ក្រសួងសុខាភិបាល កំណត់ទីតាំង ២ កន្លែងសម្រាប់ធ្វើតេស្ដលើកទី២ សម្រាប់អ្នកប៉ះពាល់ផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា!

នៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញសេចក្ដីថ្លែងការជម្រាបជូនសាធារណជនឲ្យបានដឹងថា «សម្តេច ទ្រង់ ឯកឧត្តម អស់លោកលោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សូមអញ្ជើញទៅធ្វើតេស្ដលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់ សម្រាប់រាជធានីភ្នំពេញ គឺនៅក្រសួងមហាផ្ទាំ និងទីលានស្ដាតអូឡាំពិក»។ 

ក្នុងន័យនេះ ក្រសួងបានកំណត់ទីតាំង ២ កន្លែងសម្រាប់ធ្វើតេស្ដលើកទី២ ចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយរសៀលថ្ងៃទី ៣ ខែធ្នូនេះ ក្រសួងសុខាភិបាលនឹងអញ្ជើញចុះទៅពិនិត្យមើលទីតាំងស្ដាតអូឡាពិក ដើម្បីរៀបចំទីតាំងត្រៀមធ្វើតេស្ដបងប្អូនប្រជាពលរដ្ឋដែលបានកំណត់ និងសូមអំពាវនាដល់អ្នកពាក់ព័ន្ធទាំងអស់មេត្តាធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ ជៀសវាងការចម្លងដល់ក្រុមគ្រួសារ និងអ្នកដទៃ។

គូសបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាកន្លងទៅនេះ ក្រសួងសុខាភិបាលបានទទួលបានសំណាកធ្វើតេស្ដវិភាគចំនួន ៨,៧៦៦ នាក់មកហើយ ដោយបានរកឃើញករណីឆ្លងវិជ្ជមាន ១៩ នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសកម្ពុជាកើនឡើង ៣៣១ នាក់ ក្នុងនោះ ៣០៤ នាក់បានព្យាបាលជាសះស្បើយ និងនៅសល់ចំនួន ២៧ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។