នៅត្រីមាសទី ២ ឆ្នាំ២០២០ បានបញ្ចប់ទៅ សេដ្ឋកិច្ចវៀតណាមនៅតែបន្ដមានកំណើនឡើង ស្ទើតែមិនគួរឲ្យជឿ បើទោះជាកំណើនឡើងមានសភាពតិចតួចក្ដី ប៉ុន្តែស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចប្រទេសវៀតណាមមានលំនឹងល្អជាងគេបង្អស់ ក្នុងបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន Bloomberg។
នៅក្នុងត្រីមាសទី ២ ឆ្នាំ២០២០ សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបានកំណើនឡើង ០.៣៦% ធៀបទៅនឹងឆ្នាំមុន ហើយក៏មានតួរលេខប្រសើរជាងត្រីមាសទី ១ ប្រមាណ ៣.៦៨% ដែរ បើតាមរបាយការណ៍ចេញពី General Statistics Office នៃទីក្រុងហាណូយ។ យ៉ាងណាមិញការរំពឹងទុករបស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នជាច្រើនទៀត បានព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមអាចធ្លាក់ចុះក្នុងរង្វង់ -០.៩% ឬ -១% នៅឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាក់ថា កាលពីខែឧសភា និងមិថុនាកន្លងទៅ សេដ្ឋកិច្ចវៀតណាមនៅតែរក្សារំនឹង មានកំណើនឡើងខ្ទង់ ៤% ទៅ ៥% ដែលរដ្ឋាភិបាលព្យាយាមទាក់ទាញវិនិយោគិនបរទេស មកធ្វើការវិនិយោគបន្ថែមទៀត។ ម្យ៉ាងទៀត ទំហំពាណិជ្ជកម្មអន្តរជាតិ កាលពីខែមិថុនា មានតម្លៃជាង ៥០០ លានដុល្លារលើសពីការរំពឹងទុក។
ប៉ុន្តែវិបត្តិកំពុងប្រឈមក៏មានដូចគ្នា តួយ៉ាងវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យចង្វាក់ផលិតកម្មផ្គត់ផ្គង់មានកង្វះខាត និងតម្រូវការអន្តរជាតិបានថយចុះ ដែលប៉ះពាល់ដល់វិស័យឧស្សាហកម្មផ្សេងៗ។ ជាក់ស្ដែងកាលពីខែមិថុនា ការនាំចេញបានធ្លាក់ចុះខ្ទង់ ២% ធៀបនឹងឆ្នាំមុន ប៉ុន្តែការនាំចូលបានកើនឡើង ៥.៣%។ លើសពីនេះទៀត តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣.១៧% ក្នុងខែមិថុនា ធៀបទៅនឹងឆ្នាំមុន ហើយបានកើនឡើង ២.៤% ធៀបនឹងខែឧសភា។ ប៉ុន្តែរដ្ឋាភិបាលនៅតែព្យាយាមទប់ស្កាត់អតិផរណាជាមធ្យម ៤% នៅឆ្នាំនេះ។