ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា កើនឡើងខ្លាំង ក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០

ភ្នំពេញ៖ ការនាំចេញដំណាំស្រូវអង្កររបស់កម្ពុជា បានកំពុងទទួលបានលទ្ធផលវិជ្ជមាន បើទោះបីជាសកលោកបច្ចុប្បន្ន បានកំពុងទទួលរងការគំរាមកំហែងពីវិរុសកូវិដ ១៩ ក៏ដោយ។ យោងតាមរបាយការណ៍ ចេញផ្សាយរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឱ្យឃើញនូវលទ្ធផលវិជ្ជមាន នៃការនាំចេញដំណាំស្រូវអង្ករ ដែលកើនឡើងខ្ពស់ជាងឆ្នាំ ២០១៩ កន្លងទៅ។

ប្រភពព័ត៌មានរបស់ក្រសួងបានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការនាំចេញស្រូវអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២០ កន្លងទៅនេះសម្រេចបាន ៣៩៧,៦៦០ តោន ជាអត្រាកើនឡើងប្រមាណជា ១១៦,១២២ តោន ស្មើនឹង ៤១,២៥% បើប្រៀបធៀបទៅនឹងរយៈ ៦ខែដើមឆ្នាំ ២០១៩ ដែលមានចំនួន ២៨១,៥៣៨ តោន ។ ប្រភពដដែលបន្តទៀតថា សម្រាប់ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ការនាំចេញអង្ករបានកើនឡើង ៤១,៥៦៣ តោន ដែលចំនួននោះស្មើនឹង ៣២,៥១% ដែលកើនឡើងប្រមាណជា ១០,១៩៧ តោន ធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។

ការនាំចេញដំណាំស្រូវអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖

1. អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១,៨៦៤ តោន

2. អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨,៧៥២ តោន

3. អង្ករចំហ៊ុយមានចំនួន ៩២៤ តោន 

4. និងអង្ករក្រហមមានចំនួន ២៣ តោន 

តាមរយៈការនាំចេញអង្ករទៅបរទេសនេះ ក្រសួងបានបញ្ជាក់ថា ប្រទេសដែលបានបញ្ជាទិញពីកម្ពុជា ក្នុងរយៈពេល ៦ ខែដំបូងកន្លងទៅមានចំនួនសរុប ៥៦ ប្រទេសដូចជា សហរដ្ឋអាមេរិក ប្រទេសនៅទ្វីបអឺរ៉ុបសរុប ២៤ ប្រទេស, ប្រទេសចិន, ប្រទេសជាសមាជិកអាស៊ានចំនួន ៦ និងទ្វីបផ្សេងៗទៀតចំនួន ២៥ ប្រទេស ដោយការនាំចេញនោះ មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន បាននាំចេញអង្ករទៅក្រៅប្រទេសច្រើនជាងគេ។

ក្រសួងបានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២០ គឺមានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់សម្រាប់ទីផ្សាររបស់ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦%៕

 

 

ប្រភព៖ ក្រសួងរុក្ខាប្រមាញ់ និងនេសាទ