ក្រសួងអប់រំ បានណែនាំគ្រប់មន្ទីរអប់រំរាជធានីខេត្ត អនុវត្តវិធានការទប់ស្កាត់ផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង តាមគ្រឹះស្ថានសិក្សា!

ក្នុងពេលថ្មីៗនេះ ជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅតាមបណ្ដារាជធានីខេត្តមួយចំនួនធំនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យផលប៉ះពាល់ដល់គ្រឹះស្ថានសិក្សាដូចជា អគារសិក្សា សម្ភារសិក្សា និងសម្ភារបរិក្ខា -ល- ហើយដើម្បីធានាបាននូវដំណើ់រការសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់មន្ទីរអប់រំរាជធានីខេត្ត ដើម្បីមានវិធានការទប់ស្កាត់ ការពារ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀងនៅតាមគ្រឹះស្ថានសិក្សាដូចខាងក្រោម៖

១. គ្រឹះស្ថានសិក្សាមិនទាន់រងផលប៉ះពាល់ពីទឹកជំនន់

• ត្រូវតាមដានព័ត៌មានពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ជាប្រចាំ។

• គ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជាការទុកដាក់សម្ភារ ឯកសារ (ជាពិសេស សៀវភៅក្នុងបណ្ណាល័យ) គ្រឿងបរិក្ខាអេឡិចត្រូនិច គ្រឿងអគ្គិសនី -ល- និងត្រូវរកទីកន្លែងសុវត្ថិភាពដើម្បីរក្សាទុក ឲ្យជៀសផុតពីការលិចលង់ខូចខាត និងប៉ះពាល់ដល់អាយុជីវិតជាយថាហេតុ។

• ណែនាំបុគ្គលិកសិក្សា និងសិស្សានុសិស្សឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរមកសាលារៀន និងត្រលប់ទៅវិញ ដោយសុវត្ថិភាព។

២. គ្រឹះស្ថានសិក្សាដែលកំពុងរងផលប៉ះពាល់ពីទឺកជំនន់

• ត្រូវតាមដានព័ត៌មានពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ជាប្រចាំ។

• ហាមសិស្សានុសិស្សមិនឲ្យលេងទឹកនៅតំបន់ដែលមានទឹកជំនន់ ឬទឹកហូរខ្លាំង។

• ករណីចាំបាច់ត្រូវតែជម្លៀសិស្សឲ្យទៅទីទួលសុវត្ថិភាព។

• គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមសម្របសម្រួលដល់ការធ្វើដំណើររបស់សិស្សពេលត្រលប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ក្នុងករណីចាំបាច់។

• ចៀសវាងការធ្វើដំណើរតាមមធ្យោបាយទឹក និងក្នុងពេលទឹកកំពុងហូរខ្លាំង ករណីចាំបាច់ត្រូវប្រើប្រាស់អាវពោង ឬប៊ីដុង។ 

• អំពាវនាវឲ្យមាតាបិតា អាណាព្យាបាលសិស្សជូនកូនទៅសាលារៀន និងទទួលកូនត្រលប់មកវិញដោយប្រុងប្រយ័ត្ន។

• ណែនាំសិស្សអំពីអនាម័យ ការហូបចុក ចំណីអាហាស្អាត និងទឹកស្អាត។

• សហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ គណៈកម្មាការទ្រទ្រង់សាលារៀន អង្គការសង្គមស៊ីវិល សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ឲ្យចូលរួមសហការដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្ដរាយទាំងផ្នែកសម្ភារ និងថិវកា។

• លើកទឹកចិត្តគ្រូបង្រៀងនឲ្យបន្ដការបង្រៀនតាមគ្រប់រូបភាព ដូចជា ការសិិក្សាពីចម្ងាយការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីធានានិរន្តរភាពនៃការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។

• គណៈគ្រប់គ្រងសាលារៀនត្រូវផ្ដល់ព័ត៌មាន និងរាយការណ៍ជាប្រចាំពីផលប៉ះពាល់របស់សាលារៀននីមួយៗ តាមរយៈមន្ត្រីបង្គោល ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ដើម្បីបូកសរុបជារបាយការណ៍ជូនថ្នាកដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។

៣. ក្រោយពេលទឹកជំនន់

• រួមគ្នាសម្អានបរិស្ថានសាលារៀន អគារសិក្សា បន្ទប់រៀន -ល- ដោយធានាឲ្យបាននូវអនាម័យ និងផាសុកភាព។

• រៀបចំជួសជុលឡើងវិញ តុ កៅអី ក្ដារខៀន ទូ សម្ភារបរិក្ខារប្រើប្រាស់ក្នុងសាលា -ល-។

• គណៈគ្រប់គ្រងសាលារៀនត្រូវរៀបចំរបាយការណ៍អំពីការរងផលប៉ះពាល់ ការខូចខាតសម្ភារសិក្សា សៀវភៅសិក្សាគោល ឬសម្ភារបរិក្ខារ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។