កាលពីថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសបាននិយាយថាខ្លួននឹង បញ្ឈប់វិធានការណ៍ កំណត់ឲ្យនៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍ (virus quarantine rules) សម្រាប់ភ្ញៀវទេសចរ ដែលបានមកពីប្រទេសដែលមានហានិភ័យវីរុសទាបមួយចំនួន បន្ទាប់ពីប្រទេសនេះ ទទួលសម្ពាធខ្លាំង ពីក្រុមហ៊ុនអាកាសចរណ៍ និងវិស័យទេសចរណ៍របស់ខ្លួន។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងផ្សព្វផ្សាយបញ្ជីឈ្មោះ នៅសប្តាហ៍ក្រោយ នៃបណ្តាប្រទេសមានសុវត្ថិភាព ដែលអាចឲ្យប្រជាជននៃបណ្តាប្រទេសទាំងនោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសអង់គ្លេស ដោយមិនចាំបាច់ញែកខ្លួនឲ្យនៅដាច់ដោយឡែក សម្រាប់រយៈពេល 14 ថ្ងៃ ដូចច្បាប់ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននេះឡើយ។
ការប្រកាសនេះនឹងធ្វើតាមការពិភាក្សា ជាមួយបណ្តាប្រទេសនានា រួមមានបារាំង ក្រិក និងអេស្បាញក្នុងពេល “ប៉ុន្មានថ្ងៃខាងមុខ” ដោយការផ្លាស់ប្តូរនេះ គ្រោងនឹងចូលជាធរមានក្នុងសប្តាហ៍ដំបូង ចាប់ផ្តើមពីថ្ងៃទី 6 ខែកក្កដាខាងមុខនេះទៅ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បាននិយាយថា “ប្រព័ន្ធវាយតម្លៃហានិភ័យថ្មីរបស់យើង នឹងជួយឱ្យយើងបើកដំណើរការឡើងវិញ ដោយសុវត្ថិភាព នូវផ្លូវធ្វើដំណើរជាច្រើនជុំវិញពិភពលោក ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។
ការិយាល័យការបរទេស ក៏នឹងធ្វើការអាប់ដេតពីការណែនាំ អំពីប្រព័ន្ធធ្វើដំណើររបស់ខ្លួន ដែលបច្ចុប្បន្នកំពុងតែធ្វើការណែនាំដល់ប្រជាជនអង់គ្លេស អំពីការធ្វើដំណើរ ដែលមិនចាំបាច់ទាំងអស់ ទៅខាងក្រៅចក្រភពអង់គ្លេស និងតម្រូវឲ្យមានការអនុញ្ញាត ឱ្យធ្វើដំណើរនៅតាមច្រករបៀងរបស់ខ្លួនផងដែរ។
ក្នុងនោះក៏បានបន្ថែមដែរថា អ្នកដំណើរទាំងអស់នឹងត្រូវបានតម្រូវឲ្យអនុវត្តតាមច្បាប់ ជាការពាក់ម៉ាស់សុវត្ថិភាព ឬរបាំងមុខ លើយន្តហោះនិងនៅតាមកប៉ាល់។
អង់គ្លេសបានណែនាំពីគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក របស់ខ្លួន សម្រាប់អ្នកធ្វើដំណើរភាគច្រើន ដែលចូលមកប្រទេសនេះ កាលពីថ្ងៃទី 8 ខែមិថុនា ដោយប្តេជ្ញាថានឹងពិនិត្យមើលវិធានការណ៍នេះ រៀងរាល់ 3 សប្តាហ៍ម្តងផងដែរ។ ច្បាប់នេះក៏ត្រូវបានអនុវត្តចំពោះជនជាតិអង់គ្លេសណាម្នាក់ ដែលបានចាកចេញពីប្រទេស ហើយកំពុងវិលត្រឡប់មកវិញទៀតផង។
ច្បាប់នេះក៏បានប្រឈមនឹងការរិះគន់ និងបញ្ហាប្រឈមខាងផ្លូវច្បាប់ ពីក្រុមហ៊ុនអាកាសចរណ៍ដែលរងការវាយប្រហារ ដោយជំងឺរាតត្បាតនេះ ក៏ដូចជាពីក្រុមហ៊ុនឬអាជីវកម្មដទៃទៀត នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលបានអះអាងថា វានឹងបំផ្លាញវិស័យទេសចរណ៍ក្នុងស្រុក។
ខាងរដ្ឋមន្រ្តីអង់គ្លេសក៏បានធ្វើការទទូច អស់រយៈពេលជាច្រើនសប្តាហ៍ដែរថា ពួកគេកំពុងសម្លឹងមើលការបង្កើតទំនាក់ទំនង តាមប្រព័ន្ធផ្លូវអាកាស ជាមួយប្រទេសផ្សេងៗ ដែលមានអត្រាឆ្លងវីរុសទាបផងដែរ។ ប៉ុន្តែពួកគេមិនទាន់បានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់ អំពីផែនការនេះនៅឡើយទេ។
ឥឡូវនេះរដ្ឋាភិបាលបាននិយាយថាខ្លួន បានបង្កើតប្រព័ន្ធចែកប្រភេទ សំរាប់ប្រទេសទាំងនោះ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសុខភាពសាធារណៈ ដើម្បីកំណត់ថា តើពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ ដែលត្រូវបានលើកលែងឲ្យចូលមកក្នុងទឹកដីប្រទេសអង់គ្លេសដែរឬទេ?
បណ្តាប្រទេសទាំងនោះ ត្រូវបានគេចាត់ថ្នាក់ជាពណ៌បៃតង លឿង និងក្រហម អាស្រ័យលើការវាយតម្លៃហានិភ័យ របស់ពួកគេ។ បញ្ជីនោះ ក៏នឹងត្រូវបានបង្កើតឡើង ដោយផ្អែកលើកត្តាជាច្រើន រួមមានអត្រានៃវីរុសដែលអាចនឹងកើតមាន ភាពអាចជឿជាក់បាន នៃទិន្នន័យដែលទទួលបាន និង "គន្លងនៃជម្ងឺនៅក្នុងប្រទេស" ។
បណ្តាប្រទេសនៅក្នុងប្រភេទសម្គាល់ពណ៌បៃតង និងពណ៌លឿង ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានហានិភ័យទាប និងគ្រប់គ្រាន់ ដើម្បីទទួលបានការលើកលែងពីច្បាប់ ដាក់ឲ្យដាច់ដោយឡែក (virus quarantine rules) នៅពេលដែលអ្នកដំណើរទាំងនោះ មកដល់ចក្រភពអង់គ្លេស។
រដ្ឋាភិបាលរក្សានូវវិធានការណ៍ថ្មី នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំ ហើយច្បាប់នៃការដាក់ឱ្យនៅដាច់ពីគ្នា អាចនឹងត្រូវបានបង្កើតឡើងវិញ សម្រាប់ប្រទេសនីមួយៗ ប្រសិនបើស្ថានភាពរបស់ពួកគេបានផ្លាស់ប្តូរ។
អ្នកនាំពាក្យក៏បានបន្ថែមថា “ប៉ុន្តែយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការបញ្ឈប់គោលដីថ្មីនេះ ប្រសិនបើមានហានិភ័យណាមួយកើតឡើងជាថ្មី ហើយប្រព័ន្ធនេះនឹងអនុញ្ញាត ឱ្យយើងចាត់វិធានការណ៍យ៉ាងរហ័ស ដើម្បីដាក់ចេញនូវវិធានការណ៍ Self-isolation ប្រសិនបើមានការផ្ទុះឡើងជាថ្មី នៅខាងក្រៅប្រទេស។”