ធនាគារពិភពលោក៖ កម្ពុជា គួរតែអភិវឌ្ឍន៍ខ្លួនពីឧស្សាហកម្មកាត់ដេរ ដោយចាប់យកឧស្សាហកម្មអេឡិចត្រូនិច និងគ្រឿងយន្ដវិញ!

ធនាគារពិភពលោក សង្កេតឃើញថាវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា កំពុងទទួលរងនូវការធ្លាក់ចុះទីផ្សារគួរឲ្យកត់សម្គាល់ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហភាពអឺរ៉ុបជាដើម ប៉ុន្តែគេមើលឃើញថាការនាំចេញផលិតផលអេឡិចត្រូនិចនឹងគ្រឿងយន្ដ មានកំណើនឡើងគួរឲ្យកត់សម្គាល់ បើទោះជាវិស័យឧស្សាហកម្មនេះ នៅមានកម្រិតតិចតួចក៏ដោយ។ 

របាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញថា រយៈពេល ៣ ខែដំបូងនៅឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផល ពីឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង មានកំណើនត្រឹមតែ ៧.៥% ប៉ុណ្ណោះ ដែលនេះគឺជាតួលេខកំណើនដ៏តិចតួចបំផុតធៀបនឹងឆ្នាំមុន ដែលមានកំណើនដល់ ១៧.៧%។ លើសពីនេះទៀត ការនាំចេញផលិតផលស្បែកជើង និងសម្លៀកបំពាក់ក្នុងឆ្នាំ ២០១៩ ក៏មានកំណើនថមថយមកត្រឹមតែ ១៣.៦% ប៉ុណ្ណោះ តិចជាងឆ្នាំ ២០១៨ ប្រមាណ ៤.១% ឯណោះ ក្នុងនោះការនាំចេញទៅកាន់ចក្រភពអង់គ្លេសបានថយចុះប្រមាណ -០.៥% ដែលជាការធ្លាក់ចុះដំបូង តាំងពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិឆ្នាំ ២០០៨ មក, ប៉ុន្ដែការនាំចេញទៅកាន់សហរដ្ឋអាមេរិចមានកំណើនឡើង ដែលបានយឹតយោងការនាំចេញជារួមឡើងវិញ។ 

ធនាគារពិភពលោកមើលឃើញថា ឧស្សាហកម្មនៅកម្ពុជា មានទីផ្សារនាំចេញធំបំផុតគឺសហរដ្ឋអាមេរិច និងសហភាពអឺរ៉ុប ហើយទីផ្សារ ២ ផ្សេងទៀតដែលមានទំហំធំបន្ទាប់ គឺការនាំចេញទៅកាន់ប្រទេសជប៉ុន និងចក្រភពអង់គ្លេស។ ក្នុងនោះដែរ កម្ពុជាបាននាំចេញផលិតផលទៅកាន់ជប៉ុន ក្នុងទំហំទឹកប្រាក់ ១,០៥០ លានដុល្លារ និងចក្រភពអង់គ្លេសទំហំទឹកប្រាក់ ៩៤៥ លានដុល្លារ កាលពីឆ្នាំ ២០១៩។

ដូចនេះ មិនមានអ្វីត្រូវសង្ស័យឡើយថា ប្រទេសជប៉ុនជាទីផ្សារនាំចេញសំខាន់ទី ៣ របស់កម្ពុជា ប៉ុន្តែសន្ទុះនៃការនាំចេញមិនមែនផលិតផលសម្លៀកបំពាក់ឬស្បែកជើងនោះទេ ពោលគឺការនាំចេញផលិតផលអេឡិចត្រូនិច និងគ្រឿងបន្លាស់យានយន្ដ មានសន្ទុះខ្លាំងជាង។ កាលពីឆ្នាំ ២០១៩ ការនាំចេញផលិតផលអេឡិចត្រូនិច និងគ្រឿងបន្លាស់យានយន្ដពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន មានកំណើនឡើងដល់ ៧៧.៨ លានដុល្លារក្នុងមួយឆ្នាំ ដែលស្ទើរតែធំជាងមុន ២ ដងធៀបនឹងឆ្នាំ ២០១៨ ដែលនាំចេញក្នុងទំហំ ៣៩.៤ លានដុល្លារ។ ហេតុនេះហើយ ទើបធនាគារពិភពលោកមើលឃើញថា ប្រទេសជប៉ុនមានទីផ្សារខ្ពស់បំផុតសម្រាប់កម្ពុជា លើការវិនិយោគគ្រឿងបន្លាស់យានយន្ដ និងផលិតផលអេឡិចត្រូនិចបន្ថែម។