ត្រីមាសទី២ កន្លងទៅនេះ សេដ្ឋកិច្ចជាតិរបស់ចិន មានល្បឿនយឺតជាងការរំពឹងទុក!

ប៉េកាំង៖ នាត្រីំមាសទី១ ឆ្នាំ២០២១ កន្លងទៅ ចិនរំពឹងថា សេដ្ឋកិច្ចផ្ទៃក្នុងរបស់ខ្លួន នឹងកើនឡើងកាន់តែប្រសើរជាងត្រីមាសទី១ តែឈានដល់ដើមត្រីមាសទី៣ និងលទ្ធផលទទួលបាននាត្រីមាសទី២ កន្លងទៅ បានបង្ហាញឱ្យដឹងថា ទំហំសេដ្ឋកិច្ចរបស់ចិន បានថាំថយល្បឿន និងមិនទាន់ឈានដល់អត្រា ដែលបានព្យាករណ៍ទុកនោះឡើយ។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិន ពុំបានហក់ឡើងខ្ពស់ តាមការព្យាករណ៍នោះទេ ធ្វើឱ្យអត្រាកើនឡើងនៅក្នុងត្រីមាសទី២ កន្លងទៅ ដោយគិតរាប់ចាប់ពីខែមេសា រហូតដល់ខែមិថុនា កន្លងទៅនេះស្ថិតក្នុងល្បឿនមួយយឺតយ៉ាវ។ តាមរយៈរបាយការណ៍ផ្លូវការ នៃនាយកដ្ឋានស្ថិតិជាតិរបស់ចិន បានឱ្យដឹងថា បញ្ហានៃល្បឿនសេដ្ឋកិច្ចចិន គឺដោយសារតែ សកម្មភាពឧស្សាហកម្មជាច្រើន មានល្បឿនយឺតយ៉ាវ ថែមទាំងកង្វះខាតវត្ថុធាតុដើម តម្លៃឡើងថ្លៃ និងករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងទាំងក្នុង និងក្រៅស្រុក។

ការធ្លាក់ចុះនៃល្បឿនសេដ្ឋកិច្ច នេះត្រូវបានប្រៀបធៀបទៅនឹងល្បឿនក្នុងត្រីមាសទី១ គិតចាប់ពីខែមករា ដល់ខែមីនា ដោយខែធ្លាក់ចុះខ្លាំងគឺខែមិថុនា ឆ្នាំ២០២១ ផ្ទុយពីការរំពឹងទុក។ លោក Woei Chen Ho អ្នកសេដ្ឋកិច្ចនៃវិទ្យាស្ថាន UOB បានឱ្យដឹងថា សេដ្ឋកិច្ចផ្ទៃក្នុងមានកម្រិតខ្លាំងធម្មតា តែដោយសារ ជំងឺកូវីដ ១៩ នៅតែបន្តផ្ទុះ និងឆ្លងខ្លាំង នៅបណ្ដាប្រទេសអន្តរជាតិ ក៏ជាសម្ពាធ ធ្វើឱ្យសេដ្ឋកិច្ចចិន ថាំថយផងដែរ ជាមូលហេតុធ្វើឱ្យត្រីមាសទី២ មានល្បឿនធ្លាក់ចុះ ពិសេសការនាំចេញ។

ការថយចុះនៃល្បឿនសេដ្ឋកិច្ច ផ្ទុយពីការរំពឹងទុកនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច បញ្ជាក់ថា ដើម្បីឱ្យល្បឿនសេដ្ឋកិច្ចរបស់ចិន មានស្ថេរភាព និងកើនឡើងខ្ពស់ឡើង គឺត្រូវពង្រឹងបទបញ្ជា គោនយោបាយបន្ថែមទៀត ពីរដ្ឋាភិបាលចិន ដើម្បីជួយបន្ថែមទៅលើការផលិត និងការនាំចេញឱ្យកាន់តែរឹងម៉ាំ។ វិនិយោគិនជាច្រើន ក៏បានកំពុងបន្តមើលទៅលើសកម្មភាព នៃធនាគារកណ្ដាលរបស់ចិន ក្នុងការដោះស្រាយបញ្ហានេះ ខណៈពេលធនាគារប្រជាជនចិន កាលពីសប្ដាហ៍កន្លងទៅ បានប្រកាសឡើងថា នឹងកាត់បន្ថយសាច់ប្រាក់ ដែលធនាគារបម្រុងទុកសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងកម្រិតសមរម្យមួយ។

អ្នកសេដ្ឋកិច្ចឯករាជ្យ បានបន្តព្យាករណ៍ថា ឆ្នាំ២០២១ កម្រិត GDP របស់ចិន នឹងមានក្នុងអត្រា ៨.៦% ដែលជាអត្រាខ្ពស់ជាងគេបំផុត ក្នុងការកើនឡើងប្រចាំឆ្នាំស្ថិតក្នុងមួយទសវត្សរ៍នេះ ដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់ចិន កើនឡើងក្នុងអត្រាដល់ទៅ ៦% ពេញមួយឆ្នាំ។ បើទោះបីជា ត្រីំមាសទី២ ល្បឿនមានការធ្លាក់ចុះ តែពេញមួយឆ្នាំនឹងមិនប៉ះពាល់ ឬធ្វើឱ្យចិនខាតបង់សេដ្ឋកិច្ចនោះឡើយ ព្រោះថាឆ្នាំ ២០២០ កន្លងទៅ មានតែចិននោះទេ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលមានការកើនឡើងទំហំសេដ្ឋកិច្ចបាន ២.៣% នាឆ្នាំ ២០២០ កន្លងទៅ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងៗទៀត បានធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន៕