ផ្សារទំនើប AEON l ត្រូវបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ០២ ខែធ្នូនេះ!

ផ្សារទំនើបអ៊ីអនម៉ល១ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ បើយោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកជំទាវ បានមានប្រសាសន៍ថា ការអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញនៃផ្សារទំនើបអ៊ីអនម៉ល១ នេះត្រូវបានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសំណើរពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្មនៅក្នុងផ្សារទាំងមូល។ 

តាមរបាយការណ៍ចេញពីក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹកនេះ បង្ហាញថាលទ្ធផលធ្វើតេស្ដអ្នកប៉ះពាល់ក្នុង ព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកាយើងមានចំនួនសរុប ៣,៩៩៨ នាក់ហើយ ដោយកាលពីថ្ងៃទី០១ ខែធ្នូ វិទ្យាស្ថានប៉ាស្ទ័របានរកឃើញករណីអវិជ្ជមានទាំងអស់ចំនួន ២,៩១៧ សំណាក ចំណែកចំនួនករណីវិជ្ជមានដែលរកឃើញមានចំនួន ១៧ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយសំណាកនៅសល់ចំនួន ១,០៨១ នាក់ទៀតនឹងបន្ដធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ។

ជាសរុបមកវិញ ក្រសួងសុខាភិបាលបានបង្ហាញថា ការគ្រប់គ្រងស្ថានភាពនៃករណីឆ្លងសហគមន៍ដំបូងនេះ មានភាពល្អប្រសើរ និងបានកិច្ចសហការល្អជាមួយក្រុមហ៊ុនផ្សារទំនើបអ៊ីអន និងសណ្ឋាគារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបាញ់សម្លាប់មេរោគ សម្អាតបរិស្ថាន ដើម្បីអនុញ្ញាតិឲ្យផ្សារទំនើបនេះអាចបើកដំណើរការឡើងវិញ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល បានតម្រូវឲ្យផ្សារទំនើបអ៊ីអនមានការវាស់កម្ដៅ មិនអនុញ្ញាតិឲ្យអ្នកមានកម្ដៅ ៣៧.៥ អង្សាចូលឡើយ ហើយត្រូវមានអាល់កុលសម្អាតដៃ អ្នកចូលផ្សារត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព ព្រមទាំងធ្វើការសម្អាតជាប្រចាំផងដែរ។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាប្រុងប្រយ័ត្ន រក្សាអនាម័យនៅតាមទីសាធារណ ដោយពាក់ម៉ាស់ លាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសង្គម។