សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ ១៤០ លានដុល្លារ!

នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំពិធីបើកការដ្ឋានសាងសង់ និងធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ ខ្សែក្នុងខេត្តសៀមរាប ដែលមានប្រវែងសរុប ១០៨.៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុប ១៤០ លានដុល្លារ និងថវិកាជាង ៩ លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគ្រោង។ ម្យ៉ាងវិញទៀត ទឹកប្រាក់ប្រមាណ ៥ លានដុល្លារដែលនៅសល់ពីគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែក្រុងព្រះសីហនុ ក៏ត្រូវបានយកមករៀបចំហេដ្ឋានរចនាសម្ព័ន្ធដងស្ទឹងសៀមរាប ប្រវែង ៨ គីឡូម៉ែត្រដែរ។  

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីឲ្យដឹងថា តាមរយៈគម្រោងសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ នឹងធ្វើឲ្យក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទីក្រុងទេសចរណ៍ដ៏មានសក្ដានុពល តាមការកំណត់គោលដៅជាស្នូលនៃអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមទាំងការរៀបចំអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) ផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា គឺក្រុងសៀមរាបអង្គរនេះ ហើយក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងដើរតួយ៉ាងសំខាន់សម្រាប់ប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗព្រមទាំងបណ្ដាញខ្សែផ្លូវជាតិនានា បញ្ចៀសការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនការដឹកជញ្ជូន ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ដែលជាសកម្មភាពជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ ដោយទី១គឺប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ, ទី២គឺប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ, និងទី៣គឺប៉ូលសេដ្ឋកិច្ចនៃខេត្តសៀមរាបនេះតែម្ដង។

យោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងនេះនឹងបញ្ចប់ទៅក្នុងរយៈពេល ១៣ ខែដោយគ្រោងបញ្ចប់ឲ្យបានមុនដំណាច់ឆ្នាំ២០២១ ហើយយើងក៏មានបង្កើតក្រុមការងារអន្តរក្រសួងចំនួន ៩ទៀត ដើម្បីត្រួតពិនិត្យការងារ ធានាគុណភាពនៃការសាងសង់ផ្លូវ ៣៨ ខ្សែនេះស្របតាមបទដ្ឋាន និងលក្ខណៈបច្ចេកទេស ឲ្យការប្រើប្រាស់បានយូរអង្វែង។