ពេលនេះយើងអាចចុះបញ្ជីរថយន្ដ ផ្ទេរកម្មសិទ្ធរថយន្ដ និងប្ដូរបណ្ណបើកបរយានយន្ដ នៅផ្សារជីបម៉ុង ណូរ៉ូម៉ល ជាន់ទី៣!

ដើម្បីបង្កភាពងាយស្រួលនូវការផ្ដល់សេវាកម្មសាធារណៈ ចំណេញពេលវេលា និងកាត់បន្ថយការចំនាយរបស់ប្រជាពលរដ្ឋ ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានសម្ពោធនូវ «មណ្ឌលផ្ដល់សេវាសាធារណៈ» ថ្មីមួយដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី៣ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកេងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ 

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវ មណ្ឌលផ្ដល់សេវាសាធារណៈ ខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការបើដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរសកម្មសិទ្ធយានជំនិះ ធ្វើឡើងក្នុងគោលបំណង បង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកប្រជាពលរដ្ឋ សំដៅឲ្យការផ្ដល់សេវាកម្មកាន់តែងាយស្រួល រហ័សទាន់ចេញ មានប្រសិទ្ធភាព និងតម្លាភាព។

មណ្ឌលផ្ដល់សេវាសាធារណៈនេះមានផ្ដល់សេវាចំនួន ៣ ប្រភេទរួមមាន៖ ១.ការចុះបញ្ជីរថយន្ដ, ២. ផ្ទេរកម្មសិទ្ធរថយន្ដ, ៣. ប្ដូរបណ្ណបើកបរយានយន្ដ ដោយធ្វើការចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩ យប់ ជារៀងរាល់ថ្ងៃ (៧ ថ្ងៃក្នុងមួយសប្ដាហ៍) លើកលែងថ្ងៃឈប់សម្រាកដែលបានកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ 

ឯកឧត្តមបានបន្ថែមថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានព្យាយាមបង្ខិតសេវាសាធារណៈនេះ ទៅកៀកប្រជាពលរដ្ឋ តាមរយៈការបើកមណ្ឌលផ្ដល់សេវាកម្មនៅតាមផ្សារទំនើបធំៗដូចជា ផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ ជីបម៉ុងណូរ៉ូម៉ល ឆៀកចល័ត វិសោធនកម្មច្បាប់ចរាចរណ៍ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោកនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងរដ្ឋាករតភ្ជាប់ជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ការលក់លេខចុះបញ្ជីពិសេសដោយផ្ទាល់ខ្លួនសម្រាប់រថយន្ដ ការរៀបចំកម្មវិធីប្រឡងយកបណ្ណបើកបរដល់ទីកន្លែងសម្រាប់អ្នកបើកបររថយន្ដដឹកកម្មករតាមរោងចក្រ និងដឹកទំនិញតាមកំពង់ផែ និងកម្មវិធីព៌តមានវិទ្យាលើទូរសព្ទដៃជាច្រើនទៀត។