EU សម្រេចឱ្យការធ្វើដំនើរទេសចរអន្តរជាតិទៅកំសាន្តនៅអឺរ៉ុប កាន់តែមានភាពងាយស្រួល

ដើម្បីសម្រួលទៅដល់វិស័យទេសចរណ៍ ឱ្យមានដំណើរការឡើងវិញ បើទោះបីជាមិនអាចធ្វើឡើងពេញលេញដូចមុនឆ្នាំ ២០២០ ក៏ដោយ តែក៏សង្ឃឹមថាអាចល្អប្រសើរជាងសព្វមុនដង សហភាពអឺរ៉ុប (European Union) បានសម្រេចក្នុងការ សម្រួលទៅដល់ការធ្វើដំណើរ សម្រាប់ភ្ញៀវទេសចរអន្តរជាតិណា ដែលមានបំណងចង់ទៅកំសាន្តនៅតាមប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។

យោងតាមអ្នកនាំពាក្យរបស់ EU បានប្រាប់ឱ្យដឹងថា សហភាពអឺរ៉ុប បានសម្រេចសម្រួលទៅដល់ការធ្វើដំណើរ ក្នុងគោលបំណងទេសចរណ៍ ទៅកាន់ភ្ញៀវទេសចរអន្តរជាតិគ្រប់រូប ដែលមានគោលបំណងចង់មកកំសាន្ត និងចំនាយថវិការក្នុងវិស័យទេសចរណ៍ នៅក្នុងប្រទេសទាំងអស់ជាសមាជិករបស់ EU ។ សេចក្ដីសម្រេចនោះធ្វើឡើង ក្រោមការអនុម័តរួម ដោយសាមគ្គី របស់ឯកអគ្គរដ្ឋទូតមកពី ២៧ ប្រទេស ដោយកាត់បន្ថយការរឹតបន្តឹងជុំវិញការធ្វើដំណើរ និងការមកដល់របស់ភ្ញៀវទេសចរណ៍នៅទូទាំងពិភពលោក ទៅកាន់ប្រទេសរបស់ខ្លួន។

ស្ថិតក្នុងគោលដៅសម្រួលទៅដល់ការធ្វើដំណើរឡើងវិញនេះ គោលការណ៍ និងសេចក្ដីនែនាំថ្មីៗ នឹងរៀបចំឡើយ ដើម្បីអនុវត្តនៅតាមបណ្ដាប្រទេសនីមួយៗ សម្រាប់កាត់បន្ថយអត្រាឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ជាអតិបរមា ដោយពឹងផ្អែកទៅលើព័ត៌មាន និងទិន្នន័យប្រមូលបានសរុប ឬរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អឺរ៉ុប ហៅកាត់ថា (CDCP)។ ការកំណត់ចេញវិធានការផ្សេងៗ អាចនឹងឈានដល់ការកំណត់លក្ខខណ្ឌថ្មីៗបន្ថែមទៀត តាមដែលអាចធ្វើទៅបាន។

តាមការបញ្ជាក់សម្រាប់គោលដៅបឋម នៃការបើកឱ្យមានភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ទៅកំសាន្តនៅប្រទេសជាសមាជិកនោះ ធ្វើយ៉ាងណាមិនឱ្យមានករណីឆ្លងកើនឡើងច្រើនជាង ២៥ នាក់ នៅក្នុងចំនួនមនុស្សសរុប ១០០,០០០ នាក់។ ការកំណត់បែបនេះ គឺដើម្បីកាត់បន្ថយអត្រាឆ្លង ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ហេតុនេះការកំណត់វិធានការរដ្ឋបាល វិធានការទប់ស្កាត់ផ្សេងៗ នឹងដាក់ចេញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ មុនពេលរដូវក្ដៅ​ (Summer) ចូលមកដល់ ហើយបើសិនជាអត្រាឆ្លងកើនឡើង ការផ្អាកជាបណ្ដោះអាសន្ននៃការធ្វើដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេស ដែលជាសមាជិករបស់សហភាពអឺរ៉ុប ទាំង ២៧ នឹងបើកឡើងជូនគ្រប់ៗគ្នា តែពលរដ្ឋអាមេរិក តម្រូវឱ្យទទួលបានការចាក់វ៉ាក់សាំងរួចរាល់ និងត្រឹមត្រូវជាមុនសិន ទើបអាចទទួលបានសិទ្ធិចូលទៅក្នុងទឹកដីប្រទេសទាំងនោះ។ ដោយឡែក ស្ថិតក្នុងការរឹតបន្តឹងនេះ មានតែប្រទេស ៧ ប៉ុណ្ណោះ ដែលអាចធ្វើដំណើរកំសាន្តទេសចរណ៍ នៅប្រទេសទាំងនោះបាន រួមមាន អូស្ត្រាលី អ៊ីស្រាអ៊ែល សឹង្ហបុរី ញូវហ្សេឡែន កូរ៉េខាងត្បូង ថៃ និង Rwanda បើទោះបីជាភ្ញៀវទេសចរទាំងនោះពុំទាន់ទទួលបានការចាក់វ៉ាក់សាំងក៏ដោយ៕