ផ្លូវដែកវៀតណាមខាតបង់ជាង ៦០ លានដុល្លារ ដោយសារតែវីរុសកូវីដ ១៩

ហាណូយ៖ ស្ថិតក្នុងស្ថានការណ៍ នៃការឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលវៀតណាម បានរឹតបន្តឹងការធ្វើដំណើរ ខណៈប្រជាពលរដ្ឋជាច្រើន មានភាពភ័យខ្លាច មិនហានធ្វើដំណើរ ជាមូលហេតុ នៃការខាតបង់ធ្ងន់ធ្ងរទៅដល់ប្រភេទអាជីវកម្មទាក់ទងនឹងសេវាកម្មដឹកជញ្ជូន និងធ្វើដំណើរ ហើយក្នុងនោះក្រុមហ៊ុនផ្លូវដែកវៀតណាម បានបញ្ជាក់ថា ត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ ការខាតបង់កើនឡើងជាង ៦០ លានដុល្លារអាមេរិក។

ក្រុមហ៊ុនផ្លូវដែកវៀតណាម (Vietnam Railway Corporation) VNR បានប្រកាសអំពីការខាតបង់របស់ខ្លួនធ្ងន់ធ្ងរ ក្នុងទំហំទឹកប្រាក់ ១.៤ ទ្រីលានដុង ឬប្រហែល ៦០ លានដុល្លារអាមេរិក បន្ទាប់ពីកាត់ពន្ធផ្សេងៗជូនរដ្ឋរួចរាល់។ ការខាតបង់នោះ ផ្លូវដែកមេតែឯង បានខាតបង់ទឹកប្រាក់ជាង ៧១១ ពាន់លានដុង និងមានចំនួន ២ ផ្សេងទៀត រួមមានផ្លូវដែកទីក្រុងហាណូយ និងផ្លូវដែក Sai Gon បានខាតបង់ក្នុងទំហំទឹកប្រាក់ ៦១៨ ពាន់លានដុង ខណៈផ្លូវដែកបន្ទាប់បន្សំចំនួន ២០ ខ្សែផ្សេងទៀត បានរួមចំណែកខាតបង់ក្នុងរង្វង់ទឹកប្រាក់ជាង ៧៥ ពាន់លានដុង។

ការខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានឱ្យដឹងថា វីរុសកូវីដ ១៩ គឺជាហេតុផល និងមូលហេតុចំបង នៃការខូចខាតមួយនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រតិបត្តិការផ្លូវដែកនៅទូទាំងប្រទេស ខណៈតម្រូវការនៃការធ្វើដំណើរបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលដ៏ខ្លីបំផុតមិនធ្លាប់មាន។ ម្យ៉ាងវីញទៀត ការជួសជុល កែសម្រួលឱ្យល្អប្រសើរឡើងវិញនូវប្រព័ន្ធផ្លូវដែក ក្នុងទីក្រុងហាណូយ ដើម្បីសម្រួលទៅដល់ការធ្វើដំណើរតាមរថភ្លើងក៏បានធ្វើឱ្យប្រតិបត្តិការកកស្ទះ និងខាតបង់ផងដែរ។ បន្ទុកចំបងផ្សេងទៀត ដែលរួមចំណែកក្នុងការខាតបង់ គឺការធ្លាក់ចុះនៃហិរញ្ញវត្ថុ របស់ប្រតិបត្តិការផ្លូវដែកទាំងមូល ក្នុងឆ្នាំ ២០១៩ ដែលការចំនាយ និងបំណុល បូកសរុបចូលគ្នាមានចំនួនដល់ទៅ ៦៨២ ពាន់លានដុង។

បច្ចុប្បន្ននេះ ផ្លូវដែករបស់វៀតណាម មិនត្រឹមតែប្រឈមមុខនឹងការធ្លាក់ចុះការធ្វើដំណើរ ឬដឹកជំនិញប៉ុណ្ណោះទេ ការប្រកួតប្រជែងជាមួយនឹងការធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស កាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងតម្លៃសមរម្យ ដែលធ្វើឱ្យការចំនាយពេលតាមផ្លូវដែក កំពុងធ្លាក់ចុះបន្តិចម្ដងៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលរាជរដ្ឋាភិបាល សម្រេចបន្ធូបន្ថយ ការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋ ក្រោយស្ថានភាពឆ្លង និងរីករាលដាលវីរុសកូវីដ ១៩ ថយចុះជាវិជ្ជមាននោះ កិច្ចដំណើរការតាមផ្លូវដែករបស់វៀតណាម មានភាពល្អប្រសើរឡើងវិញបន្តិចហើយ ដោយរំពឹងទុកថា នឹងអាចសម្រួលទៅដល់បញ្ហាប្រឈមបាន តែត្រូវការចំនាយពេលមួយរយៈពេលបន្ថែមទៀត ទម្រាំការធ្វើដំណើរនៅប្រទេសវៀតណាម មានភាពល្អប្រសើរឡើងវិញ៕