ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤ សែននាក់ក្នុងរយៈពេល ៨ ខែឆ្នាំ២០២០ និងចំណូលជាង ១៨ លានដុល្លារ!

ក្នុងរយៈពេល ៨ ខែនៅក្នុងឆ្នាំ២០២០ នេះ ឧទ្យានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ៣៩៣,២៩៣ នាក់ ដែលទទួលបានចំណូលពីការលក់ប័ណ្ណចូលទស្សនា សរុបបាន ១៨,៣៣២,០១១ ដុល្លារ ថ្វីត្បិតតែមានការធ្លាក់ចុះនៃវិស័យទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ 

យោងតាមតួរលេខដែលចេញពីគ្រឹះស្ថានអង្គរបង្ហាញថា ចំនួនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ៨ កន្លងមកនេះ មានការធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៧៤.៦៦% ខណៈដែលចំណូលពីការលក់ប័ណ្ណចូលទស្សនាមានការធ្លាក់ចុះ ៧៣.៦១% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ 

ចំពោះខែសីហា ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរជាតិច្រើន ជាពិសេសក្នុងថ្ងៃឈប់សម្រាក ៥ ថ្ងៃសងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ ហើយក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៦៦៣ នាក់ផងដែរ ដោយចំណូលបានពីការលក់ប័ណ្ណចូលទស្សនាបាន ១៦១,០២១ ដុល្លារ ធ្លាក់ចុះ ៩៧.៧៥% ធៀបនឹងខែសីហា ឆ្នាំ២០១៩។

ដោយឡែក ចំពោះរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍វិញ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨,៨១៧ នាក់ ដែលចំណូលបានពីការលក់ប័ណ្ណចូលទស្សនាសរុប ៨៨,១៧០ ដុល្លារ។

យ៉ាងណាមិញ ប្រទេសកម្ពុជា ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ចាត់ទុកថាជាប្រទេសដែលបានអនុវត្តវិធានការទេសចរណ៍សុវត្ថិភាព បានយ៉ាងមានប្រសិទ្ធភាពបំផុត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងវិស័យទេសចរណ៍។ ជាពិសេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។ 

សូមបញ្ជាក់ថា ចំណូលពីការលក់ប័ណ្ណចូលទស្សនាឧទ្យានអង្គរជាង ១៨ លានដុល្លារនោះ ត្រូវបានបរិច្ចាកចូលវិភាគទាននៃមន្ទីពេទ្យគុន្ធបុប្ផាចំនួន ៧៨៦,៥៨៦ ដុល្លារ។