តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចការនាំចេញ-នាំចូលក្នុងទំហំទឹកប្រាក់ ១,២៧៣ លានដុល្លារ ក្នុងរយៈពេល ១០ ខែ!

ខេត្តព្រះសីហនុ៖ យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតចាប់ពីខែមករា មកដល់ខែតុលា ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ទទួលបានប្រតិបត្តិការនាំចេញ-នាំចូលសរុបចំនួន ៣៦,២០៦ កុងតឺន័រ ដែលបានកើនឡើង ២៩.២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងប្រតិបត្តិការនោះ ទំហំទឹកប្រាក់ដែលបាននាំចេញចូលសរុបមានចំនួន ១,២៧៣ លានដុល្លារ កើនឡើង ៣១.១% ហើយលើសពីប្រតិបត្តិការនាំចេញ-នាំចូលក្នុងឆ្នាំ២០១៩ ទាំងមូលបាន ៣% មកហើយ។ 

តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីកើតមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតជុំវិញសកលលោកមក វាពិតជាមានផលវិបាកជាច្រើនចំពោះការនាំចេញ-នាំចូលទំនិញតាមបណ្ដាប្រទេសនានា ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលក្នុងប្រតិបត្តិការរយៈពេល ១០ ខែកន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងសហការគ្នារវាងក្រុមហ៊ុនអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនរោងចក្រ សហគ្រាស និងបុគ្គលិកបំពេញការងារ ដែលមានវិធានការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត និងមានសមត្ថភាពដើម្បីបង្កើតបរិយាកាសពាណិជ្ជកម្មដោយសុវត្ថិភាព ហើយបង្កើនទំហំពាណិជ្ជកម្មនាំចេញ-នាំចូលមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព រហូតរក្សាកំណើនបានដល់ខ្ទង់ ៣០% នេះ។ 

ស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ គេឃើញថាសហគ្រាស និងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក៏ទទួលរងផលប៉ះពាល់ដែរ ដោយសហគ្រាសមួយចំនួន បានធ្លាក់ចុះនូវសមត្ថភាពផលិតកម្មរបស់ខ្លួន ព្រោះមានការធ្លាក់ចុះតម្រូវការនិងកង្វះវត្ថុធាតុដើមជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស បានធ្វើការរួមគ្នាជាមួយរោងចក្រ សហគ្រាស ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយធានាដល់ដំណើរការរបស់រោងចក្រ និងបន្ដផ្ដល់ការងារជូននិយោជិត ហើយរួមគ្នាកសាងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដំណាក់កាល ២.០ សម្រាប់បង្កើតទំនុកចិត្ត, បើកទូលាយដល់ការវិនិយោគអន្តរជាតិ, បង្កើតទំនាក់ទំនង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗសម្រាប់ផលិតកម្ម, និងធានាឲ្យបាននូវការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដើម្បីអាចរក្សាដំណើរការបានល្អប្រសើរ។

ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ២.០ នេះគេជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនឹងមានក្រុមហ៊ុនអន្តរជាតិមកវិនិយោគ និងធ្វើពាណិជ្ជកម្មច្រើនឡើងៗ ជំរុញដល់ការអភិវឌ្ឍន៍ឆ្ពោះទៅមុខ និងរួមចំណែកយ៉ាងសំខាន់ដល់ដំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើនសក្ដានុពលខេត្តព្រះសីហនុ ថែមមួយកម្រិតទៀត។