ស្ពានថ្ម ខេត្តបាត់ដំបង បានបើកសម្ពោធដំណើរការបណ្ដោះអាសន្ន!

ខេតបាត់ដំបង៖ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានរៀបចំពិធីសូត្រប្រោះព្រំសុំសេចក្ដីសុខសប្បាយ និងសម្ពោធស្ពានថ្ម (ស្ពាន ១៣ មករា) កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន មុនឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលឈានមកដល់ខាងមុខនេះ។ 

ស្ពានថ្ម ឆ្លងកាត់ស្ទឹងសង្កែ ទល់មុខសាលាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានផ្អាកការធ្វើដំណើរ ដោយសារតែស្ពាននេះមានអាយុកាលចំណាាស់ជាង ១០០ ឆ្នាំមកហើយ (សាងសង់នៅឆ្នាំ ១៩១៦ នៃសម័យអាណានិគមបារាំង) និងមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់បាន ត្រូវការជួសជុលគ្រឹះឡើងវិញ។ ស្របពេលជាមួយគ្នា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសាងសង់ស្ពានថ្មថ្មី ដែលមានឈ្មោះថា ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬស្ពាន១៣មករាថ្មី បានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ ១០០% មកហើយ មានប្រវែងបណ្ដោយ ១០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ជាប្រភេទស្ពានបេតុង យកលំនាំដើមតាមស្ពានថ្មចាស់ទាំងស្រុង។

គម្រោងសាងសង់ ស្ពានសម្តេចតេជោ ហ៊ុន សែន និងជួសជុលស្ពាន១៣មករា បានចំណាយថវិកាប្រមាណ ៦ សែនដុល្លារ ជាអំណោយរបស់លោក គៅ ហុង និងលោកស្រី ហ៊ែកសឺក មៀរីយាំ ព្រមទាំងលោក ហេង គឹមឡេង និងលោកស្រី កូយ សុខមាន បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងស្ពានឆ្លងកាត់ស្ទឹងសង្កែថ្មីជាស្ថាពរ។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការកំណត់ទិសដៅចរាចរណ៍សម្រាប់ធ្វើដំណើរលើស្ពាននេះ ដោយឯកទិសសម្រាប់ការឆ្លងកាត់ ពោលគឺប្រសិនបើធ្វើដំណើរពីភ្នំពេញ ទៅកាន់បាត់ដំបង (ខាងកើត ទៅខាងលិច) ត្រូវឆ្លងកាត់តាមស្ពានសម្តេចតេជោ ហ៊ុន សែន ចំណែកការធ្វើដំណើរចេញពីបាត់ដំបង ទៅភ្នំពេញវិញ (ខាងលិច ទៅខាងកើត) ត្រូវឆ្លងកាត់តាមស្ពាន១៣មករាចាស់ ឬស្ពានថ្មចាស់។