កម្ពុជា សម្ពោធពិធីនាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសចិន ជាផ្លូវការ!

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានដឹកនាំរៀបចំពិធីសម្ពោធជាផ្លូវការ នៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា អាចពង្រីកការនាំចេញទៅទីផ្សារប្រទេសចិន បន្ទាប់ពីកសិផលចេកអំបូងលឿងស្រស់ តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

យោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ផ្ទៃដីដាំដុះដំណាំស្វាយនៅក្នុងប្រទេសកម្ពុជា មានសរុបជាង ១៣១,៨៩០ ហិកតា ហើយផ្ទៃដីប្រមូលផលមានចំនួន ៩១,១០៤ ហិកតា ដោយផ្ដល់ទិន្នផលជាមធ្យម ១៥.១៧ តោន/ហិកតា ក្នុងមួយរដូវ ដូចនេះក្នុងមួយរដូវ យើងអាចប្រមូលផលស្វាយស្រស់ប្រមាណ ១.៣ លានតោន ជាមួយការដាក់គោលដៅនាំចេញផ្លែស្វាយទៅប្រទេសចិន ៥០០,០០០ តោនក្នុងមួយឆ្នាំ។ 

ដោយឡែកនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលសរុបចំនួនជាង ៣.៨ លានតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៤ ប្រទេស មានការកើនឡើងខ្ពស់ជាងមុនជាង ៨៧% ធៀបទៅនឹងរយៈពេល ៤ ខែឆ្នាំ២០២០ ក្នុងនោះការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៤២,៥៥៦ តោន ដែលបានកើនឡើងជាង ២៣៩%, ដំណាប់ស្វាយចំនួន ៨,៤១៤ តោនកើនឡើងជាង ១៣២%, និងទឹកស៊ីរ៉ូស្វាយមានចំនួន ២,១៨៣ តោនកើនឡើងជាង ៥១% ផងដែរ។ ទាំងអស់នេះ បានបង្ហាញអំពីសញ្ញាវិជ្ជមានខ្ពស់នៃការនាំចេញផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ហើយបើយោងតាមទិសដៅរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៥-២០២៥ នឹងត្រូវពង្រីកការនាំចេញផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទំនិញកែច្នៃកសិកម្មឲ្យបានដល់ ១២% នៃបរិមាណការនាំចេញសរុបរបស់កម្ពុជា ត្រឹមឆ្នាំ២០២៥ ខាងមុខ។

គូសបញ្ជាក់ផងដែរថា កិច្ចចចារបើកទីផ្សារនាំចេញផ្លែស្វាយស្រស់នៅកាន់ប្រទេសចិននេះ ត្រូវបានក្រសួងកសិកម្ម និងភាគីរដ្ឋបាលគយចិន (GACC) ចាប់ផ្ដើមពិភាក្សាតាំងពីដើមឆ្នាំ២០១៨ រហូតឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២០ និងចាប់ផ្ដើមនាំចេញជាផ្លូវការពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។ គិតមកទល់ពេលនេះ មានក្រុមហ៊ុនវេចខ្ចប់ និងចម្ការស្វាយចំនួន ៥៥ មកហើយ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ក្នុងនោះក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ទៅដល់កសិដ្ឋានចំនួន ៣៧ ដែលសក្ដានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ហើយនៅខែមេសា ឆ្នាំ២០២១ កន្លងទៅ ភាគីរដ្ឋបាលគយចិន (GACC) ក៏ទើបបានអនុម័តចុះបញ្ជីចម្ការស្វាយចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ស្វាយចំនួន ៥ កន្លែង សម្រាប់អនុញ្ញាតិការនាំចេញទៅប្រទេសចិនជាផ្លូវការ នឹងត្រៀមចុះបញ្ជីក្រុមហ៊ុនរោងចក្រ និងចម្ការស្វាយជាបន្ដបន្ទាប់ទៀត។

 

ប្រភពៈ ឯកឧត្តម វេង សាខុន