កម្ពុជា រំពឹងនាំចេញសម្ភារៈធ្វើដំណើរ និងកាបូប ឲ្យបានក្នុងរង្វង់ទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០!

ថ្លែងនៅក្នុងកិច្ចប្រជុំ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ថា ILO-BFC» កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្ពុជារំពឹងលើការនាំចេញផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ឲ្យបានក្នុងរង្វង់ទឹកប្រាក់ ១ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ នេះ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិ។ 

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ិត សំហេង បានចាប់អារម្មណ៍លើវិស័យផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ដែលកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ ហើយបើតាមការប៉ាន់ស្មាន វានឹងមានការរីកចម្រើនខ្លាំងដូចជាវិស័យវាយនភ័ណ្ឌដែរ។ វិស័យនេះ កំពុងនឺងជំរុញឲ្យមានកំណើនការងារ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របពេលដែលកម្ពុជាបានប្តេជ្ញាយ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិ ដែលបានធ្វើសច្ចាប័នកន្លងទៅ។ 

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យរោងចក្រ សហគ្រាស ផលិតផលធ្វើដំណើរ និងកាបូប រួមគ្នាបង្កើតជាសមាគមមួយ ស្របតាមច្បាប់ស្ដីពីសហជីព ដើម្បីជាតំណាងរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមនានា ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

គូសបញ្ជាក់ថា សម្រាប់ផលិតផលសម្ភារៈធ្វើដំណើរ និងកាបូបនេះ ប្រទេសកម្ពុជា បាននាំចេញទៅបរទេសមានទីផ្សារធំជាងគេបំផុតគឺ សហរដ្ឋអាមេរិច ដែលបានក្ដោបយកការនាំចេញប្រមាណ ៨០% លើផលិតផលទាំងនេះ ក្នុងនោះរួមមាន កាបូបដៃ, កាតាបស្ពាយ, វ៉ាលី, និងសម្ភារៈធ្វើដំណើរមួយចំនួនទៀត។ ម្យ៉ាងវិញទៀត កម្ពុជា ក៏ទទួលបានការអនុគ្រោះពន្ធនាំចេញតាមប្រព័ន្ធ GSP (Generalized System of Preferences) ទៅកាន់ទីផ្សារសហរដ្ឋអាមេរិចផងដែរ។ ដូចនេះ ភាពរីកចម្រើននៃឧស្សាហកម្មផលិតផលធ្វើដំណើរ និងកាបូប គឺជាវឌ្ឍនភាពយ៉ាងល្អប្រសើរ ទៅដល់កំណើនទីផ្សារការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ 

យោងតាមទិន្នន័យ U.S. Census Bureau បានបង្ហាញទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិច ឲ្យឃើញថា សម្រាប់រយៈពេល ៨ ខែក្នុងឆ្នាំ២០២០ ភាគីកម្ពុជា បាននាំចេញផលិតផលសរុបទៅកាន់ទីផ្សារសហរដ្ឋអាមេរិច ក្នុងរង្វង់ទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាេមរិច ដែលមានសន្ទុះឡើងខ្ពស់ជាងមុនប្រមាណ ២២%។