អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូប៉ៃ នឹងបើកដំណើរការឡើងវិញក្នុងសប្ដាហ៍នេះ ក្រោយបិទអស់ ១៥ ខែ

ឌូប៉ៃ៖ អាកាសយានដ្ឋានអន្តរជាតិ របស់ទីក្រុងឌូប៉ៃ បន្ទាប់ពីបានបង្ខំចិត្តបិទទ្វារ មិនដំណើរការអស់រយៈពេល ១៥ ខែរួច គិតចាប់តាំងពីឆ្នាំ ២០២០ មក ដោយសាតែការរាតត្បាតនៃជំងឺកូវីដ ១៩ នៅពេលនេះ បានត្រៀមលក្ខណៈបើកឱ្យដំណើរការឡើងវិញហើយ នាសប្ដាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២១ នេះ។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលឌីក្រុងឌូប៉ៃ ធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិឌូប៉ៃ នឹងបើកដំណើរការឡើងវិញ ដើម្បីស្វាគមន៍ទៅដល់អ្នកធ្វើដំណើរតាមជើងអាកាសទាំងអស់ ដែលមានបំណងចេញចូលទីក្រុងមួយនេះ។ ការបើកដំណើរការឡើងវិញនេះ នឹងត្រូវធ្វើឡើងក្នុងការបើកដំណើរការសាកល្បង ដោយបើកឱ្យតែស្ថានីយ៍ (Terminal) ទី១ តែប៉ុណ្ណោះ ក្នុងកិច្ចប្រតិបត្តិការហោះហើរចេញ និងចូល។

ការបើកដំណើរការឡើងវិញ សម្រាប់ជំហានដំបូងនេះ បណ្ដាប្រទេសជាច្រើនអាចធ្វើការហោះហើរទៅកាន់ទីក្រុងឌូប៉ៃបាន រាប់បញ្ចូលប្រទេសមួយចំនួនដែលទទួលបានការបិទច្រកហោះហើរឱ្យធ្វើដំណើរឡើងវិញជាធម្មតា ឱ្យតែអ្នកធ្វើដំណើរទាំងនោះ ទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដូស ត្រឹមត្រូវតាមការកំណត់ និងជាប្រភេទវ៉ាក់សាំង ដែលទទួលស្គាល់ដោយរដ្ឋាភិបាលទីក្រុងឌូប៉ៃផ្ទាល់។ យ៉ាងណាក៏ដោយ ការធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ នៅតែបន្ត ជាលក្ខខណ្ឌចាំបាច់មិនអាចរំលងបាន ទាំងលទ្ធផលមកពីប្រទេសសមី និងការធ្វើតេស្ដនៅក្នុងទីក្រុងឌូប៉ៃ ក្រោយការមកដល់ផងដែរ។

សម្រាប់អ្នកធ្វើដំណើរដែលមានទំនាក់ទំនង ឬហោះចេញពីប្រទេសឥណ្ឌា នឹងតម្រូវឱ្យធ្វើចត្តាឡីស័កបន្ថែម ទោះទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវតាមគោលការណ៍ក៏ដោយ។ ជុំវិញការបើកដំណើរការសាកល្បងនាដំណាក់កាលដំបូងនេះ ទីកន្លែងការងារចំនួន ៣,៥០០ កន្លែង នឹងចាប់ផ្ដើមឡើងវិញ ក្រោមការព្យាករណ៍ថា អត្រាហោះហើរតាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានអន្តរជាតិឌូប៉ៃ នឹងមានប្រមាណ ៩០%។

អាកាសយានដ្ឋាន ក្រោមការគ្រប់គ្រងរបស់រដ្ឋអារ៉ាប់មួយនេះ រំពឹងថា នឹងជួយសម្រួលទៅដល់ការធ្វើដំណើរឆ្លងប្រទេស ដែលកាលពីពេលកន្លងទៅត្រូវបានផ្អាក និងបង្កើតជាផលលំបាកជាច្រើនសម្រាប់ពលរដ្ឋ ដែលចង់វិលត្រឡប់ចូលស្រុក វិនិយោគិនជាតិ និងអន្តរជាតិ និងសកម្មភាពជាច្រើនផ្សេងៗទៀត។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូប៉ៃ ទាំងមូល មានសមត្ថភាពអាចស្វាគមន៍អ្នកដំណើរបាន ១០០ លាននាក់ក្នុងមួយឆ្នាំៗ ដោយក្នុងឆ្នាំ២០១៩ កន្លងទៅ ទទួលបានអ្នកធ្វើដំណើរចំនួន ៨៩.៤ លាននាក់៕