យោងតាមប្រសាសន៍របស់លោកជំទាវ អុល ភិរុណ អភិបាលរងខេត្តកែប កាលពីម្សិលមិញបានឲ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នឹងត្រូវអភិវឌ្ឍន៍នៅលើកោះទន្សាយ ស្ថិតនៅក្នុងខេត្តកែប តាមរយៈហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ នឹងត្រូវប្រព្រឹត្តទៅក្រោយពីរដ្ឋបាលខេត្តកែប សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមរួចរាល់ឆាប់ៗនេះ។
ការចាប់ផ្ដើមសិក្សាវាយតម្លៃផលប៉ះពាល់ ត្រូវបានរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ ដោយផ្ដោតសំខាន់ទៅលើ៖ លទ្ធភាពនៃការសាងសង់កំពង់ផែធំជាងមុន, ការតភ្ចាប់ផ្លូវធ្វើដំណើរ, និងប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយយើងត្រូវការភាពច្បាស់លាស់ និងដោះស្រាយបញ្ហាឲ្យរួចរាល់ដែរ ទើបទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មីនេះ បានដាក់ចូលទៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ហើយក៏នឹងប្រើប្រាស់ដើម្បីភ្ជាប់នាវាទេសចរណ៍ និងនាវាដឹកទំនិញពីកំពង់ផែខេត្តកំពត (កំពុងសាងសង់) ទៅកាន់កំពង់ផែកោះទន្សាយ បានដោយសុវត្ថិភាព ជំនួសឲ្យផែឈើតូចដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងខេត្តកែបនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនចំនួនភ្ញៀវទេសចរមកកម្សាន្ដកោះទន្សាយ, ស្រូបទាញគម្រោងវិនិយោគថ្មីៗកោះទន្សាយ, បង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់, និងបង្កភាពងាយស្រួលដល់ការធ្វើដំណើរសម្រាប់នាវាភ្ញៀវទេសចរច្រើនផងដែរ។