វៀតណាម គ្រោងបើកការហោះហើរជាអន្តរជាតិឡើងវិញ រង់ចាំតែភ្លើងខៀវពីរដ្ឋាភិបាលប៉ុណ្ណោះ

ហាណូយ៖ អាកាសយានដ្ឋាននៅក្នុងផ្ទៃប្រទេសវៀតណាម បានចាប់ផ្ដើមបើកដំណើរការ ឱ្យមានការហោះហើរ និងធ្វើដំណើរនៅក្នុងស្រុក កាលពីពេលកន្លងទៅ ដែលអនុញ្ញាតឱ្យប្រជាជន ធ្វើការហោះហើរ នៅតាមគោលដែល ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ សម្រាប់ការហោះហើរ ជាអន្តរជាតិ ពោលគឺហោះចេញទៅបរទេស និងអនុញ្ញាតឱ្យយន្តហោះបរទេសចុះនៅតាមអាកាសយានដ្ឋាន គ្រោងនឹងចាប់ផ្ដើមឆាប់ៗខាងមុខ បន្ទាប់ពីបិទជាបណ្ដោះអានស្នអស់ជាច្រើនខែកន្លងមក។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម បានចេញផ្សាយឱ្យដឹងថា រដ្ឋាភិបាលបានកំពុងពិចារណ៍ លើការបើកឱ្យមានការហោះហើរជាអន្តរជាតិ នៅក្នុងផ្ទៃប្រទេសឡើងវិញ តែស្ថិតក្រោមការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាការទប់ស្កាត់ ការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩។ ក្រសួងដឹកជញ្ជូន (Ministry of Transport) បន្ទាប់ពីទទួលបានសំណើរពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ឱ្យមានការបើកដំណើរការឡើងវិញ នូវជើងហោះហើរជាអន្តរជាតិជាមួយនឹង បណ្ដារប្រទេសសំខាន់ៗ រួចមក រាជរដ្ឋាភិបាល នឹងពិចារណា ទៅលើសេចក្ដីស្នើសុំនោះ ដែលអាចនឹងចាប់ផ្ដើមនាពេលខាងមុខ។

តាមរយៈការបើកឱ្យមានការហោះហើរជាអន្តរជាតិនេះ អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនវៀតណាម បានឱ្យដឹងដូច្នេះថា រដ្ឋាភិបាលវៀតណាម អាចនឹងអនុញ្ញាតឱ្យមានការហោះហើរឆ្លងប្រទេស តែជាមួយនឹងប្រទេសណា ដែលពុំមានករណីកូវីដ ១៩ ធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ វៀតណាម អាចនឹងបើកឱ្យមានករណីលើកលែងជាមួយនឹងបណ្ដារប្រទេសសំខាន់ៗ ដែលជាដៃគូរជិតស្និតរបស់ខ្លួន ឱ្យមានការហោះហើររួមមានដូចជា ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមការសិក្សា និងវាយតម្លៃអំពីហានិភ័យជាក់ស្ដែងរួច។ 

ជុំវិញការពិចារណានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc កាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានបង្ហើបអំពីគម្រោងបើកឱ្យមានការហោះហើរជាអន្តរជាតិឡើងវិញផងដែរ តែនឹងត្រូវដាក់ចេញនូវវិធានការការពារយ៉ាងតឹងរឹងបំផុត ដើម្បីធានាដល់សុខភាពរបស់ប្រជាពលរដ្ឋជាសំខាន់។ បើមិនដូច្នេះទេ វៀតណាម អាចនឹងដាក់ចេញនូវការអនុវត្តវិធានការ គម្លាតសង្គម (Social Distancing) ម្ដងទៀត ឬអាចដាក់ប្រទេសក្នុងគ្រាអាសន្ន បើស្ថានភាពអនាគត ប្រែប្រួលពិបាកនឹងគ្រប់គ្រង។ គោលបំណងចំបង នៃការបើកឱ្យមានជើងហោះហើរជាអន្តរជាតិឡើងវិញនេះ គឺដើម្បីបម្រើទៅដល់វិនិយោគិនអន្តរជាតិ ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាអ្នកជំនាញ អ្នកបច្ចេកទេស ក្នុងវិស័យការងារ និយោជិតវៀតណាម ក្នុងការទៅបំពេញការងារនៅបរទេស ឬត្រឡប់ចូលក្នុងប្រទេសវិញជាអាទិ៍។ 

លោក Dinh Viet Thang អគ្គនាយក នៃអាជ្ញាធរជាតិអាកាសចរណ៍ស៊ីវិលវៀតណាម បានគូសបញ្ជាក់ថា ជុំវិញការបើកឱ្យមានជើងហោះហើរជាអន្តរជាតិឡើងវិញនេះ នឹងតម្រូវឱ្យមានការកាត់បន្ថយចំនួនអ្នកធ្វើដំណើរនៅលើយន្តហោះក្នុងចំនួនកំណត់ ពិសេសធ្វើតេស្ដសុខភាព នៅពេលមកដល់ទឹកដីវៀតណាម ដោយបន្តស្នាក់នៅទីកន្លែងកំណត់ចំនួន ១៤ ថ្ងៃជាមុន និងត្រូវអនុវត្តច្បាប់ បទបញ្ជា និងសេចក្ដីណែនាំទាំងឡាយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជាអតិបរមា។ ការបើកដំណើរការជើងហោះហើរជាអន្តរជាតិឡើងវិញរបស់វៀតណាម រំពឹងទុកថា អាចនឹងធ្វើឡើងនៅចុងខែកក្កដា ឬដើមខែសីហា ខាងមុខ៕