ពលរដ្ឋប្រ៊េស៊ីល បាត់បង់ជីវិតដោយជំងឺកូវីដ ១៩ ឈានដល់ចំនួនច្រើនជាង ៥០ ម៉ឺននាក់ និងកំពុងបន្តកើនឡើង!

ប្រ៊េស៊ីល៖ អត្រាឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសប្រេ៊ស៊ីល នៅតែបន្តកើនឡើង ដោយក្នុងមួយថ្ងៃៗ មានអ្នកឆ្លងប្រមាណ ៨ ពាន់នាក់ ស្រពេលយុទ្ធនាការ នៃការចាក់វ៉ាក់សាំងនៅតែបន្តទៅមុខ តែស្ថិតក្នុងល្បឿនមួយយឺត បើធៀបជាមួយចំនួនប្រជាជនទូទាំងផ្ទៃប្រទេស។ ស្ថិតក្នុងការវាយប្រហារ នៃរលកទី៣ នៃជំងឺកូវីដ ១៩ នេះ ប្រ៊េស៊ីល កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយបានក្លាយជាប្រទេសទី ២ បន្ទាប់ពីអាមេរិក ដែលមានអ្នកស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ ១៩ មានចំនួនច្រើនជាងកន្លះលាននាក់។

រលកវាយប្រហារនៃជំងឺកូវីដ ១៩ លើកទី ៣ នៅប្រទេសប្រ៊េស៊ីល កំពុងតែបន្តទៅមុខឥតស្រាកស្រាន ពិសេសធ្វើឱ្យចំនួនពលរដ្ឋ ដែលរងគ្រោះថ្នាក់ដល់អាយុជីវិត កើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ជាក់ស្ដែងគិតចាប់ពីថ្ងៃទី១០ ខែឧសភា មក កំនើនអ្នកស្លាប់មានច្រើនជាង ២ ពាន់នាក់ក្នុងមួយថ្ងៃៗ។ ការកើនឡើងក្នុងចំនួនដ៏ច្រើននេះ បានកំពុងធ្វើឱ្យមានការព្រួយបារម្មណ៍ជាខ្លាំង ដោយអាចនឹងកើនឡើងច្រើនជាងនេះបន្ថែមទៀត រហូតមកដល់ពាក់កណ្ដាលខែមិថុនានេះ ប្រេ៊ស៊ីល បានក្លាយជាប្រទេសទី២ បន្ទាប់ពីអាមេរិក ដែលមានអត្រាអ្នកស្លាប់ច្រើនជាង ៥០ ម៉ឺននាក់។

គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ ចំនួនអ្នកស្លាប់នៅប្រទេសប្រ៊េស៊ីល កើនឡើងដល់ជាទៅ ៥០០,៨០០ នាក់ ដោយមិនទាន់រាប់បញ្ចូលចំនួននាក់ស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយចំនួន ២,៤៩៥ នាក់។ ចំនួនអ្នកស្លាប់នេះ ត្រូវបានកំណត់ថា ជាអត្រាកើនឡើងយ៉ាងលឿនគួរឱ្យខ្លាចបំផុត បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០២០ ដោយចំនួននោះមានតែជាង ៥០,០០០ នាក់ប៉ុណ្ណោះ តែចូលឆ្នាំ ២០២១ ចំនួននោះហក់ឡើង x១០ បង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់ មិនអាចបំភ្លិចបាន នៃទុក្ខសោកនាដកម្មមួយនេះ។

តាមការបញ្ជាក់របស់លោក Ethel Maciel អ្នកជំនាញផ្នែករោគរាតត្បាត មកពីមហាវិទ្យាល័យ Espirito Santo University បានប្រាប់ឱ្យដឹងថា “កម្មវិធីចាក់វ៉ាក់សាំងនៅប្រ៊េស៊ីល ស្ថិតក្នុងល្បឿនមួយយឺត ដែលមិនមានប្រសិទ្ធភាពធ្វើឱ្យមានការផ្លាស់ប្ដូរនៅឡើយទេ។ នៅតាមទីក្រុងធំៗ ការរស់នៅខិតជិតទៅរកការរស់នៅដូចសព្វមុនដងវិញហើយ ដោយសារតែមានការបើកភោជនីយដ្ឋាន ហាងលក់ទំនិញ  ក្លឹប បា និងសេវាកម្មផ្សេងៗជាច្រើនទៀត ហើយពលរដ្ឋខ្លះពុំមានពាក់ម៉ាសការពារទៀតផង តែមានរដ្ឋ ១៩ ក្នុងចំនោម ២៧ កំពុងរងផលប៉ះពាល់ខ្លាំង”។ 

ចំនួនតួរលេខបច្ចុប្បន្ន អ្នកឆ្លងនៅតែបន្តកើនឡើង ហើយចំនួនអ្នកជាសះស្បើយក៏មានច្រើនដូចគ្នា ហើយការព្យាករណ៍របស់អ្នកជំនាញបានកំណត់ថា នៅថ្ងៃអនាគតតម្រូវការសេវាកម្មសុខភិបាលរបស់ប្រទេសប្រ៊េស៊ីល នឹងកើនឡើងច្រើន ពិសេសជំងឺរ៉ាំរ៉ៃផ្សេងៗ ព្រោះថា ២៣% នៃពលរដ្ឋអាមេរិក ដែលបានឆ្លងជំងឺកូវីដ ១៩ ហើយជាសះស្បើយទៅវិញ បានកើតមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺផ្លូវដង្ហើម សរសៃប្រសាទ និងវិកលចរិកជាដើម។ សម្រាប់រយៈពេលវែងឆ្ងាយ ចំនួនជំងឺនោះនឹងផ្ទុះឡើងក្នុងល្បឿនមួយយ៉ាងលឿន ធ្វើឱ្យការផ្ដល់សេវាកម្មមិនអាចឆ្លើយតបបាន នឹងធ្វើឱ្យព្រឹត្តហេតុនោះកាន់តែអាក្រក់

គួរបញ្ជាក់ថា បច្ចុប្បន្នភាព នៃការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ ១៩ នៅទូទាំងផ្ទៃប្រទេសមានតែជាង ១១.៤% ប៉ុណ្ណោះ នៃចំនួនពលរដ្ឋលើផ្ទៃប្រទេសសរុប ត្រូវបានចាត់ទុកថា ជាល្បឿនមួយយឺតយ៉ាវខ្លាំង ដែលនឹងធ្វើឱ្យប្រទេសប្រ៊េស៊ីល បន្តរងគ្រោះធ្ងន់ធ្ងរ និងធ្វើឱ្យពលរដ្ឋបន្តរងគ្រោះជាបន្តបន្ទាប់ទៀត ពិសេសនៅតាមតំបន់មិនសូវមានការអភិវឌ្ឍន៍។ ការឆ្លងយ៉ាងខ្លាំង នេះបានធ្វើឱ្យបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកាត់ផ្ដាច់ជើងហោះហើរ ឬទទួលអ្នកដំណើរមកពីប្រទេសប្រ៊េស៊ីលអស់ជាច្រើនខែមកហើយ ដោយមិនទាន់ដឹងថា តើពេលណាទើបប្រទេសនេះអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានជោគជ័យនោះទេ៕