គម្រោងអភិវឌ្ឍន៍អាងស្ដុកទឹកធំបំផុតនៃខេត្តព្រះវិហារ តម្លៃជាង ១០០ លានដុល្លារ សម្រេចបាន ៤១.៥% ហើយ!

អាជ្ញាធរខេត្តព្រះវិហារ កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ទៅលើកិច្ចការរៀបចំនិងកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ប្រភពទឹកបម្រើដល់វិស័យកសិកម្ម ហើយនេះជាគម្រោងអភិវឌ្ឍន៍អាងស្ដុកទឹកដ៏ធំបំផុតប្រចាំខេត្តព្រះវិហារ ក្រោមថវិកាផ្ដល់ពីរាជរដ្ឋាភិបាលកម្ពុជាជាង ១១០ លានដុល្លារ និងបានចាប់ផ្ដើមសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ គិតមកទល់ពេលនេះសម្រេចបានជាលទ្ធផល ៤១.៥% មកហើយ។  

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ជាគម្រោងអាងស្ដុកទឹកធំ មានទីតាំងស្ថិតនៅតាមបណ្ដោយស្ទឹងសែន ព្រំប្រទល់ស្រុក ២ បញ្ចូលគ្នា ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្ដាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ គម្រោងសាងសង់នេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Constructions Co., Ltd និងក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd ហើយនៅពេលសាងសង់រួច ទំនប់អាងទឹករក្សា អាចស្ដុកទឹកបានចំនួនប្រមាណ ២៥៦.៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់ការបង្កើនផលិផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣,៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២,៨៧៨ ហិកតា នៅក្នុងរដូវប្រាំង។ 

សូមបញ្ជាក់ថា ទំនប់អាងស្ដុកទឹករក្សា មានទីតាំងស្ថិតក្នុងខេត្តព្រះវិហារ តែលទ្ធភាពនៃការស្រោចស្រពភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ។ 

លើសពីការស្ដុកទឹកទុកសម្រាប់បង្កបង្កើនផលកសិកម្ម អាងទឹករក្សា ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅលើការកាត់បន្ថយគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាតដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ពិសេសនៅតំបន់មួយចំនួនផ្នែកខាងក្រោមដែលមានទឹកថ្លា ថែមទាំងបម្រើទៅលើវិស័យទេសចរណ៍ផងដែរ ពេលទំនប់សាងសង់រួច នឹងអាចបង្កើតទៅជារមណីយដ្ឋានមួយទទួលការមកកម្សាន្ដ។

តាមការបញ្ជាក់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាការអភិវឌ្ឍន៍អាងទឹករក្សាដំណើរការលឿនលើសពីការព្យាករណ៍ទុក ដោយព្យាករណ៍គម្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២២ ប៉ុន្ដែអាចបញ្ចប់មុនពេលកំណត់ ព្រោះត្រឹមតែរយៈពេល ៩ ខែប៉ុណ្ណោះ ការអភិវឌ្ឍន៍សម្រេចបាន ៤២.៥% មកហើយ ដោយទំហំការងាររួមមាន៖ 

• ការសាងសង់ទំនប់បេតុង ប្រវែង ៥០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរមា ២៤.៥ ម៉ែត្រ និងការសាងសង់សំណង់ទ្វារទឹកសរុបចំនួន ៣ កន្លែង ដោយទ្វារទឹកនីមួយៗទំហំ ៤ x ៤ ម៉ែត្រ

• ទំនប់ដីខាងឆ្វេង មានប្រវែង ៩៩៨.៦ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ និងកម្ពស់អតិបរមា ១១ ម៉ែត្រ

• ទំនប់ដីខាងស្ដាំ មានប្រវែង ១,៦៥៦.៤ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ និងកម្ពស់អតិបរមា ១១ ម៉ែត្រ

• ទំនប់ដីរង មានប្រវែងសំណង់សរុប ៦៥៥ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរមា ៧ ម៉ែត្រ

• សំណង់បង្ហៀរទឹក មានប្រវែងសំណង់សរុប ២៥១ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរមា ២៤.៥ ម៉ែត្រ មានទ្វារទឹកសរុបចំនួន ២០ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ ១០ x ១៤.៥ ម៉ែត្រ។ 

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា គម្រោងអភិវឌ្ឍន៍អាងទឹករក្សានេះ ជាមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលកើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ ហើយឯកឧត្តមបានណែនាំ និងចុះពិនិត្យគុណភាពសំណង់ឲ្យប្រកបដោយគុណភាពខ្ពស់ រឹងមាំប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋក្នុងតំបន់។