វៀតណាម និងអាមេរិក បើកឱ្យមានការហោះហើររវាងប្រទេសទាំងពីរឡើងវិញ ចាប់ពីខែកញ្ញា តទៅ!

ហាណូយ៖ នៅអាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសលើតារាងកំពូល ដែលបានប្រយុទ្ធប្រឆាំង និងបង្ការការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ បានប្រសើរជាងគេ ហើយក៏មានចរន្តសេដ្ឋកិច្ចល្អជាងគេផងដែរ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់។ ស្ថានភាពល្អប្រសើរនេះ បានធ្វើឱ្យវៀតណាមមានមុខមាត់ក្នុងឆាកអន្តរជាតិ ហើយប៉ុន្មានខែខាងមុខទៀតនេះ ជើងហោះហើរដោយផ្ទាល់រវាងវៀតណាម និងអាមេរិក នឹងបើកដំណើរការឡើងវិញ។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ការហោះហើរតាមផ្លូវអាកាស ដោយធ្វើដំណើររវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ត្រៀមនឹងចាប់ផ្ដើមឡើងវិញ នាដើមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ការចាប់ផ្ដើមនេះ អនុញ្ញាតឱ្យមានអ្នកធ្វើដំណើរពីប្រទេសវៀតណាមហោះទៅដោយផ្ទាល់ទៅកាន់ទឹកដីអាមេរិក ហើយពីអាមេរិកហោះចុះដោយផ្ទាល់នៅវៀតណាម ក៏ដូចជាមានការអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញផ្សេងៗទៀតផង។

ក្រសួងដឹកជញ្ជូនរបស់វៀតណាម បានឱ្យដឹងថា ក្រោមការស្នើសុំរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម កាលពីចុងខែមេសា កន្លងទៅ កាន់អាកាសចរណ៍ស៊ីវិលអាមេរិក នៅទីបំផុតអាមេរិក បានបង្ហាញភ្លើងខៀវឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីហើយ។ ក្នុងនោះជើងហោះហើរដំបូងគេ ដែលនឹងចាប់ផ្ដើមហោះហើរដោយផ្ទាល់​ (Direct Flight) គឺ Bamboo Airways ជាការចាប់ផ្ដើមឡើងវិញ ក្រោយការបិទអស់រយៈពេលជាងមួយឆ្នាំកន្លងមក។

ការចាប់ផ្ដើមឡើងវិញនៃជើងហោះហើររវាងវៀតណាម នឹងអាមេរិក សំរាប់ដំណាក់កាលដំបូងនេះ ត្រូវបានអនុញ្ញាតឱ្យចុះចតតែនៅក្នុងទីក្រុងចំនួន ២ ប៉ុណ្ណោះ គឺ San Francisco និង Los Angeles ដោយហោះចេញពីទីក្រុងហូជីមិញដោយផ្ទាល់។ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានកំពុងរៀបចំផែនការ បង្វឹកបុគ្គលិក និងរៀបចំផ្លូវដើម្បីហោះហើរ ដោយត្រៀមលក្ខណៈរួចជាស្រេច ក្នុងការហោះហើររយៈចម្ងាយឆ្ងាយ ដោយមិនមានការផ្លាស់ប្ដូរជើងហោះហើរណាមួយឡើយ។

តាមការបញ្ជាក់របស់ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា ជាការចាប់ផ្ដើមឡើងវិញ អ្នកដែលអាចទទួលបានសិទ្ធិក្នុងការធ្វើដំណើរនេះគឺសម្រាប់ វិនិយោគិនបរទេស ពលរដ្ឋវៀតណាមនៅអាមេរិក ដែលចង់វិលត្រឡប់ចូលស្រុកវិញ ក្រុមអ្នកជំនាញ មន្ត្រីសំខាន់រវាងរដ្ឋទាំង២ ប៉ុណ្ណោះ ដោយពលរដ្ឋចង់ចេញទៅកំសាន្ត ឬក្នុងគោលដៅណាមួយផ្សេង មិនត្រូវបានអនុញ្ញាតឡើយ៕