបានពិភាក្សានិងឯកភាពលើបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖

១. លើទិដ្ឋភាពគោលនយោបាយ៖

• នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពពិភពលោក ហើយកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ការពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព។ ក្នុងទិសដៅនេះ កម្ពុជាត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយជាងមុនដោយគួរចាប់ផ្ដើមការចាយវាយលើប្រតិបត្តិការដែលមានទំហំតូចទៅ។ ដូច្នេះ ការទុកឲ្យចរាចរក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូចៗគឺជាឧបសគ្គមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរ។

• ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ប្រាក់រៀល ក៏ជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិច។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញនិងលំហូរចេញនៃមូលធន។ ចំណែកឯប្រទេសកម្ពុជាវិញ ការធ្លាក់ចុះប្រាក់រៀល គឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្ដាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ ។ល។) ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិចនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្ដសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។

២.លើទិដ្ឋភាពបច្ចេកទេស៖

• ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធដឹកជញ្ជូនរូបិយប័ណ្ណចេញ-ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ កន្លងមកធនាគារជាតិនៃកម្ពុជាបានសម្រួលការដឹកជញ្ជូនក្រដាសប្រាក់ថ្មីពីធនាគារកណ្ដាលអាមេរិច មកប្រើប្រាស់នៅកម្ពុជា។ ដោយឡែក ចំពោះក្រដាសប្រាក់ដុល្លរាអាមេរិចប្រភេទតូចនិងចាស់ ទក់ រហែក ធនាជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយហេតុថាការដឹកចេញក្រដាសប្រាក់ទាំងនោះ ត្រូវចំណាយពលកម្មនិងថវិការខ្ពស់ដែលខុសពីក្រដាសប្រាក់រៀលដែលធនាគារជាតិនៃកម្ពុជា អាចកាត់និងកម្ទេចចោលហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។ 

• ម្យ៉ាងទៀត ធនាគារដៃគូក្រៅប្រទេស ដែលជួយសម្រួលទទួលយកក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូច មានចំនួនតិចទៅៗ ហើយធនាគារទាំងនេះក៏បានរឹតបន្តឹងការទទួលក្រដាសប្រាក់ដុល្លារអាមេរិចតូចៗផងដែរ ទោះបីជាផ្ដល់កម្រៃសេវាខ្ពស់ក៏ដោយ។ ការណ៍នេះ កាន់តែលំបាកបន្ថែមទៀតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ លើពិភពលោក ដែលបណ្ដាលឲ្យជើងហោះហើរចេញនិងមកកម្ពុជាមានតិចតួចបំផុត។ 

ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ ដែលនេះសរបញ្ជាក់ថាតម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

• ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។

• បន្ទាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទ ១០ ដុល្លារឡើងទៅ គឺមិនមានគិតកម្រៃសេវាទេ។

• ធនាគារនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមែនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។