ព្រឹទ្ធសភាអាមេរិក កំពុងពិចារណាលើកញ្ចប់ថវិការ ១ ទ្រីលានដុល្លារ ដើម្បីប្រើប្រាស់រៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ

វ៉ាស៊ីនតោន៖ គម្រោងរៀបចំ និងស្ដាហេដ្ឋារចនាសម្ព័ន្ធតូចធំជាច្រើនរបស់ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Joe Biden កំពុងស្ថិតក្នុងការពិនិត្យ ពិចារណា មុននឹងឈានដល់ការសម្រេចអានុម័ត ពីព្រឹទ្ធសភា ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

កញ្ចប់ថិវិការដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក៏នឹងត្រៀមក្លាយជាថវិការប្រវត្តិសាស្ត្ររបស់អាមេរិក ក្នុងការយកទៅប្រើប្រាស់រៀបចំហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃប្រទេស មានរហូតដល់ទៅ ១ ទ្រីលានដុល្លារ បានដល់ដៃព្រឹទ្ធសភាពហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ថវិការទាំងនោះ ប្រសិនបើទទួលបានការអនុម័តដោយជោគជ័យនោះ នឹងបើកសិទ្ធិឱ្យលោក Joe Biden ក្នុងការរៀបចំក៏សាងប្រទេសឡើងវិញ ពិសេសគឺរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅកាន់អនាគត។

ការសម្រេចនោះ នឹងត្រូវធ្វើឡើងអមជាមួយនឹងផែនការ ដែលបានរៀបចំរួចរាល់ មានរហូតដល់ទៅ ២,៧០០ ទំព័រ ដែលនិយាយអំពីការរៀបចំ ការក៏សាង ជួសជុល ទៅលើផ្នែកជាច្រើន រាប់បញ្ចូលទាំងសេវាអ៊ីនធឺណិតល្បឿនលឿន ដែលទាំងអស់នោះ នឹងបំរើផលប្រយោជន៍ជូនទៅដល់ពលរដ្ឋអាមេរិកទាំងអស់ ដោយប្រើថវិការ ១ ទ្រីលានដុល្លារ។ មិនតែប៉ុណ្ណោះ ថវិការនោះក៏នឹងបង្កើតទីផ្សារការងារជូនពលរដ្ឋបានកាន់តែច្រើន ថែមទាំងពុំចាំបាច់ឱ្យរដ្ឋាភិបាលបង្កើនការយកថ្លៃពន្ធដារផងដែរ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ថវិការនោះ នឹងជួយយ៉ាងច្រើនទៅដល់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុផែនដី តាមរយៈការវិនិយោគបន្ថែមទៅលើគម្រោងថាមពលបៃតង ដូចជាជម្រុញឱ្យប្រើប្រាស់យានជំនិះដំណើរការដោយថាមពលអគ្គិសនី កាត់បន្ថយការបំភាយឧស្ម័នពុលចេញពីស្ថានីយ៍ផលិតថាមពល ដោយជំនួសមកវិញនូវការប្រើប្រាស់ថាមពល ដែលអាចកកើតឡើងវិញបានជាអាទិ៍។

បើសិនជាថវិការនោះត្រូវបានអនុម័តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះរួចរាល់ អាមេរិក ក្រោមការដឹកនាំរបស់លោក Joe Biden នឹងមានលទ្ធភាពកាន់តែប្រសើរក្នុងការបន្តអភិវឌ្ឍគម្រោងស្ពាន ថ្នល់ តូចធំ ជាច្រើនដែលកំពុងមានតម្រូវការ ហើយក៏អាចជួសជុលទៅលើគម្រោងចាស់ៗ ពិសេសគឺឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុផែនដី ដែលជាបញ្ហាធំដែលត្រូវដោះស្រាយ៕